អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

តុលាការ​កំពូល​អាមេរិក​អនុញ្ញាត​សិទ្ធិ​ររៀប​អាពាហ៍​ពិពាហ៍​រវាង​មនុស្ស​ភេទ​ដូចគ្នានៅ​ទូទាំង​ប្រទេស

ចុះផ្សាយ​នៅ​ថ្ងៃ៖

កាលពី​សប្តាហ៍​មុន​ តុលាការ​កំពូល​អាមេរិកបាន​សំរេច​ផ្តល់​សិទ្ធិ​រៀបអាពាហ៍​ពិពាហ៍​រវាង​មនុស្ស​ស្រលាញ់​ភេទ​ដូចគ្នានៅ​ទូទាំង​ប្រទេស។​ នេះ​ជា​សេចក្តីសម្រេច ប្រវត្តិសាស្រ្ត​របស់​សហរដ្ឋ​អាមេរិក បើ​ទោះបី​ជា​មាន​ការចម្រូង​ចម្រាស​យ៉ាងណា​ក៏ដោយ ពី​សំណាក់​ក្រុម​អ្នក​គាំទ្រ​ និង​ក្រុម​អ្នកជំទាស់។ តើ​ការតស៊ូ​មតិ​ទាមទារ​សិទ្ធិ​អាពាហ៍​ពិពាហ៍​ភេទ​ដូច​គ្នា នៅ​អាមេរិក​ចំណាយ​ពេល​ប៉ុន្មាន​ឆ្នាំ?​ តើ​មាន​ប្រតិកម្ម​បែបណា​ខ្លះ​ជុំវិញ​ប្រធាន​បទ​ដ៏​រសើប​នេះ?  

មនុស្ស​ស្រឡាញ់ភេទ​ដូចគ្នា នៅ​អាមេរិក អបអរ​ការសម្រេច​របស់​តុលាការ​ដែល​អនុញ្ញាត​បើក​ឲ្យ​មានមនុស្ស​ភេទ​ដូចគ្នា រៀបការ​នឹង​គ្នា
មនុស្ស​ស្រឡាញ់ភេទ​ដូចគ្នា នៅ​អាមេរិក អបអរ​ការសម្រេច​របស់​តុលាការ​ដែល​អនុញ្ញាត​បើក​ឲ្យ​មានមនុស្ស​ភេទ​ដូចគ្នា រៀបការ​នឹង​គ្នា Reuters
ផ្សាយពាណិជ្ជកម្ម

ភ្លាមៗ ក្រោយ​ពី​តុលាការ​កំពូល​អាមេរិក​ចេញ​សេចក្តី សម្រេច ទង់​ពណ៌​ឥន្ធនូរ ព្រម​ជាមួយ​ការបាញ់​ភ្លើង​ពណ៌​ឥន្ធនូរ ​ដែល​ជា​និមិត្ត​រូបតំណាង​អោយ​សហគមន៍​អ្នក​ស្រលាញ់​ភេទ​ដូចគ្នា​នេះ ​ ត្រូវ​បាន​ដាក់​លំអ នៅ​លើ​អគារ​តុលាការ​កំពូល​អាមេរិក សេតវិមាន សាលា​ក្រុង​ញូវយ៉ក​ និង​នៅ​តាម​បណ្តា​ស្ថាប័ន​ធំៗ ជាច្រើន​កន្លែង​ផ្សេង​ទៀត។ ក្បូន​ដង្ហែ​មាន​មនុស្ស​រាប់​ពាន់​នាក់​បាន​ដើរ​ស្រែក​អបអរ​សាទរ​ នៅ​តាម​បណ្តា​ទីក្រុង​ធំៗ នៅ​សហរដ្ឋ​អាមេរិក។

 
សាលដីការ​ ដែល​គេ​ទន្ទឹង​រង់ចាំ​អស់​រយៈពេល​ជា​យូរយារ​មកហើយ​នេះ​ ជា​ការ​ឆ្លើយតប​ដោយ​វិជ្ជមាន​ទៅនឹង​ការតស៊ូមតិ​អស់រយៈ​ពេល ៤០ ឆ្នាំ​ ក្នុង​ការ​ទទួល​ស្គាល់​សិទ្ធិ​ស្មើគ្នា នៅ​សហរដ្ឋ​អាមេរិក។​ សាលដីការ​នេះ​ក៏​បាន​បញ្ជាក់​ផងដែរ​ថា សិទ្ធិ​អាពាហ៍​ពិពាហ៍​ជា​សិទ្ធិ​មូលដ្ឋាន​សំរាប់​បុគ្គល​គ្រប់រូប។ ស្ថាប័ន​នេះ​បាន​បញ្ចប់​រាល់​ការប៉ុនប៉ង​រារាំង​ ពី​សំណាក់​ក្រុម​ប្រឆាំង​នឹង​អាពាហ៍​ពិពាហ៍​រវាង​មនុស្ស​ភេទ​ដូចគ្នា​ ដោយ​យោង​លើ​សេចក្តី​អះអាង​ថា «វិសោធនកម្ម​ទី​ ១៤ នៃ​រដ្ឋធម្មនុញ្ញ​សហរដ្ឋ​អាមេរិក តំរូវ​អោយ​រដ្ឋ​មួយ​មាន​សិទ្ធិ​អនុញ្ញាត​អោយ​មាន​អាពាហ៍​ពិពាហ៍​រវាង​មនុស្ស​ភេទ​ដូចគ្នា​ ដោយ​ផ្អែក​លើ​សា្មរតី​នៃ​ភាព​ស្មើគ្នា​រវាង​មនុស្ស​គ្រប់​រូប»។

សាលដីការ​ដ៏​ចម្រូង​ចម្រាស
សូម​បញ្ជាក់​ថា​ សាលដីការ​នេះ​បាន​ធ្លាក់​ចេញ​មក​ ក្រោយ​ពី​មានមនុស្ស​ស្រលាញ់​ភេទ​ដូចគ្នា​ចំនួន​ ១៦ គូ​ មកពី​រដ្ឋ​ចំនួន​ ៤​ ​បាន​ដាក់​ពាក្យ​បណ្តឹង​ជំទាស់​នឹងការហាមឃាត់ ដែល​បាន​ដាក់​កំហិតនៅ​តាម​បណ្តា​រដ្ឋ​របស់ពួក​គេ។​ ក្នុង​ចំណោម​អង្គ​ជំនុំជម្រះ ដែល​មាន​ចៅក្រម​សរុប​ចំនួន ៩ រូប​ សាលដីការ​ ៥ សម្លេង​ទល់​នឹង​ ៤ សម្លេងនេះ ​មិនត្រឹម​តែ​ផ្តល់​សិទ្ធិ​អាពាហ៍ពិពាហ៍​នេះ​នៅតាម​រដ្ឋ​ទាំង​ ៥០ ប៉ុណ្ណោះទេ​ ប៉ុន្តែ​ សាលដីការ​នេះ​ក៏បាន​តំរូវ​អោយ​គ្រប់​រដ្ឋ​នីមួយៗ នៅ​សហរដ្ឋ​អាមេរិក​ ព្រម​ទទួល​ស្គាល់​សម្ព័ន្ធភាព​រវាង​មនុស្ស​ភេទ​ដូចគ្នា ​ ដែល​ពួកគេ​បាន​បា្ររព្ធ​អាពាហ៍​ពិពាហ៍ នៅ​តាម​ទីកន្លែង​ផ្សេង​ទៀត​លើ​ពិភពលោក។

ចៅក្រម​មាន​និន្នាការ​អភិរក្សនិយម​ លោក​ Anthony Kennedy គឺ​ជាអ្នក​ធ្វើ​អោយ​ជញ្ជីង​សម្លេង​ផ្អៀង​ទៅ​ភាគីម្ខាង​ ដោយ​គាំទ្រ​ចៅក្រម​មាន​និន្នការ​សេរីនិយម ៤ រូប​ផ្សេង​ទៀត​ ដែល​ចង់​អោយ​មានសម្ព័ន្ធភាព​ស្របច្បាប់ សំរាប់​អ្នក​ស្រលាញ់​ភេទដូចគ្នា។ ​សាលដីការ​នោះ​បាន​សង្កត់​ធ្ងន់​ថា​ “គ្មាន​សម្ព័ន្ធ​ភាព​ណា​ដែល​ជ្រាលជ្រៅ​ជាង​អាពាហ៍​ពិពាហ៍​ឡើយ ព្រោះ​អាពាហ៍​ពិពាហ៍​នេះ​ហើយ​ស បញ្ជាក់​ពី​ឧត្តមភាព​នៃ​ស្នេហា​ គ្រួសារ​ ភាព​ស្មោះស្ម័គ្រ ភាព​ស្អិតល្មួត​ និង​ការ​តស៊ូពលិកម្ម។ ដោយ​រួម​គ្នាបង្កើត​សម្ព័ន្ធភាព គូ​ស្វាមី​ភរិយា​ មនុស្ស​ពីរ​រូប​នឹង​ក្លាយ​ជា​អ្វី​មួយ​ ដែល​ធំជាង​អ្វី​ ដែល​ពួក​គេ​ធ្លាប់​មាន​ពីមុន​មក។​ អាពាហ៍​ពិពាហ៍​តំណាង​អោយ​សេចក្តី​សេ្នហា​ ដែល​អាច​ស្ថិតស្ថេរ​ បើ​ទោះបី​ជា​គ្មាន​នរណា​ម្នាក់​អាច​ចៀស​ផុត​ពី​សេចក្តី​ស្លាប់​ក៏​ដោយ។ ជា​ការ​មិន​គោរព​គោលការណ៍​អាពាហ៍​ពិពាហ៍​ ប្រសិន​បើ​យើង​មិន​ព្យាយាម​យល់​ពីអារម្មណ៍​មនុស្ស​ស្រី​ប្រុស​ទាំង​នោះ។​ ការ​តស៊ូ​មតិ​ទាម​ទារ​របស់​ពួកគេ ជា​ការ​បង្ហាញ​អោយ​ឃើញ​ថា​ ពួក​គេគោរព​គោលការណ៍​អាពាហ៍​ពិពាហ៍។”

ចំណែក​ប្រធាន​តុលាការ​កំពូល ​លោក John Roberts និង​ចៅក្រម​អភិរក្ស​និយម​ ៣ រូប​ផ្សេង​ទៀត​ប្រកាន់​ជំហរ​ជំទាស់​នឹង​សាលដីការ​នេះ ដោយ​យោង​លើ​អំណះអំណាង​ថា​ ការ​ផ្តល់​សិទ្ធិ​អាពាហ៍​ពិពាហ៍ភេទ​ដូចគ្នា​នេះ ​មិន​មែន​ជា​ភារកិច្ច​របស់​ចៅក្រម​ទេ។ គេ​គួរ​តែ​ប្រគល់​តួនាទី​នេះអោយ​អ្នក​តំណាងរាស្ត្រ​ជា​អ្នក​បញ្ចេញ​មតិ។​ ក្រុម​ចៅក្រម​ជំទាស់ទាំង​នោះ​ចាត់​ទុក​សាលដីការ​នេះ​ថា​ រដ្ឋ​ប្រហារ​តុលាការ។

ប្រតិកម្ម​នៅ​តាម​បណ្តាញ​សង្គម
គួររំលឹក​ផងដែរ​ថា​ មុន​ការ​ចេញ​សេចក្តី​សំរេច​នេះ​ មាន​តែ​រដ្ឋ​ចំនួន​ ៣៧ ប៉ុណ្ណោះ​នៅ​សហរដ្ឋ​អាមេរិក​ទទួល​ស្គាល់​អាពាហ៍​ពិពាហ៍​ភេទ​ដូចគ្នា។ កាលពី​ឆ្នាំ​ ២០០៤ Massachusetts គឺ​ជា​រដ្ឋ​ដំបូង​គេ​បង្អស់ នៅ​សហរដ្ឋ​អាមេរិក​ ដែល​បាន​ផ្តល់​សិទ្ធិ​អាពាហ៍​ពិពាហ៍​បែប​នេះ។​ ចាប់​ពី​ពេល​នោះ​ហើយ​ ដែល​ការ​ទាមទារ​របស់​សហគមន៍​មនុស្ស​ស្រលាញ់​ភេទ​ដូច​គ្នា ​ចាប់​ផ្តើម​ផ្លាស់ប្តូរ​យោបល់​ និង​ការ​យល់​ឃើញ​របស់​សាធារណជន​ទូទៅ។​

កាល​ពី​ប្រមាណ ១០ ឆ្នាំ​មុន ពលរដ្ឋ​អាមេរិក​ប្រមាណ​ ៦០% ​ប្រឆាំង​ដាច់​ខាត​ការផ្តល់​សិទ្ធិ​អាពាហ៍​ពិពាហ៍​ដ៏​ចំលែក​នេះ។​ អាពាហ៍​ពិពាហ៍​ភេទ​ដូច​គ្នា​គឺ ជា​ប្រធាន​បទ​ដ៏រសើប​ និង​ចម្រូងចម្រាស​បំផុត​ ដែល​បាន​ពុះចែក​មតិ​ប្រជា​ពលរដ្ឋអាមេរិក​ជា​ពីរ​ក្រុម។​ ក្រុម​ម្ខាងគឺ ​ជា​ក្រុម​អភិរក្ស​និយម យោង​លើ​អំណះ​អំណាង​សីលធម៌​សាសនា​ និង​ច្បាប់​ធម្មជាតិ​ ដែលតំរូវ​មនុស្ស​ប្រុស​ស្រី​មាន​សម្ព័ន្ធ​ភាព​អាច​បង្ករ​កំណើត។ ចំណែក​ក្រុម​ម្ខាង​ទៀត​ជា​អ្នក​សេរី​និយម​ទាមទារ​សិទ្ធិ​ និង​ការ​ផ្លាស់ប្តូរ​ ដោយ​យោង​ទៅ​លើ​ការវិវត្តន៍​នៃ​សង្គមច្ចុប្បន្ន។

មិន​យូរ​ប៉ុន្មាន​ក្រោយ​ការ​ប្រកាស​សាលដីការ​នេះ​ ពណ៌​ឥន្ធនូរ​បាន​វាយ​លុក​ពេញ​បណ្តាញ​សង្គម​ មាន​ជាអាទិ៍​ Facebook និង​ Twitter។ តាម​រយៈ​គណនីយ​របស់​សេតវិមាន​ លោក​ប្រធានាធិបតី​ អូបាម៉ា​ បញ្ចេញ​មតិ​ថា​ «ថ្ងៃ​នេះ​ជា​ទិវា​តំណាង​អោយ​ការបោះជំហាន​ធំមួយ​ឆ្ពោះ​ទៅកាន់​ភាព​ស្មើគ្នា»។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ រលក​ពណ៌​ឥន្ធនូរនេះ​ក៏​បាន​គ្រប​ដណ្តប់​ស្ទើរ​តែ​គ្រប់​សារព័ត៌មាន​អាមេរិក​ទាំង​អស់។ ​ក្រុមហ៊ុន​ធំៗ​មួយ​ចំនួនក៏​ឆ្លៀត​ឆក់​យក​ឱកាស​នេះ​ប្តូរ​ស្លាក​សញ្ញារបស់​ពួក​គេ​ ​ដែលរំលេច​ដោយ​ពណ៌​ឥន្ធនូរ នៅ​តាម​បណ្តាញ​សង្គម។​ ​​ក្រុមហ៊ុន​ដូចជា​ Jell-O, Starbuck, Kellogg's, Ben & Jerry, Red Bull, MasterCard និង AT&T​​ ជាដើម សុទ្ធ​តែ​បាន​ផ្ញើរ​សារ​គាំទ្រ​ តាមរយៈ​ការប្រើ​ពាក្យ​គន្លឹះ LoveWins។ លើស​ពីនេះ​ សូម្បីតែ​តារាល្បី​ដូច​ជា Lady Gaga, Miley Cyrus និង Neil Patrick Harris ជាដើម​ សុទ្ធតែ​បាន​សំដែង​អំណរ​សារទ​ចំពោះ​ដំណឹង​នេះ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ