អានតួអត្ថបទ
អូស្រ្តាលី-បារាំង

អូស្ត្រាលី​ទិញ​នាវា​មុជទឹក​បាត​សមុទ្រ​១២គ្រឿង​ពី​បារាំង ក្នុង​ទឹកប្រាក់​៣២ពាន់​លាន​អឺរ៉ូ

ក្រោយ​ពីបាន​ប្រកាស​ស្វែងរក​អ្នក​លក់ ​និង​ចរចា​ប្រជែង​គ្នា​អស់​រយៈពេល​២ឆ្នាំ ​ទី​បំផុត​ទៅ​អូស្ត្រាលី​បាន​សម្រេច​ជ្រើសរើស​ប្រទេស​បារាំង​ ដើម្បី​ទិញ​នាវា​មុជទឹក​បាត​សមុទ្រ​ចំនួន​១២​គ្រឿង ​ក្នុង​ទឹកប្រាក់​មហាសាល​មិនធ្លាប់​មាន ​ដែល​ស្មើនឹង​ ៣២​ពាន់​លាន​អឺរ៉ូ។ ដំណឹង​នេះ ​បានធ្វើ​ឲ្យ​បារាំង​អបអរ ​ព្រម​ទាំង​មាន​មោទនភាព​ ពី​បច្ចេកវិទ្យា​ផលិត​របស់​ខ្លួន ​ ដែល​បាន​វ៉ា​ដាច់​ប្រទេស​ពីរ​ផ្សេងទៀត ​គឺ​អាល្លឺម៉ង់ ​និង​ជប៉ុន​ ដែល​ប្រជែង​គ្នា ​ក្នុង​ការ​ចរចាទិញ​លក់​ជាមួយ​អូស្ត្រាលី​ដែរ។

នាវាមុជទឹកបាតសមុទ្រ ប្រភេទBarracuda ផលិតដោយ​ក្រុមហ៊ុន​DCNS របស់បារាំង
នាវាមុជទឹកបាតសមុទ្រ ប្រភេទBarracuda ផលិតដោយ​ក្រុមហ៊ុន​DCNS របស់បារាំង Reuters
ផ្សាយពាណិជ្ជកម្ម

សរុប​ទឹកប្រាក់ ​អូស្ត្រាលី​នឹង​ចំណាយ​៥០ពាន់​លាន​ដុល្លារ​អូស្ត្រាលី ​ដែល​ស្មើ​នឹង​៣២​ពាន់​លាន​អឺរ៉ូ ​ ដើម្បី​ទិញ​នាវា​មុជទឹក​បាត​សមុទ្រ​ពី​បារាំង​ចំនួន​១២​គ្រឿង។ នេះគឺ​ជា​ទំហំ​ទឹកប្រាក់​ដ៏​ច្រើន​បំផុត​មិនធ្លាប់​មាន ​សម្រាប់​អូស្ត្រាលី​ដែល​ត្រូវ​ចំណាយ​ក្នុង​វិស័យ​ការពារ​ជាតិ​របស់​ខ្លួន​ ហើយ​ចំណែក​បារាំង​វិញ​ក៏​មិន​ដែល​បាន​ប្រមូល​ប្រាក់​ដ៏​សន្ធឹក​សន្ធាប់​បែប​នេះដែរ ​ ក្នុង​ការ​លក់​បច្ចេកវិទ្យា​យោធា។

 
ការចរចា​បាន​ប្រព្រឹត្តិទៅ​ជិត​២ឆ្នាំ ​បន្ទាប់​ពី​អូស្ត្រាលី​បាន​ប្រកាស​រក​អ្នក​លក់។ ជា​ដំណាក់កាល​ដំបូង​ ជប៉ុន​គឺ​ជា​ប្រទេស​មាន​សង្ឃឹម​ជាង​គេ ​តែ​ក្រោយមក​ អូស្ត្រាលី​ហាក់​ដូច​ជា​ទន់​ទៅ​រក​អាល្លឺម៉ង់​ ដែល​បាន​ព្យាយាម​ពពាយនាយ​លក់​បច្ចេកវិទ្យា​នេះ​ដែរ។ តែ​ទីបំផុត​ទៅ ​ គឺ​បារាំង​ជា​អ្នក​ច្បាម​យក​កិច្ចសន្យា​នេះ ​ធ្វើ​ឲ្យ​ជប៉ុន ​និង​អាល្លឺម៉ង់​ខកចិត្ត​ជាខ្លាំង។

លោក​នាយករដ្ឋមន្ត្រី​អូស្ត្រាលី ​បាន​ប្រកាស​នៅ​ថ្ងៃ​ចន្ទ​ទី​២៥​មេសា ​ថា​ហេតុផល​ដែល​អូស្ត្រាលី​សម្រេច​ជ្រើស​យក​បារាំង ​គឺ​ដោយសារ​តែ​បទ​ពិសោធន៍​នៃ​ការ​ផលិត ​និង​បច្ចេកវិទ្យា​ជាន់ខ្ពស់ ​មិន​អាច​ប្រៀប​ស្មើរ​បាន​ របស់​បារាំង​ ក្នុង​ការ​ផលិត​នាវា​មុជទឹក​បាត​សមុទ្រ​ទំងន់​៤០០០​តោន ​ទៅតាម​ការ​ចង់បាន​របស់​អូស្ត្រាលី។

តាម​ការវិភាគ ​ជប៉ុន​មាន​ចំណុច​ខ្សោយ​មួយ ​គឺ​ជប៉ុន​មិន​ធ្លាប់​ផលិត​នាវា​មុជទឹក​បាត​សមុទ្រ​នៅ​ក្រៅ​ប្រទេស​ខ្លួន​ទេ ​ហើយ​អូស្ត្រាលី​មិន​សូវ​ទុក​ចិត្ត​ជប៉ុន​ ថា​អាច​ធ្វើ​វា​បាន​ដោយ​ជោគជ័យ។ ចំណុច​មួយទៀត​គឺ​ អូស្ត្រាលី​មិន​ចង់​ឲ្យ​ចិន​អាក់អន់​ចិត្ត​ ព្រោះ​ចិន​​ជា​ដៃគូ​ពាណិជ្ជកម្ម​ដ៍​ធំ​របស់​អូស្ត្រាលី ​ ហើយ​អូស្ត្រាលី​ដឹងថា ​ចិន​តែងតែ​ច្រណែន​នឹង​ជប៉ុន។ ចំណែក​ចំណុច​ខ្សោយ​របស់​អាល្លឺម៉ង់ ​គឺ​អាល្លឺម៉ង់​មិន​ធ្លាប់​ផលិត​នាវា​មុជទឹក​ទំងន់​៤០០០​តោន​ទេ ​គឺ​គេ​ធ្លាប់​តែ​ផលិត​នាវា​ធនតូច​ទំងន់​២០០០​តោន​ប៉ុណ្ណោះ ​ហើយ​នាវា​មុជទឹក​បាត​សមុទ្រ​របស់​អាល្លឺម៉ង់​ មិន​អាច​ធ្វើ​ដំណើរ​បាន​ឆ្ងាយ​ទេ។ ទាំងអស់​នេះ​ហើយ ​ទើប​អូស្ត្រាលី​សម្រេច​ជ្រើសយក​បារាំង​ ព្រោះ​បារាំង​ធ្លាប់​ផលិត​នាវា​ប្រភេទ​ Barracuda ​ប្រើក្នុង​ចំងាយ​ឆ្ងាយ ​ ហើយ​បារាំង​មាន​បទ​ពិសោធន៍​ក្នុង​ការ​ផ្ទេរ​បច្ចេកវិទ្យា​យោធា​នេះ ​ ជាមួយ​ប្រទេស​ដ៏ទៃ។

តាម​ការឲ្យ​ដឹង ​នាវា​មុជទឹក​ដែល​នឹង​ផលិត ​គឺ​ដើរ​ដោយ​ប្រព័ន្ធ​ប្រេង​ម៉ាស៊ុត ​មិនមែន​ប្រព័ន្ធ​នុយក្លេអ៊ែរ​ទេ។ ការ​ផលិត​នឹង​លើក​ទៅ​ធ្វើ​នៅ​កំពង់ផែ ​Adelaïde ​ភាគ​អាគ្នេយ៍​អូស្រ្តាលី។ ការ​ផលិត​នេះ ​និង​ធ្វើ​ឲ្យ​អូស្ត្រាលី​អាច​បង្កើត​ការងារ​បាន​២៨០០ ​ហើយ​ខាង​បារាំង​នឹង​បញ្ជូន​អ្នក​ជំនាញ​ទៅ​ប្រហែល​ជា​៤០០០​នាក់ ​ក្នុង​រយៈពេល​៦ឆ្នាំ​។ ក្រុមហ៊ុន​របស់​បារាំង​ចំនួន​២០០​ ក៏នឹង​ត្រូវ​ផលិត​គ្រឿង​ផ្សំ ​ដើម្បី​ធ្វើ​នាវា​មុជទឹក​ផង​ដែរ។​ តាម​ការ​គ្រោងទុក​ នាវា​មុជទឹក​ទីមួយ​នឹង​រួចរាល់​ដាក់​ឲ្យ​ប្រើប្រាស់ ​ក្នុង​ឆ្នាំ​២០៣០៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ