សភាអាស៊ានសម្រាប់សិទ្ធិមនុស្ស ចាត់ទុកការបោះឆ្នោតព្រឹទ្ធសភានៅកម្ពុជាខាងមុខ ថាមិនស្របច្បាប់
សភាអាស៊ានសម្រាប់សិទ្ធិមនុស្ស (APHR) បានលើកឡើងថា ការបោះឆ្នោតព្រឹទ្ធសភា នៅកម្ពុជា ចុងសប្តាហ៍នេះ មិនអាចចាត់ទុកជាការប្រកួតប្រជែង តាមបែបលទ្ធិប្រជាធិបតេយ្យស្របច្បាប់នោះទេ ដោយសារតែមានការរំលាយអតីតគណបក្សសង្គ្រោះជាតិ និង ការបង្ក្រាបជាបន្តបន្ទាប់ កាលពីឆ្នាំមុន។ យ៉ាងណាក៏ដោយ លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្រ្តី ថារដ្ឋាភិបាលមិនខ្វល់ចំពោះសេចក្តីថ្លែងការណ៍នេះឡើយ និងថារដ្ឋាភិបាលកម្ពុជា តែងតែរក្សាបាននូវបរិយាកាស ដែលអនុញ្ញាតឲ្យប្រទេសកម្ពុជា អាចរៀបចំការបោះឆ្នោតបានដោយទៀងទាត់។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
សភាអាស៊ានសម្រាប់សិទ្ធិមនុស្ស (APHR) ដែលមានមូលដ្ឋាននៅទីក្រុងចាកាតា នៅថ្ងៃទី២៣ កុម្ភៈ បានចេញសេចក្តីថ្លែងការណ៍មួយ វាយតម្លៃថា ការបោះឆ្នោតព្រឹទ្ធសភាកម្ពុជា ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី ២៥ ខែកុម្ភៈ ខាងមុខនេះ គឺមិនដើរទៅតាមបរិបទនៃលទ្ធិប្រជាធិបតេយ្យ។ លោក Charles Santiago ប្រធានស្ថាប័នអន្តរជាតិមួយនេះ លើកឡើងទៀតថា ការបោះឆ្នោតនេះគឺជាការក្លែងបន្លំ។ ជាការក្លែងបន្លំ ក្រោមហេតុផលថា រដ្ឋាភិបាលកម្ពុជា បានធ្វើវិសោធនកម្មច្បាប់ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីពង្រឹងអំណាចរបស់ខ្លួន។
សេចក្តីថ្លែងការណ៍ដដែល បន្តលើកឡើងថា ការបោះឆ្នោតព្រឹទ្ធសភាដែលនឹងប្រព្រឹត្តិទៅចុងសប្តាហ៍នេះទៀតសោត ក៏មិនឆ្លុះបញ្ចាំងពីតំណាងឆន្ទៈពិតរបស់ប្រជាជនកម្ពុជានោះដែរ។ មិនតំណាងឆន្ទៈពិតរបស់ប្រជាជនកម្ពុជា ព្រោះថា អតីតគណបក្សសង្រ្គោះជាតិ ដែលទទួលបានសម្លេងគាំទ្រជិត ៤០% នៅក្នុងការបោះឆ្នោតឃុំសង្កាត់កាលពីឆ្នាំ២០១៧ ត្រូវបានរំលាយដោយតុលាការកំពូលកម្ពុជា និងមិនអាចចូលរួមប្រកួតប្រជែងការបោះឆ្នោតព្រឹទ្ធសភា នីតិកាលទី៤ នេះបានឡើយ។ សភាអាស៊ានសម្រាប់សិទ្ធិមនុស្ស អះអាងថា ប្រាកដណាស់ អាសនៈរបស់ព្រឹទ្ធសភា ស្ទើរតែទាំងអស់នឹងធ្លាក់ទៅលើកណ្តាប់ដៃរបស់បក្សកាន់អំណាច។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្រ្តី បានច្រានចោលនូវសេចក្តីថ្លែងការណ៍នេះ និងអះអាងថា កម្ពុជាកំពុងដើរលើផ្លូវប្រជាធិបតេយ្យត្រឹមត្រូវ និងការរៀបចំការបោះឆ្នោត ប្រកបដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌។ ជាពិសេស គឺការធានាបាននូវការបោះឆ្នោត ដោយមានការចូលរួមប្រកួតប្រជែងដោយគណបក្សជាច្រើន និងការរៀបចំការបោះឆ្នោត ជាទៀងទាត់ ដែលអនុញ្ញាតឲ្យពលរដ្ឋបោះឆ្នោតជូនគណបក្សដែលខ្លួនពេញចិត្ត។
សូមបញ្ជាក់ថា សមាជិកព្រឹទ្ធសភា នីតិកាលទី៤នេះ មានចំនួន៦២រូប ដែលសមាជិកព្រឹទ្ធសភាចំនួន២រូប ត្រូវតែងតាំងដោយព្រះមហាក្សត្រ និង២រូបទៀត ត្រូវជ្រើសតាំង ដោយរដ្ឋសភា។ ចំណែកសមាជិកព្រឹទ្ធសភាចំនួន៥៨រូបទៀត នឹងត្រូវជ្រើសតាមការបោះឆ្នោតជាអសកល ដោយសមាសភាពក្រុមប្រឹក្សាឃុំ សង្កាត់។ ព្រះមហាក្សត្រកម្ពុជាកាលពីថ្ងៃទី១៩ ខែកុម្ភៈ បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំងសមាជិកព្រឹទ្ធសភា២រូបសម្រាប់នីតិកាលទី៤ គឺ សម្តេចរាជបុត្រីព្រះអនុជ នរោត្តម អរណុរស្មី និងលោកស្រី អ៊ុំ សូម៉ានីន ត្រូវបានតែងតាំងជាសមាជិកព្រឹទ្ធសភា ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ