អាកាសធាតុ ៖ ប្រទេសកូនកោះមិនត្រូវការឃើញសន្និសីទអន្តរជាតិក្រុងប៉ារីសបរាជ័យ
សន្និសីទអន្តរជាតិស្តីអំពីអាកាសធាតុ ដែលគ្រោងនឹងប្រព្រឹត្តទៅពីថ្ងៃទី ៣០វិច្ឆិកា ដល់ថ្ងៃទី ១១ធ្នូ ២០១៥ នៅទីក្រុងប៉ារីស មិនត្រូវអនុញ្ញាតឱ្យនិយាយអំពីពាក្យថាបរាជ័យទេ ! នេះជាការកត់សម្គាល់របស់ក្រុមប្រទេសដែលមានទីតាំងជាកូនកោះ ក្នុងមហាសមុទ្ទប៉ាស៊ីហ្វិក និងដែលរងផលប៉ះពាល់ជាងគេ ពីប្រែប្រួលអាកាសធាតុ។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ស្តាប់ - ០២:១៨
“សន្និសីទអន្តរជាតិស្តីពីអាកាសធាតុ ត្រូវតែសម្រេចបានជោគជ័យ ! យើងសង្ឃឹមលើប៉ារីស ដើម្បីចំណេញពេលវេលា!” នេះជាសេចក្តីប្រកាសរបស់នាយករដ្ឋមន្ត្រីទូវ៉ាឡូ នាឱកាសជំនួបប្រជុំក្រុមប្រទេសក្នុងមហាសមុទ្ទប៉ាស៊ីហ្វិក១៤ប្រទេសនៅឥណ្ឌា ថ្ងៃសៅរ៍នេះ ដោយបានបន្ថែមទៀតថា គេអាចទិញដីថ្មីនៅនូវែលហ្សេឡង់ ឬនៅអូស្ត្រាលី ឬត្រូវសង់កោះសម្បនិម្មិត កោះអណ្តែតទឹក ដើម្បីរត់ពីការលិចទឹក ប៉ុន្តែគេមិនអាចទិញការប្រែប្រួលអាកាសធាតុបានឡើយ។
ទូវ៉ាឡូ គីរីបាទី ម៉ាល់ឌីវ ... សុទ្ធសឹងជាក្រុមប្រទេសកូនកោះ ដែលអាចបាត់បង់ដី ព្រោះហេតុតែការប្រែប្រួលអាកាសធាតុ និងការឡើងកម្តៅនៃភពផែនដី ដែលធ្វើឱ្យកម្ពស់ទឹកសមុទ្ទឡើងជារៀងរាល់ថ្ងៃ។ ក្នុងមួយៗថ្ងៃប្រទេសទាំងនេះ បានគិតគូរចំណាយថវិកាជាសំខាន់សម្រាប់ទប់ទល់នឹងគ្រោះធម្មជាតិ ជាជាងសម្រាប់អភិវឌ្ឍន៍ប្រទេសក្នុងវិស័យសុខាភិបាល អប់រំ ឬសង្គម។ កោះ និងប្រជុំកោះជាច្រើនផ្សេងទៀត ក៏អាចនឹងរងគ្រោះដូចគ្នានេះដែរ។
កម្ពស់ទឹកសមុទ្ទបានឡើងជាមធ្យម ២០ស.ម. ក្នុងសតវត្សទី២០នេះ។ ហើយប្រសិនបើពិភពលោក មិនចាត់វិធានការទប់ស្កាត់ការឡើងកម្តៅនៃភពផែនដី និងការប្រែប្រួលអាកាសធាតុទេ នោះមហាសាគរអាចនឹងកើនឡើង ពី ២៦ ទៅ៨៦ស.ម. នៅឆ្នាំ២១០០ បើប្រៀបទៅនឹងមធ្យមភាគឆ្នាំ១៩៨៦-២០០៥។ នេះបើតាមក្រុមអ្នកឯកទេសអន្តររដ្ឋាភិបាលស្តីពីដំណើរវិវឌ្ឍន៍នៃអាកាសធាតុ (GIEC)។
ចំណែកឯអាកាសធាតុវិញ ក៏បានបំបែកឯតទគ្គកម្មដែរ ! ឆ្នាំ២០១៥នេះ សីតុណ្ហភាពផ្ទៃដី និងផ្ទៃសមុទ្ទ បានកើនឡើង លើសសីតុណ្ហភាពមធ្យមប្រចាំសតវត្សរ៍ទី២០ ដល់ទៅ០,៨៥អង្សារ ពោលគឺជាឆ្នាំក្តៅបំផុតមិនធ្លាប់មានគិតចាប់ពីឆ្នាំ១៨៨៦មក និង ជាសរុបភពផែនដីបានឡើងកំដៅដល់ទៅ ១,៣៤អង្សារ ជាមធ្យមនៅសតវត្សរ៍នេះ។
សម្រែកដង្ហើយនេះ បានលាន់ឮឡើង បីខែមុនការចាប់បើកសន្និសីទអន្តរជាតិ ស្តីពីអាកាសធាតុក្រុងប៉ារីស ដែលមានប្រទេស១៩៥ ចូលរួម ក្រោមការដឹកនាំរបស់អង្គការសហប្រជាជាតិ ដែលមានកម្មវត្ថុស្វែងរកកិច្ចព្រមព្រៀងថ្នាក់ពិភពលោក កំរិតការឡើងកម្តៅនៃភពផែនដីឱ្យបានត្រឹម១,៥ ឬ២អង្សារ បើប្រៀបទៅនឹងសីតុណ្ហភាពពិភពលោកមុនសម័យឧស្សាហកម្ម៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ