អានតួអត្ថបទ
កម្ពុជា

ធនាគារ ADB អនុម័ត​យុទ្ធសាស្ត្រ​ភាព​ជា​ដៃគូរយៈ​ពេល​៥ឆ្នាំ​ មាន​ទឹកប្រាក់​ជាង៨០០លាន​ដុល្លារ

នៅ​ថ្ងៃ​ចន្ទ ទី១ធ្នូ​នេះ ​ធនាគារអភិវឌ្ឍន៍អាស៊ី ADB បានអនុម័ត​លើ​យុទ្ធសាស្ត្រ​ភាពជា​ដៃ​គូ​សម្រាប់​ប្រទេស​កម្ពុជា CPS សម្រាប់​ឆ្នាំ២០១៤ ដល់​ឆ្នាំ២០១។ ផែនការ​វិនិយោគ​របស់ ADB ដែល​គ្រប​ដណ្តប់​លើ​រយៈពេល ៥ ឆ្នាំនេះ មាន​ទឹកប្រាក់​ប្រមាណ​ជាង ៨០០ លាន​ដុល្លារ ក្នុង​ទម្រង់​ជា​ហិរញ្ញប្បទាន​សម្បទាន។

សន្និសីទកាសែត ដោយ លោក Eric Sidgwick នាយក ADB ប្រចាំប្រទេសកម្ពុជា
សន្និសីទកាសែត ដោយ លោក Eric Sidgwick នាយក ADB ប្រចាំប្រទេសកម្ពុជា RFI/Ly Menghour
ផ្សាយពាណិជ្ជកម្ម

ធនាគារអភិវឌ្ឍន៍អាស៊ី ADB បាន​ប្រកាស​ថា យុទ្ធសាស្ត្រ​ភាព​ជា​ដៃ​គូ​ថ្មី សម្រាប់​ប្រទេស​កម្ពុជា ត្រូវបាន​រៀបចំ​ឡើង ផ្អែក​ទៅ​តាម​យុទ្ធសាស្ត្រ​ចតុកោណ​របស់​រាជរដ្ឋាភិបាល ដើម្បី​កំណើន​ការងារ សមធម៌ និង​ប្រសិទ្ធភាព ដំណាក់កាល​ទី៣ និង​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ ឆ្នាំ២០១៤ ដល់​ឆ្នាំ២០១។ 

តាម​សេចក្តី​ប្រកាស យុទ្ធសាស្ត្រ​រយៈពេល ៥ ឆ្នាំនេះ ឆ្លុះ​បញ្ចាំង​ពី​កិច្ច​ពិគ្រោះ​យោបល់​យ៉ាង​ទូលំ​ទូលាយ​ជាមួយនឹង​អ្នក​ពាក់​ព័ន្ធ​ជា​ច្រើន ដូច​ជា មន្ត្រី​រដ្ឋាភិបាល​នៅ​ថ្នាក់​ជាតិ និង​ថ្នាក់​ក្រោម​​ជាតិ ព្រម​ទាំង​តំណាង​សង្គម​ស៊ីវិល លើ​វិស័យ​ឯកជន ដៃគូ​អភិវឌ្ឍន៍ និង​ស្ថាប័ន​សិក្សា​ស្រាវជ្រាវ​នានា។

ក្នុង​សន្និសីទ​កាសែត នៅ​ព្រឹក​ថ្ងៃចន្ទ​នេះ លោក Eric Sidgwick នាយក ADB ប្រចាំ​ប្រទេស​កម្ពុជា បាន​មាន​ប្រសាសន៍​ថា “យុទ្ធសាស្ត្រ​ភាព​ជា​ដៃគូ​ថ្មី សម្រាប់​ប្រទេស​កម្ពុជា​នេះ គឺជា​ការ​បញ្ជាក់​ពី​ការ​ប្តេជ្ញាចិត្ត​របស់ ADB ចំពោះ​គោលដៅ​អភិវឌ្ឍន៍​របស់​ប្រទេស ដែល​ចង់​បាន​នូវ​កំណើន​ខ្ពស់​ប្រកប​ដោយ​និរន្តរភាព ការ​ធ្វើ​ពិពិធកម្ម​សេដ្ឋកិច្ច និង​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ។

លោក Eric Sidgwick បន្តថា យុទ្ធសាស្ត្រ​ភាព​ជា​ដៃគូ​នេះ មាន​សសរស្តម្ភ​ជា​យុទ្ធសាស្ត្រ​ចំនួន ៣ សម្រាប់​ឲ្យ ADB ផ្តល់​ការ​គាំទ្រ​ដល់​ការ​អភិវឌ្ឍ​នៅ​ក្នុង​តំបន់​មួយ​ចំនួន ក្នុង​ប្រទេស​កម្ពុជា ដែល​មាន​ប្រជាពលរដ្ឋ​ក្រីក្រ និង​ងាយ​រងគ្រោះ​រស់​នៅ​ច្រើន​ជាង​គេ។ សសរស្តម្ភ​ជា​យុទ្ធសាស្ត្រ​ទាំង ៣ នោះ រួម​មាន៖

ទី១-​ការ​តភ្ជាប់​យ៉ាង​ស៊ី​ជម្រៅ រវាង​តំបន់​ជនបទ និង​តំបន់​ប្រជុំជន ហើយ​បន្ត​ទៅ​ដល់​កម្រិត​តំបន់
ទី២-ការអភិវឌ្ឍ​ធនធានមនុស្ស និង​សង្គម
និង​ទី៣-ការកែលំអ​ការគ្រប់គ្រង​វិស័យ​សាធារណៈ។

សេចក្តី​ប្រកាស លើក​ឡើង​ថា ADB នឹង​ផ្តល់​ការ​គាំទ្រ​ជា​ពិសេស​ដល់​ការ​បង្កើន​ផលិត​ភាព និង​ការ​ធ្វើ​ពាណិជ្ជកម្ម​ភាវូបនីយកម្ម កសិកម្ម ការកសាង​ហេដ្ឋាន​រចនា​សម្ព័ន្ធ​ជនបទ និង​ប្រជុំ​ជន ការ​លើក​កម្ពស់​ការ​គ្រប់គ្រង​ធនធាន​ធម្មជាតិ ដូចជា ការកសាង​ភាព​ធន់​ទៅ​នឹង​ផល​ប៉ះពាល់​​អវិជ្ជមាន​នៃ​ការ​ប្រែប្រួល​អាកាស​ធាតុ និង​ការ​គាំទ្រ​ដល់​ការ​សម្រួល​ពាណិជ្ជកម្ម និង​ការ​ដឹក​ជញ្ជូន។ សកម្មភាព​ដទៃ​ទៀត រួម​មាន ការ​កែ​លម្អ​ការ​អប់រំ​កម្រិត​មធ្យម​សិក្សា និង​ការ​អភិវឌ្ឍ​ជំនាញ​ឲ្យ​ចំ​គោលដៅ ជា​ពិសេស សម្រាប់​ប្រជាពលរដ្ឋ​ក្រីក្រ តាមរយៈ​ការ​អប់រំ​បណ្តុះ​បណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ ស្រប​តាម​តម្រូវ​ការ​ទីផ្សារ។

ADB ក៏បាន​គូស​បញ្ជាក់​ថា យុទ្ធសាស្ត្រ​ភាពជា​ដៃ​គូ​ថ្មី សម្រាប់​ប្រទេស​កម្ពុជា រយៈពេល ៥ ឆ្នាំនេះ ក៏មាន​ដាក់​ចេញ​នូវ​ជំហាន ដើម្បី​ធ្វើ​ឲ្យ​បរិយាកាស​សម្រាប់​ភាពជា​ដៃគូ​រវាង​វិស័យ​សាធារណៈ និង​វិស័យ​ឯកជន និង​ការ​អភិវឌ្ឍ​វិស័យ​ឯកជន កាន់​តែ​មាន​ភាព​ល្អ​ប្រសើរ​ជាង​មុន ក៏​ដូច​ជា បន្ត​ផ្តល់​ការ​គាំទ្រ​ដល់​ការ​អភិវឌ្ឍ​វិស័យ​ហិរញ្ញវត្ថុ ដូចជា ដើម្បី​បង្កើន​លទ្ធភាព​ទទួលបាន​ឥណទាន​តាម​តំបន់​ជនបទ និង​បង្កើត​ការងារ​ឲ្យ​បាន​កាន់​តែ​ច្រើន និង​ល្អ​ប្រសើរ​ជាង​មុន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ