អានតួអត្ថបទ
ចិន

លោកលី ខឺជំាង៖សេដ្ឋកិច្ច​ចិន​កំពុង​ឆ្លងកាត់​អន្តរកាល​លំបាក តែ​គ្មាន​គំរាម​កំណើន​សេដ្ឋកិច្ច​ពិភពលោក​ទេ

នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី១០ កញ្ញា​នេះ លោក​នាយករដ្ឋមន្រ្តី​ចិន​លី ខឺជំាង​បាន​ប្រកាស​ថា ប្រទេស​ចិន​បាន​និង​កំពុង​ប្រឈម​មុខ​នឹង​ដំណើរការ​ផ្លាស់ប្តូរ​ដ៏​យ៉ាប់យឺន និង​ដ៏​លំបាក​មួយ​ស្តីពី​ម៉ូដែល​សេដ្ឋកិច្ច​ចិន។ តែ​ទោះ​ជា​យ៉ាង​នេះ​ក្តី លោក​ប្រមុខ​រដ្ឋាភិបាល​ចិន​បាន​ប្រាប់​ពិភពលោក​កុំ​ឲ្យ​បារម្ភ​ដោយ​ធានា​ថា ចិន​មាន​លទ្ធភាព និង​សមត្ថភាព​គ្រប់គ្រាន់​ដើម្បី​​ទប់ស្កាត់​ការ​ដួល​រលំ​សេដ្ឋកិច្ច​របស់​ខ្លួន និង​ថា ដំណើរដង្ហក់​របស់​សេដ្ឋកិច្ច​ចិន​ពេល​នេះ​ក៏​នឹង​មិន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កំណើន​សេដ្ឋកិច្ច​ពិភពលោក​ដែរ។ ការ​ប្រកាស​របស់​លោក​លី ខឺជំាង​បាន​ធ្វើ​ឡើង​នៅ​ក្នុង​អង្គ Forum សេដ្ឋកិច្ច​ពិភពលោក​រៀបចំ​នៅ​ក្នុង​ទីក្រុង​តាលៀន​ស្ថិត​ប៉ែក​ខាង​ជើង​ប្រទេស​ចិន។

លោក​នាយករដ្ឋមន្រ្តី​ចិន​លី ខឺជំាង
លោក​នាយករដ្ឋមន្រ្តី​ចិន​លី ខឺជំាង Reuters
ផ្សាយពាណិជ្ជកម្ម

អន្តរាគមន៍​របស់​លោក​នាយករដ្ឋមន្រ្តី​ចិន​លី ខឺជំាង​ថ្ងៃ​នេះ​បាន​ធ្វើ​ឡើង បន្ទាប់​ពី​ទីផ្សារ​ភាគហ៊ុន​ក្នុង​លោក​បាន​ស្គាល់​ភាព​ច្របូកច្របល់​យ៉ាង​ខ្លំាង​នៅ​ក្នុង​ខែ​សីហា​កន្លង​ទៅ មុន​នឹង​ស្គាល់​ស្ថិរភាព​ឡើង​វិញ​នៅ​ពេល​នេះ។ ភាព​ច្របូកច្របល់​ក៏​ដោយសារ​តែ​គេ​បារម្ភ​ពី​ស្ថានភាព​សុខភាព​សេដ្ឋកិច្ច​របស់​ចិន​មិន​សូវ​ល្អ។ អ្វី​ដែល​ពិភពលោក​បាន​បារម្ភ​ខ្លំាង​នោះ គឺ​ខា្លច​តែ​ចិន​មាន​សេដ្ឋកិច្ច​ដើរ​ថយ​ក្រោយ ហើយ​រដ្ឋាភិបាល​គ្មាន​មធ្យោបាយ​ក្នុង​ការ​ទប់ស្កាត់។ ចូរ​កុំ​ភ្លេច​ថា សេដ្ឋកិច្ច​ធ្លាក់​ចុះ​នៅ​ក្នុង​ប្រទេស​ណា​មិន​ដឹង​ទេ តែ​បើ​នៅ​​ចិន​ពិត​ជា​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​ពិភពលោក​រង្គោះរង្គើ​ដោយ​ចៀស​មិន​រួច។

ក៏​ប៉ុន្តែ លោក​លី ខឺជំាង​បាន​អះអាង​នៅ​ថ្ងៃ​នេះ​ថា ចិន​បាន​យល់​យ៉ាង​ច្បាស់​អំពី​ស្ថានភាព​សុខភាព​សេដ្ឋកិច្ច​របស់​ខ្លួន និង​ថា ចិន​មិន​មាន​អ្វី​ភ្ញាក់ផ្អើល​ចំពោះ​បញ្ហា​ដែល​បាន​កើត​មាន​ឡើង​នា​ពេល​ថ្មីៗ​នេះ​ទេ ព្រោះ​វា​ជា​រឿង​មួយ​ដែល​ចិន​បាន​រង់ចំា និង​ដែល​ចិន​ដឹង​ថា មាន​រយៈពេល​ខ្លី។ មួយ​វិញ​ទៀត លោក​ប្រមុខ​រដ្ឋាភិបាល​ចិន​ថែម​ទំាង​ប្រកាស​ធានា​ថា បើ​សេដ្ឋកិច្ច​ចិន​ធ្លាក់​ចុះ​មែន ចិន​មាន​លទ្ធភាព និង​សមត្ថភាព​គ្រប់គ្រាន់​ក្នុង​ការ​ទប់ស្កាត់ និង​ស្រោចស្រង់។ ទន្ទឹម​គ្នា​នេះ លោក​លី ខឺជំាង​ក៏​បាន​បញ្ជាក់​ច្បាស់ៗ​ថា ចិន​មិនមែន​ជា​ប្រភព​គ្រោះថ្នាក់​ចំពោះ​សេដ្ឋកិច្ច​ពិភពលោក​ទេ និង​ថា គឺ​សេដ្ឋកិច្ច​ពិភពលោក​ទៅ​វិញ​ទេ​ដែល​ជា​ប្រភព​គ្រោះថ្នាក់​ចំពោះ​កំណើន​សេដ្ឋកិច្ច​ចិន។

គួរ​រម្លឹក​ជូន​ថា ចិន​បាន​ស្គាល់​អត្រា​កំណើន​សេដ្ឋកិច្ច ៧,៣% ក្នុង​ឆ្នំា ២០១៤ និង​អាច​ធ្លាក់​ចុះ​មក​នៅ ៧% ក្នុង​ឆ្នំា ២០១៥ នេះ។ គឺ​ជា​អត្រា​មួយ​ដ៏​ទាប​ដែល​ចិន​មិន​ធ្លាប់​ស្គាល់​ទេ គិត​តំាង​ពី ២៥ឆ្នំា​កន្លង​ទៅ។ ការ​ធ្លាក់​ចុះ​ត្រូវ​បាន​ចិន​អះអាង​ថា មក​ពី​តម្រូវការ​ទីផ្សារ​ពិភពលោក​ធ្លាក់​ចុះ​ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​វិស័យ​នំា​ចេញ​របស់​ចិន​ថយ​ចុះ។

ចិន​កំពុង​បន្ត​អនុវត្តន៍​នយោបាយ​សេដ្ឋកិច្ច​ខ្លួន​ទីពឹង​ខ្លួន

លោក​នាយករដ្ឋមន្រ្តី​ចិន​លី ខឺជំាង​បាន​ប្រាប់​ឲ្យ​ដឹង​ថា លោក​មិន​ភ្ញាក់ផ្អើល​ចំពោះ​កំណើន​សេដ្ឋកិច្ច​ចិន​ធ្លាក់​ចុះ​នៅ​ពេល​នេះ​ទេ និង​ថា ជា​រឿង​ដែល​ចិន​បាន​រង់ចំា។ ការ​ហ៊ាន​អះអាង​ដូច​នេះ​មក​ពី​លោក​សំអាង​លើ​កត្តា​ជា​ចម្បង និង​ជា​មូលដ្ឋាន​មួយ នោះ​គឺ​ការ​ដែល​រដ្ឋាភិបាល​របស់​លោក​បាន និង​កំពុង​បន្ត​អនុវត្តន៍​កំណែទម្រង់​សេដ្ឋកិច្ច។ កំណែទម្រង់​សេដ្ឋកិច្ច​ដែល​ចិន​បាន​កំពុង​ធ្វើ​ការ​កែប្រែ​ពី​ម៉ូដែល​កំណើន​សេដ្ឋកិច្ច​ដែល​ធ្លាប់​តែ​ពឹង​ផ្អែក​លើ​វិស័យ​ឧស្សាហកម្ម​ធុនធ្ងន់ ការ​ធ្វើ​វិនិយោគ​លើ​ហេដ្ឋា​រចនាសម្ព័ន្ធ និង​ការនាំចេញ​ទៅ​ជា​ម៉ូដែល​កំណើន​សេដ្ឋកិច្ច​ថ្មី​ស្រឡាង​មួយ​ដែល​ពឹងផ្អែក​លើ​ការ​អភិវឌ្ឍន៍​សេវា និង​បង្កើន​តម្រូវការ​ទីផ្សារ​ក្នុង​ស្រុក តាមរយៈ​ការ​បង្កើន​ការ​ចំណាយ​របស់​ពលរដ្ឋ​ចិន។

អ្វី​ដែល​រដ្ឋាភិបាល​ចិន​ចង់​បាន គឺ​ប្តូរ​ពី​ការ​អភិវឌ្ឍន៍​​វិស័យ​ផលិតកម្ម​សម្រាប់​ការ​នាំ​ចេញ ដោយ​ផ្តោត​លើ​ការ​អភិវឌ្ឍន៍​​វិស័យ​សេវាកម្ម និង​ផលិតកម្ម​សម្រាប់​បំពេញ​តម្រូវការ​ទីផ្សារ​ក្នុង​ស្រុក​វិញ​ម្តង។ ចិន​បាន​យល់​ឃើញ​ថា ម៉ូដែល​សេដ្ឋកិច្ច​ខ្លួន​ទីពឹង​ខ្លួន​អាច​មាន​សក្តានុពល​ឋិតឋេរ និង​យូរ​អង្វែង​ជាង​ម៉ូដែល​សេដ្ឋកិច្ច​ពឹង​លើ​អ្នក​ដទៃ។ ដូច្នេះ​វា​ជា​រឿង​មួយ​ធម្មតា​ទេ​ដែល​ការ​ផ្លាស់ប្តូរ​ត្រូវ​តែ​ជួប​បញ្ហា និង​ការ​លំបាក នេះ​ជា​ការ​ទទួល​សារភាព​របស់​លោក​លី ខឺជំាង។ សម្រាប់​លោក​លី ខឺជំាង សម័យកាល​នៃ​ការ​ប្តូរ​ម៉ូដែល​សេដ្ឋកិច្ច​របស់​ចិន​សព្វថ្ងៃ គឺ​ជា​សម័យអន្តរកាល​មួយ​ដ៏​យ៉ាប់យឺន និង​លំបាក តែ​មាន​រយៈពេល​ខ្លី។

គួរ​ជម្រាប​ជូន​ថា រដ្ឋាភិបាល​ក្រុង​ប៉េកំាង​ធ្លាប់​បាន​រម្លឹក​ជា​ច្រើន​ដង​ហើយ​ថា ដើម្បី​អាច​បន្ត​រក្សា​ឈ្មោះ​ក្នុង​នាម​ជា​មហាអំណាច​សេដ្ឋកិច្ចទី២ ក្នុង​លោក និង​ចំ​ពេល​ដែល​ស្ថានភាព​សេដ្ឋកិច្ច​លើ​ពិភពលោក​មិន​ទៀងទាត់ ម្ង៉ៃកាត់ ម្ង៉ៃកោរ ចិន​គ្មាន​ជម្រើស​អ្វី​ផ្សេង​ក្រៅ​ពី​សុទ្ធចិត្ត​ធ្វើ​ពលិកម្ម​ខ្លួន​ឯង​ទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ