អានតួអត្ថបទ
ចិន-កាណាដា

ចិន និង​កាណាដា​​ដំឡើង​សំឡេង​ដាក់គ្នា នៅ​ក្រោយ​ចិន​កាត់ទោស​ប្រហារ​ជីវិត ពលរដ្ឋ​កាណាដា

ប្រទេស​ចិន​មិនពេញចិត្ត​ទេ នឹង​ការលើកឡើង​របស់​នាយករដ្ឋមន្រ្តី​កាណាដា ដែល​ថា ការសម្រេច​របស់​តុលាការ​ចិន ក្នុង​ការកាត់ទោស​ប្រហារ​ជីវិត​ទៅលើ​ជនជាតិ​កាណាដា ធ្វើឡើង ទៅតាមចិត្ត។ នេះ​បើ​តាម​ការលើក​ឡើង​របស់​ក្រសួង​ការបរទេស​ចិន នៅ​ថ្ងៃ​អង្គារ​នេះ។ នៅ​ថ្ងៃ​ចន្ទម្សិលមិញ នាយករដ្ឋមន្រ្តី​កាណាដា បាន​សំដែង​ការព្រួយបារម្ភ នៅក្រោយ តុលាការ​ចិន នៅ​ខេត្ត​លាវនីង​បាន​សម្រេច​កាត់ទោស​ប្រហារ​ជីវិត​បុរស​កាណាដា​ម្នាក់​ពី​បទ​ជួញដូរ​គ្រឿងញៀន។ 

រូបភាព​ថតបាន​ពីទូរទស្សន៍​ចិន​បង្ហាញ​ជនជាតិ​កាណាដា លោក Robert Lloyd Schellenbergដែល​ត្រូវ​តុលាការ​នៅ​ខេត្ត​លាវនីងប្រទេស​ចិន សម្រេច​កាត់ទោស​ប្រហារជីវិត កាលពី​ថ្ងៃចន្ទទី ១៤​មករា ២០១៩ ពីបទជួញដូរ​គ្រឿងញៀន
រូបភាព​ថតបាន​ពីទូរទស្សន៍​ចិន​បង្ហាញ​ជនជាតិ​កាណាដា លោក Robert Lloyd Schellenbergដែល​ត្រូវ​តុលាការ​នៅ​ខេត្ត​លាវនីងប្រទេស​ចិន សម្រេច​កាត់ទោស​ប្រហារជីវិត កាលពី​ថ្ងៃចន្ទទី ១៤​មករា ២០១៩ ពីបទជួញដូរ​គ្រឿងញៀន ©CCTV/Reuters
ផ្សាយពាណិជ្ជកម្ម

នៅ​ថ្ងៃ​ចន្ទ នៅក្រោយ​សាលក្រម​របស់​តុលាការ​ចិន សម្រេច​កាត់ទោស​ប្រហារជីវិត​ជនជាតិ​កាណាដា ម្នាក់ ដោយ​ចោទប្រកាន់​ពីបទជួញដូរ​គ្រឿងញៀន នាយករដ្ឋមន្រ្តី​កាណាដា លោក​Justin Trudeau បាន​មាន​ប្រសាសន៍ ថា វាជារឿង​គួរ​ឲ្យ​បារម្ភ​ខ្លាំងណាស់ ដែល​ប្រទេស​ចិន ចាប់ផ្តើម​សម្រេច​ចិត្ត​ឯង ក្នុង​ការអនុវត្ត​ទោស​ប្រហារ​ជីវិត ជាពិសេស ទៅលើ​ពលរដ្ឋ​កាណាដា។ សម្រាប់​ប្រមុខរដ្ឋាភិបាល​កាណាដា ករណី​កាត់ទោស​ប្រហារ​ជីវិត​ជនជាតិ​កាណាដា ដោយ​តុលាការ​ចិន ជា​កង្វល់​មួយ​ដ៏ធំ ដែល​កាណាដា​ត្រូវ​លើក​យក​ទៅ​ជជែក​ជាមួយ​សម្ព័ន្ធមិត្ត ជាពិសេស​ជាមួយភាគី​ចិនផ្ទាល់​តែម្តង។

ទីក្រុង​ប៉េកាំង​វិញ បាន​ប្រតិកម្ម​រិះគន់ និង​ចាត់ទុក​ការលើកឡើង​របស់​នាយករដ្ឋមន្រ្តី​កាណាដា ថា គ្មាន​ការទទួល​ខុសត្រូវ។ នៅក្នុង​ជំនួប​ជាមួយ​អ្នកកាសែត នៅថ្ងៃ​អង្គារ អ្នកនាំពាក្យ​របស់​​ក្រសួងការបរទេស​ចិន បានទាមទារ​ឲ្យ​​រដ្ឋាភិបាល​កាណាដា គោរព​ដែនអធិបតេយ្យភាព​របស់​ចិន និង​ត្រូវ​ស្ងៀមស្ងាត់ មិន​អត្ថាធិប្បាយ​អ្វី​ទាក់ទង​នឹង​ដំណើរការ​របស់​តុលាការ​ចិន​នោះ​ទេ។ មន្រ្តីនាំពាក្យ​ចិន បាន​ទាត់ចោល​ផង​ដែរ ការចោទប្រកាន់​របស់​អង្គការ​ការពារ​សិទ្ធិមនុស្ស​អន្តរជាតិ ដែល​ថា តុលាការ​ចិន សម្រេច​កាត់ទោស​ប្រហារ​ជីវិត​ជនជាតិ​កាណាដា កាលពី​ថ្ងៃ​ចន្ទ ដើម្បី ដាក់​សម្ពាធទៅ​​លើ​កាណាដា ឲ្យ​ដោះលែង លោកស្រី ម៉េង វ៉ាន់ចូវ កូនស្រី​របស់​ស្ថាបនិក​ក្រុមហ៊ុន​Huawei ដែល​អាជ្ញាធរ​កាណាដា បាន​ចាប់ខ្លួន កាលពី​ដើម​ខែ​ធ្នូ​កន្លងទៅ។

ចាប់ខ្លួន នៅ​ឆ្នាំ ២០១៤ Robert Lloyd Schellenberg ជនជាតិ​កាណាដា អាយុ​៣៦​ឆ្នាំ ធ្លាប់​ត្រូវ​បាន​តុលាការ​ចិន កាត់ទោស​ឲ្យ​ជាប់ពន្ធនាគារ​១៥​ឆ្នាំ កាលពី​ឆ្នាំ ២០១៨ ក្នុង​បទ​ប៉ុនប៉ង​ជួញដូរ​គ្រឿងញៀន ២២២គីឡូក្រាម​ទៅ​ប្រទេស​អូស្ត្រាលី។ ប៉ុន្តែ នៅ​ថ្ងៃ​ចន្ទ ទៅ​តាម​បណ្តឹង​ឧទ្ធរណ៍ តុលាការ​ជាន់ខ្ពស់​ចិន នៅ​ខេត្ត​លាវនីង ដែល​វាយតម្លៃ​ថា ទោស​កន្លង​មក មាន​លក្ខណៈ​ស្រាល ​បាន​សម្រេច​កាត់ទោស​ប្រហារ​ជីវិត Robert Lloyd ទៅវិញ។ តាមមេធាវី​ការពារ​ក្តី ​Robert Lloyd មាន​បំណង​​ប្តឹង​ជំទាស់​នឹង​ការសម្រេច​ប្រហារជីវិត។ សម្រាប់​មេធាវី​របស់​ជនជាប់ចោទ តុលាការ​ចិន​មិន​គួរ​បន្ថែម​ទោស​ធ្ងន់ នោះទេ ព្រោះថា ​រដ្ឋអាជ្ញា​គ្មាន​ភស្តុតាង​មក​បន្ថែម​នៅក្នុង​សវនការ​ កាលពី​​ថ្ងៃ​ចន្ទ​ឡើយ។ “ច្បាប់​ចិន​បាន​ចែងថា នៅក្នុង​បណ្តឹង​ឧទ្ធរណ៍ គេ​អាច​បន្ថែមទម្ងន់ទោស​ទៅលើ​ជនជាប់ចោទ ក្នុងករណី​ណា​ដែល​មាន​ភស្តុតាង​ថ្មី​បន្ថែម​តែប៉ុណ្ណោះ”។ នេះ​បើតាម​ការលើកឡើង​របស់​មេធាវី ជនជាប់ចោទ ទៅ កាន់​ទីភ្នាក់ងារ​ព័ត៌មាន​អង់គ្លេស Reuters។

អ្នកជំនាញ​ខាងផ្នែក​ច្បាប់​ចិន វិញ​បាន​លើកឡើង​ពី​ការបង្កើន​ល្បឿន​កាត់ទោស ប្រហារ​ជីវិត​ពលរដ្ឋ​កាណាដា ចាប់តាំង​ពី​កាណាដា​បាន​ចាប់ខ្លួន​កូនស្រី​របស់​ស្ថាបនិក​ក្រុមហ៊ុន​Huawei ទៅតាម​ការទាមទារ​របស់​តុលាការ​អាមេរិក។ សូមបញ្ជាក់ថា តុលាការ​ចិន​បាន​ចំណាយ​ពេល​ដល់​ទៅ ២ឆ្នាំ ដើម្បី​​កាត់ទោសRobert Lloyd ​ឲ្យ​ជាប់ពន្ធនាគារ១៥​ឆ្នាំ ​នៅ​ឆ្នាំ ២០១៨។

នៅ​ថ្ងៃ​ចន្ទ ក្រសួងការបទេស​កាណាដា បាន​អំពាវនាវ​ឲ្យ​ពលរដ្ឋ​របស់ខ្លួន​ប្រុងប្រយ័ត្ន ជាងមុន នៅ​ក្រោយ​តុលាការ​ចិន បាន​សម្រេច​កាត់ទោស​ប្រហារ​ជីវិត​ជនជាតិ​កាណាដា កាលពី​ថ្ងៃ​ចន្ទ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ