អានតួអត្ថបទ

ហ្វីលីពីន​ ៖ ​អាមេរិកជួយធ្វើ​ប្រតិបត្តិការយោធា​​រំដោះ​ក្រុង​ម៉ារ៉ាវី ពី​ពួកជីហាតស្និទ្ធ​នឹង​រដ្ឋ​អ៊ីស្លាម

ហ្វីលីពីន​របស់​លោក ឌុយទែរតេ មិន​ត្រូវ​ការ​អាមេរិក​ទេ ! ប៉ុន្តែ​នៅ​ពេល​នេះ ប្រឈម​នឹង​ការ​គំរាម​កំហែង​​ពី​សំណាក់​ពួក​អ៊ីស្លាម​ជ្រុល​និយម បាន​ស្នើ​សុំ​ជំនួយ​ពី​កង​កម្លាំង​ពិសេស​អាមេរិក​​ ដើម្បី​​រំដោះក្រុង​ម៉ារ៉ាវី ក្រុង​ភាគ​ខាង​ត្បូង​​ប្រទេស ដែល​ធ្លាក់​ក្នុង​កណ្តាប់​ដៃពួក​អ៊ីស្លាម​ជ្រុលនិយម​ស្និទ្ធ​នឹង​អង្គការ​រដ្ឋ​អ៊ីស្លាម។ នេះ​បើ​តាម​សេចក្តី​ប្រកាស​របស់​ស្ថានទូត​អាមេរិក និង​យោធា​ហ្វីលីពីន។

យន្តហោះ​ឈ្លប​ការណ៍​អាមេរិក ចេះ​ហោះ​ឆ្វែលលើ​កោះ​ម៉ារ៉ាវី ហ្វីលីពីន តាំង​ពី​ថ្ងៃ​សុក្រ​ទី ៩ មិថុនា​មក។
យន្តហោះ​ឈ្លប​ការណ៍​អាមេរិក ចេះ​ហោះ​ឆ្វែលលើ​កោះ​ម៉ារ៉ាវី ហ្វីលីពីន តាំង​ពី​ថ្ងៃ​សុក្រ​ទី ៩ មិថុនា​មក។ DR
ផ្សាយពាណិជ្ជកម្ម

កងទ័ព​អាមេរិកចូល​ជួយ​មែន ប៉ុន្តែ ជា​ជំនួយ​បច្ចេកទេស​តែប៉ុណ្ណោះ ! កងកម្លាំង​ទ័ព​ពិសេស​អាមេរិក មិន​ចូល​សមរភូមិ​ប្រយុទ្ធ​ទេ ! នេះ​បើ​តាម​ការ​គូស​បញ្ជាក់លម្អិត​របស់​យោធា​ហ្វីលីពីន នៅ​ក្នុង​សន្និសីទ​កាសែត។​

យន្តហោះ​ស៊ើបការណ៍​អាមេរិក P៣ Orion បាន​ចេញ​ហោះ​ឆ្វែល​លើ​ក្រុងម៉ារ៉ាវី ​តាំង​ពី​ល្ងាច​ថ្ងៃ​សុក្រ​មក។ ម៉ារ៉ាវី ក្រុង​ភាគ​ខាង​ត្បូង​ប្រទេស នៃ​កោះ​មីនដាណាវ បាន​ធ្លាក់​ក្នុង​កណ្តាប់​ដៃ​ពួក​យុទ្ធជន​ប្រដាប់​អាវុធអ៊ីស្លាម​ជ្រុលនិយម តាំង​ពី​ជាង​បី​សប្តាហ៍​មកហើយ។ ពួក​ប្រដាប់​អាវុធ​នេះ ដែល​មាន​កម្លាំង​រាប់​រយ​នាក់ បាន​ប្រកាស​ភ្ជាប់​ខ្លួន នៅ​នឹង​អង្គការ​រដ្ឋ​អ៊ីស្លាម ក្នុង​នោះ​មាន​ទាហានជីហាត​រដ្ឋ​អ៊ីស្លាម​​សិប​នាក់ ធ្វើ​ដំណើរ​មក​ពី​ប្រទេស​ជិត​ខាង ដូច​ជា​ឥណ្ឌូណេស៊ី ឬ​ម៉ាឡេស៊ី និង​មក​ពី​តំបន់​ដើម​បូព៌ា។

ប្រឈមនឹង​ស្ថានការណ៍​បែប​នេះ ហ្វីលីពីន បាន​សម្តែង​ការ​ព្រួយ​បារម្ភ​ខ្លាំង ខ្លាច​ក្រុម​នេះ​ពង្រីក​វត្តមាន​ និង​យក​ក្រុង​ម៉ារ៉ាវី​ជា​ទីតាំង​ សម្រាប់​បំផុស​មនោគមវិជ្ជា​​ជីហាត​អ៊ីស្លាម​​និកាយ​ស៊ុននីត រដ្ឋ​អ៊ីស្លាម​ប្រចាំ​តំបន់​អាស៊ី​អាគ្នេយ៍។ អាជ្ញាធរ​ហ្វីលីពីន​បាន​ចេញ​ធ្វើ​ ប្រតិបត្តិការ​កម្ចាត់​តាំង​ពី​ដំបូង​ភ្លាម​ តែង​ជួប​បរាជ័យ​រហូតមក។ នៅ​ទីបំផុត​ក៏​សុខ​ចិត្ត​ទទួល​យក​ជំនួយ​ពី​អាមេរិក។

ជំនួយ​ដែល​បាន​ប្រព្រឹត្ត​ទៅ​បន្ទាប់​ពីមាន​ភាព​តាន​តឹង តាំង​ពី​ជា​ច្រើន​ខែ​រវាង​សហរដ្ឋ​អាមេរិក​និង​ហ្វីលីពីន​ ដោយ​ហេតុ​តែតាំង​ពី​បានជាប់​ឆ្នោត​ក្លាយ​​ប្រធានាធិបតីហ្វីលីពីន​មក លោក ​ឌុយទែរតេ បាន​បង្ហាញ​កាយ​វិការ​ងាក​រេ ផ្តាច់​ទំនាក់ទំនង​ល្អ​ជា​ប្រពៃណី​ជាមួយ​វ៉ាស៊ីនតោន ដោយ​សុខ​ចិត្ត​ទៅ​អោប​ចិន​ ដើម្បី​ប្រយោជន៍​សេដ្ឋកិច្ច ហើយ​បាន​ប្រកាស​សន្យា​បណ្តេញ​ទ័ពអាមេរិក​ឱ្យ​អស់​​ចេញ​ពី​ប្រទេស។

ហ្វីលីពីន​ធ្លាប់​ជា​សម្ព័ន្ធមិត្ត​​​ដ៏​សំខាន់​របស់​អាមេរិក​ប្រចាំ​តំបន់។ នៅ​ឆ្នាំ​២០០២មក វ៉ាស៊ីនតោន​ បាន​ពង្រាយ​កម្លាំង​ទ័ព​ពិសេស​របស់​ខ្លួន ប្រមាណ​ជា​១២០០​នាក់ នៅកោះ​មីដាណាវ ដើម្បី​បំពាក់បំប៉ន​និង​ធ្វើ​ជា​ទីប្រឹក្សា​របស់​កងទ័ព​ហ្វីលីពីន ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ពួក​ប្រដាប់​អាវុធ​អ៊ីស្លាម​ជ្រុលនិយម អាប៊ូសាយ៉ាហ្វ។ អាមេរិក​បាន​បញ្ឈប់​ប្រតិបត្តិការនេះ នៅ​ឆ្នាំ​២០១៥ ដោយ​រក្សា​ទុក​តែ​កង​កម្លាំង​ពិសេស​តូច​មួយ​ សម្រាប់​ផ្គត់ផ្គង់​​ជំនួយ និង​ផ្តល់​ការ​គាំទ្រ​ផ្នែក​បច្ចេកទេស៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ