អានតួអត្ថបទ

នេប៉ាល់​បោះឆ្នោត​ឃុំសង្កាត់​ជាលើកទីមួយ

នៅ​ថ្ងៃអាទិត្យ​ទី ១៤ ឧសភា​នេះ បណ្តាជននេប៉ាល់ ត្រូវ​ចូល​រួម​បោះឆ្នោត​ឃុំ​សង្កាត់​ជា​លើក​ទី​មួយ​ គិត​ចាប់​តាំង​ពី​២០​ឆ្នាំ​មក។ តាំង​ពី​ឆ្នាំ​១៩៩៧​មក នេប៉ាល់ ធ្លាក់​ក្នុង​សង្គ្រាម​ស៊ីវិល​ អូស​បន្លាយ​ពេល​អស់​ជា​យូរ​ខែ​ឆ្នាំ។ សង្គ្រាម​បាន​ចប់ នេប៉ាល់​បន្ត​ហែកហួរ​នយោបាយ​ ក្នុង​ការ​ធ្វើ​កំណែទម្រង់​​រដ្ឋធម្មនុញ្ញ ជា​ហេតុ​ធ្វើ​ឱ្យ​ស្ថាប័ន​ប្រជាធិបតេយ្យ​ត្រូវ​ជាប់​គាំង។ គេ​រង់ចាំ​ថ្ងៃ​បោះឆ្នោត​នេះ​ណាស់ ព្រោះ​វា​អាច​ជាតំណាង​នៃ​ការ​បិទ​បញ្ចប់​ភាព​និច្ចលនិយមរបស់​នេប៉ាល់។

នេប៉ាល់​បោះឆ្នោត​ក្រុមប្រឹក្សា​ឃុំសង្កាត់​ជា​លើកទីមួយ
នេប៉ាល់​បោះឆ្នោត​ក្រុមប្រឹក្សា​ឃុំសង្កាត់​ជា​លើកទីមួយ REUTERS/Navesh Chitrakar
ផ្សាយពាណិជ្ជកម្ម

មេឃុំ ចៅ​សង្កាត់​នេប៉ាល់ ដែល​បាន​ជាប់​ឆ្នោត​ចុងក្រោយ​គេ​បំផុត គឺឆ្នាំ​១៩៩៧ ! បន្ទាប់​មក​ប្រទេស​ក៏​ធ្លាក់ក្នុង​សង្គ្រាម​ស៊ីវិល ជាមួយ​ពួក​ម៉ៅ​និយម ហើយ​អាណត្តិ​របស់​មេឃុំ និង​ចៅ​សង្កាត់​ទាំង​នោះ​មិន​ត្រូវ​បាន​ប្តូរ​ថ្មី​ទេ។ ជាមួយ​នឹង​ការ​ដួល​រំលំ​នៃ​របប​រាជានិយម នៅ​ឆ្នាំ​២០០៦ នេប៉ាល់ បាន​ធ្លាក់​ផុង​ក្នុង​វិបត្តិ​នយោបាយ​ ! ប្រទេស​ត្រូវ​ជាប់​គាំង ការ​ធ្វើ​កំណែទម្រង់​រដ្ឋធម្មនុញ្ញ​ទើប​អាច​សម្រេច​ចេញ​ជា​រូប​រាង​បាន​នៅ​ឆ្នាំ​២០១៥​ប៉ុណ្ណោះ។

ក្នុង​រយៈ​ពេល​ជាង​១៥​ឆ្នាំ​កន្លង​មក​នេះ ភូមិឃុំ​សង្កាត់​ ត្រូវ​គ្រប់គ្រង​ចាត់​ចែង​តាម​របៀប​ការិយាល័យ​និយម​ ដែល​គ្មាន​អ្វី​គួរ​ឱ្យ​ខ្លាច​ក្រែង​រអា​ចិត្ត​ពលរដ្ឋ​ឡើយ។ ដូច្នេះ​អំពើ​ពុក​រលួយ​បាន​ស៊ីរ៉ូង​ពេញ​ថ្នាក់​មូលដ្ឋាន។ ចៅ​សង្កាត់​ មេឃុំ មេភូមិ ធ្វើការ​ចែកចាយ​មូលនិធិ​គ្នា​ ដោយ​មិន​ខ្វល់​នឹង​ចុះ​ធ្វើ​ការ​ផ្ទាល់​ជាមួយ​ពលរដ្ឋ​ឡើយ។ ឧក្រិដ្ឋជន​បាន​ឆ្លៀត​ឱកាស​គ្រប់​បែប​យ៉ាង។ សម្រាប់​អ្នកវិភាគ​ជា​​សាស្ត្រាចារ្យ​វិទ្យាសាស្ត្រ​នយោបាយ​នៅ​សាកលវិទ្យាល័យ​ទ្រីភូវ៉ាន់​នេប៉ាល់ អំពើ​ពុករលួយ​​នេះគឺជាដើម​ហេតុ​ដ៏​ចំបង​មួយ​នាំ​ឱ្យ​យុវជនយុវតី​នេប៉ាល់ ធ្វើ​ចំណាក​ស្រុក​ ទាំង​ហ្វូងៗ ទៅ​បរទេស។  បើ​តាម​ចំណាត់​ថ្នាក់​របស់​ Tansparency International​នេប៉ាល់​ជាប់​​លំដាប់​លេខ​១៣១ ក្នុង​ចំណោម​១៧៩​ប្រទេស ខាង​មាន​អំពើ​ពុករលួយ។

នៅ​ថ្ងៃ​នេះ ​នេប៉ាល់​បាន​ឃើញ​ពន្លឺ​ថ្មី ! ដោយ​អាច​សម្រេច​រៀប​ចំ​ការ​បោះឆ្នោត​ជ្រើសរើស​ឃុំ​សង្កាត់​បាន។ ការ​បោះឆ្នោត​ដែល​អាច​នឹង​ប្តូរ​និន្នាការ​ចាស់​ តាម​សម្រួល និង​ដោយ​បន្តិច​ម្តងៗ​ ព្រោះ​បើតាម​រដ្ឋធម្មនុញ្ញ​ថ្មី មេឃុំ​ចៅ​សង្កាត់ នឹង​មាន​ឯករាជភាព​ធំ​ខាង​ផ្នែក​ថវិកា ដែល​អាច​ផ្តល់​សន្ទុះ​ដល់​ការ​អភិវឌ្ឍន៍​​ភូមិស្រុក និង​ជាពិសេស​រដ្ឋធម្មនុញ្ញា​បាន​កំណត់​កូតា​ឱ្យ​មាន​ស្ត្រី​ចំនួន​ពាក់​កណ្តាល​​ជា​អ្នក​ឈរ​ឈ្មោះ​ធ្វើ​មេឃុំ​ចៅ​សង្កាត់។ ជា​មួយ​នឹង​ច្បាប់​បែប​នេះ នេប៉ាល់​ទំនង​ជាង​អាចប្តូរ​មុខ​មាត់​ថ្នាក់​ដឹកនាំមូលដ្ឋាន​ថ្មី​បាន​ច្រើន។ នេះ​ក៏​ជា​វិញ្ញាសា​តេស្ត ! បន្ទាប់​ពី​ការ​បោះឆ្នោត​ក្រុមប្រឹក្សា​ឃុំសង្កាត់ នេប៉ាល់​នឹង​រៀ​ប​ចំ​ការ​បោះឆ្នោត​ជាតិ​នៅ​ដើម​ឆ្នាំ​២០១៨៕ 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ