អានតួអត្ថបទ
កម្ពុជា-នយោបាយ

តុ​លា​ការ​ក្រុង​ភ្នំ​ពេញ​បដិ​សេធ​សំណើ​ទម្លាក់​បទ​ចោទ​លើ​លោក​ កឹម​ សុខា ​ជា​លើក​ទី​៤​

តុលា​ការ​​ក្រុង​ភ្នំ​ពេញ​​បាន​​បដិ​​​សេ​​ធ​​ជា​​លើក​​ទី​​៤​​ ចំ​ពោះ​​សំណើ​​សុំ​​ឲ្យ​​ទម្លាក់​​ចោល​​​បទ​​ចោទ​​​ប្រ​ឆាំង​​នឹង​​​លោក​ កឹម​ សុខា​ ខណៈ​​លោក​​​នាយក​​រដ្ឋ​មន្រ្តី​ ហ៊ុន ​សែន​ បាន​ព្រ​មាន​ដោយ​​ប្រ​យោល​ថា​​​នឹង​​មិន​ដោះលែង​​អតីត​​ប្រធាន​គណ​បក្ស​ប្រឆាំង​រូប​នេះទេ​ ។​ ការ​​បដិ​សេធ​​ ធ្វើ​ឡើងក្រោយ​​ពេល​​ក្រុម​​មេធាវី​​ការ​ពារ​​​ក្តី​លោក​ កឹម​ សុខា ​បាន​​ដាក់​​ពាក្យ​​ស្នើ​​សុំ​​ជា​ថ្មី​ម្តង​ទៀត​ ​កាល​​ពី​​ថ្ងៃ​ទី​​ ១៤ ​ខែ ​មីនា ដោយសារ​តែ​​ការ​​ពន្យា​ឃុំខ្លួន​លោក ​កឹម​ សុខា ​លើក​២បាន​ផុត​កំណត់​។​ 

លោក កឹម សុខា ពេល មក ដល់ គេហដ្ឋាន របស់ លោកកាលពីខែកញ្ញា
លោក កឹម សុខា ពេល មក ដល់ គេហដ្ឋាន របស់ លោកកាលពីខែកញ្ញា @Chan Chen's Facebook
ផ្សាយពាណិជ្ជកម្ម

សំណុំរឿង លោក កឹម សុខា ត្រូវបានអ្នកវិភាគ និងមេធាវីការពារ​ក្តី​ លើក​ឡើងជា​បន្តបន្ទាប់ថា ជារឿង​នយោបាយ។ រឿងនយោបាយ ដែលលោក ផែង ហេង ជាសហមេធាវីការពារក្តី លោក កឹម សុខា បានលើកជាយោបល់ថា​«នៅប្រទេស​អភិវឌ្ឍន៍(សហរដ្ឋអាមេរិក) រឿងក្តីនយោបាយ តុលា​ការ​បដិសេធមិន​ទទួល​យក​មក​ជំនុំជម្រះទេ ហើយបង្វិលឱ្យមកដោះស្រាយតាមនយោបាយវិញ កាលណា​តុលាការ​រកឃើញថាការចោទប្រកាន់មានលក្ខណៈនយោបាយ»។

បើតាមមេធាវីរូបនេះ កម្ពុជា​គួរ​ស្វែង​យល់​អំពី​បទ​ពិសោធន៍​ទាំង​នេះ ហើយ​លោក​យល់​ថា​នេះ​ក៏​ជាដំណោះ​ស្រាយ​ស្មើ​មុខ​ស្មើ​មាត់​រវាង​គ្នា​នឹង​គ្នា​ផងដែរ។

ការ​លើក​ជាយោបល់​បែបនេះ​របស់មេធាវី​ការពារ​ក្តី​របស់​លោក កឹម សុខា គឺបន្ទាប់ពី​ទទួល​បាន​ដីកា​សម្រេច​រប​ស់​ចៅក្រម​ស៊ើប​សួរ​សាលាដំបូងរាជធានីភ្នំពេញកាល​ពី​ថ្ងៃ​ចន្ទ ដោយ​​ចៅក្រម​បាន​សម្រេ​ច​​បដិសេធ​ ការ​ស្នើ​សុំទម្លាក់ចោល​បទ​ចោទ​ ប្រឆាំងនឹង​លោក កឹម សុខា។ លោក កឹម សុខា ដែលត្រូវបាន​តុលាការ​ចោទ​ប្រកាន់ពីបទ«សន្ទិ​ដ្ឋភាព​ជាមួយ​​បរទេស»ឬក្បត់​ជាតិ ក្នុង​គម្រោង​ផ្តួល​រំលំ​រដ្ឋាភិបាល​​ដែល​ដឹកនាំ​ដោយ​លោក​នាយក​រដ្ឋមន្រ្តីហ៊ុន សែន។

ការបដិសេធរបស់តុលាការនេះ គឺស្របពេល​ដែល​លោក​ ហ៊ុន សែន បានព្រមាន​ដោយ​ប្រយោល​ថាមិន​ដោះ​លែង ឬ​លើក​លែង​ការ​ចោទ​ប្រកាន់​លើ​មេដឹក​អតីត​បក្ស​ប្រឆាំងនេះទេ ដោយអះអាងថា លោក កឹម សុខា បាន​រារាំង​​សមាជិក​របស់​អតីត​គណបក្ស​សង្រ្គោះជាតិ​មិន​ឲ្យ​សុំសិទ្ធិ​ធ្វើ​នយោបាយ​ឡើង​វិញ​។​ តែមេធាវី​លោក កឹម សុខា បាន​បញ្ជាក់ថា​កូនក្តី​របស់​ខ្លួន​មិន​បាន​រារាំង​ឬ​ក៏​ជំរុញ​ឲ្យទៅ​សុំ​សិទ្ធិ​នយោបាយឡើយ។

បើតាមមេធាវី​ការ​​ពារ​ក្តី​លោក កឹម សុខា​ នេះ​ជា​លើក​ទី​៤​ ហើយដែល​ក្រុម​មេធាវី​ការពារ​ក្តី​​បាន​ដាក់​​ពាក្យ​ស្នើ​សុំ​លើក​លែង​ប​ទ​ចោទ​​ ​ដោយ​សារ​តែ​រឿង​ក្តី​នេះ​ ត្រូវ​បាន​តុលាការ​ ប្រើ​រយៈពេល​ជិត២ ឆ្នាំ នៅមិនទាន់​កំណត់​ពេល​សវនាការ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ