អានតួអត្ថបទ
បូកសរុប​ប្រចាំឆ្នាំ

ឆ្នាំ២០១១៖ ពិភពលោក​រង​រញ្ជួយ​ដោយ​បដិវត្តន៍​អារ៉ាប់ និង​វិបត្តិ​ប្រាក់​បំណុល​អឺរ៉ុប

ឆ្នាំ​២០១០​កន្លងទៅ​បាន​កត់សំគាល់​ដោយ​គ្រោះទឹកជំនន់​នៅប៉ាគីស្ថាន និង​គ្រោះរញ្ជួយដី​នៅ​ប្រទេស​ហៃទី ដែល​សម្លាប់​មនុស្ស​ជាង​ពីរសែននាក់។ ឆ្នាំ​២០១១វិញ កត់សំគាល់​ដោយ​គ្រោះធម្មជាតិ​ គ្រោះនុយក្លេអ៊ែរ ​នៅប្រទេស​ជប៉ុន សម្លាប់មនុស្ស បដិវត្តន៍​នៅប្រទេស​អារ៉ាប់ និង​វិបត្តិប្រាក់បំណុល​ដែល​កំពុង​រួបរឹត​ប្រទេស​នៅអឺរ៉ុប។

ផ្សាយពាណិជ្ជកម្ម

បដិវត្តន៍អារ៉ាប់

ឆ្នាំ ២០១១ បើកទំព័រ​របស់ខ្លួន​ជាមួយ​ការងើបបះបោរ​របស់​ប្រជាជននៅ​ប្រទេសអារ៉ាប់។ ហេតុការណ៍​មិនព្រាងទុក​ដែល​បាន​ធ្វើ​ឲ្យ​ថ្នាក់ដឹកនាំ​របស់​ប្រទេស​ផ្តាច់ការ​មួយ​ចំនួន​ត្រូវ​ខ្ទាត​ចេញពី​អំណាច។ បដិវត្តន៍​ប្រជាជន​នៅប្រទេស​ទុយនីស៊ី អេហ្ស៊ីប លីប៊ី និង​យេម៉ែន​បាន​ធ្វើ​ឲ្យ​ភូមិសាស្រ្ត​នយោបាយ​របស់​ប្រទេស​លោកខាងលិច នៅ​តំបន់​ដើមបូព៌ា​ដូរ​ក្រឡាប់ចាក់។

បដិវត្តន៍​ប្រជាជន​អារ៉ាប់ ចាប់ផ្តើម​ផ្ទុះចេញ​ពី​ប្រទេស​ទុយនីស៊ី ជាទី​ដែល​យុវជន​លក់បន្លែ​ម្នាក់​ដុត​សម្លាប់ខ្លួន ដោយសារ​តែរងគ្រោះ​ដោយ​អំពើអយុត្តិធម៌​ពី​អាជ្ញាធរ។ ហេតុការណ៍​នេះ​បាន​ជំរុញ​ឲ្យ​ប្រជាជន​ទុយនីស៊ី ប្រើ​ប្រព័ន្ធ​បណ្តាញសង្គម Facebook ​ប្រមូល​គ្នា ចុះដើរ​តាមថ្នល់ ដើម្បី​តវ៉ា​ប្រឆាំង​អំពើអយុត្តិធម៌ និង​ពុករលួយ​របស់​រដ្ឋាភិបាល។ ការប្រមូលផ្តុំ​ភ្លូកទឹក ភ្លូកដី របស់​ប្រជាជន ប្រមាណ​តែ​មួយខែ បាន​ធ្វើ​ឲ្យ​ប្រធានាធិបតី​បិន អាលី ដែល​កាន់អំណាច​តែម្នាក់ឯង ក្នុង​រយៈពេល ២៣ឆ្នាំ រត់ភៀសខ្លួន ទៅប្រទេស​អារ៉ាប៊ី សាអ៊ូឌីត។ គាត់ត្រូវ​តុលាការ​កាត់ទោស​កំបាំង​មុខ​ឲ្យជាប់គុក ៦៦ឆ្នាំ។

ជ័យជំនះ​របស់​ប្រជាជន​ទុយនីស៊ី បាន​ធ្វើ​ឲ្យ​ប្រជាជន​ជិតខាងផ្សេងទៀត មាន​ទឹកចិត្ត​ចេញធ្វើ​បាតុកម្ម​តាមផ្លូវ​ប្រឆាំង​រដ្ឋាភិបាល។ នៅអេហ្ស៊ីប សេចក្តីកា្លហាន និង​តស៊ូ​​របស់​ប្រជាជន​ប្រឈម​នឹង​ការបង្រ្កាប​របស់​ទាហាន បាន​យកឈ្នះ​លើ​រដ្ឋាភិបាល។ មេដឹកនាំ​ផ្តាច់ការ​លោក​មូបារ៉ាក់​បាន​ចុះចេញ​ពីអំណាច ហើយ​បច្ចុប្បន្ន លោក​កំពុង​ត្រូវ​តុលាការ​បើកសវនាការ​កាត់ទោស​ពី​បទ​បញ្ជា​ឲ្យ​សម្លាប់​ក្រុមបាតុករ និង​ប្រព្រឹត្ត​អំពើពុករលួយ។ នៅប៉ារ៉ែន ម៉ារ៉ុក អាល់ហ្សេរី បាតុកម្ម​ប្រឆាំង​ថ្នាក់ដឹកនាំ​ចាប់ផ្តើមកើតមាន ប៉ុន្តែ ត្រូវ​បញ្ចប់​ទៅវិញ ដោយ​រដ្ឋាភិបាល​សុខចិត្ត​ធ្វើ​កំណែទម្រង់​បន្តិចបន្តួច។

នៅលីប៊ី​វិញ ការបង្រ្កាប​ខ្លាំង​របស់​របបផ្តាច់ការ​កាដាហ្វី​បាន​ធ្វើ​ឲ្យ​មាន​ចលនា​បះបោរ​ប្រឆាំង។ ជំនួយ​អន្តរាគមន៍​របស់​អង្គការ​អូតង់​ដែលវាយប្រហារ​បំផ្លាញ​ទីតាំង​យោធា​របស់​កាដាហ្វី​បាន​ធ្វើ​ឲ្យ​ក្រុមបះបោរ​វាយបក​បាន​ទីក្រុង និង​ផ្តួលរំលំ​រដ្ឋាភិបាល​កាដាហ្វី ដែល​កាន់អំណាច​លីប៊ី ជាង ៤០ឆ្នាំ​តែម្នាក់ឯង។ មេផ្តាច់ការ​កាដាហ្វី​មាន​វាសនាអាក្រក់ ដោយ​កាលពី​ខែតុលា​កន្លងទៅ ត្រូវ​គាត់ត្រូវ​ក្រុមបះបោរ​បាញ់សម្លាប់ ដូចខ្មោចឆ្កែ។

បដិវត្តន៍អារ៉ាប់បាន​រាលដាល​ចូល​ទៅប្រទេស​ស៊ីរី និង​យេម៉ែន ដែល​រហូតមកដល់​ពេលនេះ ប្រជាជន​ដែល​តវ៉ា​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ធ្វើកំណែទម្រង់​នយោបាយ នៅតែ​ត្រូវ​ទទួល​រងការបង្រ្កាប។ យោងតាម​អង្គការ​សហប្រជាជាតិ ប្រជាជន​ជាង ៥ពាន់​នាក់​បាន​ស្លាប់ នៅក្នុង​អំពើហិង្សា​បង្ក​ដោយ​ទាហាន​រដ្ឋាភិបាល​ស៊ីរី លោក​Bachar Al assad។

អំពើហិង្សា​នៅតែមាន ស៊ីរី និង​នៅយ៉េមែន។ ប្រធានាធិបតី​មិន​ព្រម​ចុះចេញ តាមការតវ៉ា​របស់​ក្រុមប្រឆាំង។ ជាមួយគ្នានេះ គេបារម្ភ​ពី​ការកើនឡើង​ឥទ្ធិពល​អំណាច​របស់​ពួកអ៊ីស្លាម​ជ្រុលនិយម ព្រោះថា បដិវត្តន៍អារ៉ាប់​បាន​ធ្វើ​ឲ្យ​ពួកអ៊ីស្លាម​ចូល​កាន់​អំណាច​កាន់តែច្រើន។

 
អនាគតលុយអឺរ៉ូ
ពិភពលោក​បច្ចុប្បន្ន​​កំពុង​រងរញ្ជួយ​ដោយ​វិបត្តិប្រាក់បំណុលអឺរ៉ុប។ វិបត្តិសេដ្ឋកិច្ច​​នៅក្រិក បាន​ឆ្លងឆ្នាំ ពីឆ្នាំ ២០១០ មក​ដល់ឆ្នាំនេះ និង​បាន​រីករាលដាល​ចូលដល់​ប្រទេស​អ៊ីតាលី អេស្ប៉ាញ។ វិបត្តិ​សេដ្ឋកិច្ច​បាន​ជំរុញ​ឲ្យ​មេដឹកនាំ​ប្រទេស​ចុះចេញ​ពីអំណាច​បន្តបន្ទាប់គ្នា​ដោយ​ចាប់ផ្តើម​ដោយ​នាយករដ្ឋមន្រ្តីក្រិក បន្ទាប់មក​លោក​Silvio Berlusconi នាយករដ្ឋមន្រ្តីអ៊ីតាលី។

វិបត្តិ​ប្រាក់បំណុល​ នៅកំពុង​ញាំញី​ប្រទេស​នៅអឺរ៉ុប និងអាមេរិក។ នយោបាយ​រឹតត្បិត​របស់​រដ្ឋាភិបាល ដើម្បី​កាត់បន្ថយ​ប្រាក់បំណុល​រដ្ឋ បាន​ធ្វើ​ឲ្យ​កំណើន​សេដ្ឋកិច្ច​ធ្លាក់ចុះ និងធ្វើ​ឲ្យ​ប្រជាជន​បាត់បង់​ការងារ។ ទីភ្នាក់ងារ​វាយតម្លៃ​ហានិភ័យ​បំណុល​ចេះ​តែ​ទម្លាក់​ចំណាត់ថ្នាក់​ប្រទេស​នៅអឺរ៉ុប ធ្វើ​ឲ្យ​អ្នកវិនិយោគ​បាត់បង់ទំនុកចិត្ត និង​លែង​ចង់​ដាក់​ទុន​វិនិយោគ នៅអឺរ៉ុប​តទៅទៀត។

អនាគត​លុយអឺរ៉ូ ដែល​ជា​រូបិយវត្ថុ​សំខាន់​ទ្រទ្រង់​សេដ្ឋកិច្ច​ប្រទេស​អឺរ៉ុប នៅតែ​មិនច្បាស់លាស់ នៅពេល​លុយអឺរ៉ូ​កាន់តែ​ធ្លាក់ចុះខ្លាំង នៅចុងឆ្នាំ​បើប្រៀបធៀប​នឹង​លុយដុល្លារ។ សេដ្ឋកិច្ច​អឺរ៉ុប និង​អាមេរិក​ជួប​បញ្ហា កំពុងទាញ​សេដ្ឋកិច្ច​ឲ្យ​ធ្លាក់ចុះ ព្រោះ​ប្រទេស​នៅអាស៊ី​ដូចជា​ចិន ពឹងផ្អែក​លើ​ការនាំចេញ​ទំនិញ​ទៅអាមេរិក និង​អឺរ៉ុប។ គេ​បារម្ភថា នៅឆ្នាំ ២០១២ វិបត្តិ​ប្រាក់បំណុល​នឹង​រាលដាល​ទៅជា​វិបត្តិសេដ្ឋកិច្ច​សកល ដូចកាលឆ្នាំ ២០០៨ម្តងទៀត។

គ្រោះធម្មជាតិ និង​គ្រោះថ្នាក់នុយក្លេអ៊ែរ

គ្រោះរញ្ជួយដី កាលពី​ខែ​មីនា នៅភាគខាងជើង​ជប៉ុន​បាន​សម្លាប់​មនុស្ស​ជាង ២សែននាក់។ គ្រោះថ្នាក់​រញ្ជួយដី​ដែល​បង្ក​ឲ្យ​រោងចក្រ​នុយក្លេអ៊ែរ​ផ្ទុះឆេះ​បាន​ធ្វើ​ឲ្យ​ប្រទេស​ជិតខាងជប៉ុន​ខ្លាចក្រែង​មាន​ការផ្ទុះនុយក្លេអ៊ែរ ដូចនៅ​Tchernobyle។ ក្រោយគ្រោះថ្នាក់ រដ្ឋាភិបាល​បាន​ប្រកាស​ផ្អាក និង​កាត់បន្ថយ​ចំនួន​រោងចក្រ​អគ្គិសនី ដើរដោយ​ថាមពលនុយក្លេអ៊ែរ។ វិធានការ​ស្រដៀង​នេះ កើតមានដែរ​នៅអាល្លឺម៉ង់ ចំណែក​ចិន​បាន​យល់ព្រម​ពិនិត្យ​ឡើងវិញ កម្មវិធី​នុយក្លេអ៊ែរ​របស់ខ្លួន។

ឆ្នាំនេះ កិច្ចប្រជុំ​ស្តីពីការប្រែប្រួល​អាកាសធាតុ បាន​បញ្ចប់ទៅ​ដោយ​គ្មាន​ផ្តល់លទ្ធផលអ្វី។ ប្រទេស​កាណាដា បាន​ដកខ្លួន​ចេញពី​សន្ធិសញ្ញា​ទីក្រុង​ក្យូតូ ព្រោះតែ​ប្រទេស​នេះ​មិន​ចង់​សន្យា​កាត់បន្ថយ​ឧស្ម័ន​កាបូនិក ដែល​ទើប​កំណត់​ឡើង​នៅក្នុង​សន្ធិសញ្ញា។ ការប្រែប្រួល​អាកាសធាតុ​ក៏អាច​ជា​ដើមហេតុ​បង្ក​ឲ្យ​មាន​គ្រោះធម្មជាតិ នៅហ្វីលីពីន និង​នៅប្រទេសថៃ។ ទឹកជំនន់ ទឹកភ្លៀងខ្លាំង​បាន​សម្លាប់​មនុស្ស​ជាង ៧០០​នាក់ នៅក្នុង​ប្រទេសថៃ និង​ជាង ១២០០​នាក់ នៅហ្វីលីពីន។

មរណភាព​របស់​មេភេរវជន និង​មេផ្តាច់ការ
ខែ ឧសភា​ឆ្នាំ​២០១១ អាមេរិក​បាន​អបអរ​ជ័យជំនះ​របស់ខ្លួន បន្ទាប់ពី​ទាហានពិសេស​​អាមេរិកាំង​បាន​ចូល​បាញ់សម្លាប់​អូសាម៉ា បិនឡាដិន មេបណ្តាញ​ភេរវកម្ម​​អាល់កៃដា នៅក្នុង​ប្រទេស​ប៉ាគីស្ថាន។ ប៉ុន្តែ ប្រតិបត្តិការ​របស់​អាមេរិកក្នុង​ទឹកដី​ប៉ាគីស្ថាន ដោយ​មិន​ប្រាប់​ដំណឹង​​មុន​​ដល់ម្ចាស់​ផ្ទះ  បាន​ធ្វើ​ឲ្យ​ទំនាក់ទំនង​វ៉ាស៊ីនតោន និង​អ៊ីស្លាម៉ាបាត​តានតឹង រហូត​ដល់​ប៉ាគីស្ថាន​គំរាម​លែង​ចង់សហការ​ជាមួយ​អាមេរិក ក្នុង​បេសកកម្ម​ប្រឆាំង​ពួកភេរវជន។

នៅកូរ៉េខាងជើង ប្រជាជន​យំសោកស្តាយ និង​ធ្វើ​បុណ្យ​សព​ដ៏ឳ​ឡារិក​ជូន​អគ្គមគ្គទេសក៍ គីម ជុងអ៊ីល​របស់ពួកគេ ដែល​បានទទួល​មរណភាព កាលពី​ពីរ​សប្តាហ៍​មុន។ កាលពី​ថ្ងៃម្សិលមិញ គីម ជុងអ៊ុន​ កូនប្រុស​លោក​គីម ជុងអ៊ីល ទើប​ត្រូវ​បាន​គណបក្ស​ប្រកាស​តែងតាំង ឲ្យ​ធ្វើ​ជា​អគ្គមគ្គទេសក៍​កូរ៉េខាងជើង​បន្ត​ពីឪពុក។ ស្នងតំណែង​ពីឪពុក គឺ​បន្ត​នយោបាយ​យោធា និង​នុយក្លេអ៊ែរ​របស់​ឪពុក។ លោក​គីម ជុងអ៊ីល រហូតមក​ត្រូវ​អាមេរិក ជប៉ុន និង​កូរ៉េខាងត្បូង​ចោទថា ជា​មេដឹក​នាំផ្តាច់ការ ប្រើកម្មវិធី​អាវុធ​​នុយក្លេអ៊ែរ​គំរាម​ពិភពលោក។

បច្ចេកវិទ្យា
នៅខែ​តុលា ឆ្នាំ ២០១១ លោក​Steve Jobs ស្ថាបនិក​របស់​ក្រុមហ៊ុន​Apple បាន​ស្លាប់ដោយ​រោគ​មហារីក។ ពិភពលោកដែល​មាន​តាំង​ពី​ប្រធានាធិបតី​អាមេរិក​លោក​បារ៉ាក់​អូបាម៉ា​បាន​​ចូលរួម​សោកស្តាយ​មរណភាពរបស់​លោក​ Steve Jobs ដែល​គេ​ចាត់ទុក​ជា​បុគ្គលម្នាក់​ប្រកប​ទៅ​ដោយ​ចក្ខុនិមិត្ត ជ្រៅជ្រះ និង​ពូកែខាង​បង្កើត​បច្ចេកវិជ្ជា​ឈានមុខ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ