អានតួអត្ថបទ
អាមេរិក

តុលាការកំពូល​យល់ព្រម​ឲ្យ​គូស្រករ​មាន​ភេទដូចគ្នា​ទទួល​បាន​សិទ្ធិស្មើភាព​ ដូច​គូស្រករ​មាន​ភេទ​ខុសគ្នា

នៅ​ថ្ងៃ​ពុធ ទី២៦ មិថុនា​ម្សិលមិញ តុលាការ​កំពូល​អាមេរិកំាង​បាន​បោះឆ្នោត​ទាត់ចោល​ច្បាប់​អាពាហ៍ពិពាហ៍​ដែល​បាន​បិទសិទ្ធិ​គូស្រករ​មាន​ភេទ​ដូចគ្នា។ យោង​តាម​ចៅក្រម​តុលាការកំពូល ច្បាប់​អាពាពិហ៍ពិពាហ៍​ដែល​សភា​បាន​អនុម័ត​ក្នុង​ឆ្នំា ១៩៩៦ បាន​ធ្វើ​ឲ្យ​មាន​ការ​ប៉ះពាល់​ដល់​សិទ្ធិសេរីភាព​មនុស្សទូទៅ។ នៅ​ខាង​សហគមន៍​អ្នកស្រឡាញ់​ភេទ​ដូចគ្នា និង​ក្រុម​អ្នកអភិរក្សនិយម ពួក​គេ​បាន​ទះដៃ​អបអរសាទរ​ចំពោះ​សេចក្តីសម្រេចចិត្ត​របស់​តុលាការកំពូល តែ​ត្រូវ​បាន​បរិហារ​ដោយ​ក្រុមអ្នកវិវត្តនិយម។

តុលាការកំពូល​យល់ព្រម​ឲ្យ​គូស្រករ​មាន​ភេទដូចគ្នា​ទទួល​បាន​សិទ្ធិស្មើភាព​ ដូច​គូស្រករ​មាន​ភេទ​ខុសគ្នា
តុលាការកំពូល​យល់ព្រម​ឲ្យ​គូស្រករ​មាន​ភេទដូចគ្នា​ទទួល​បាន​សិទ្ធិស្មើភាព​ ដូច​គូស្រករ​មាន​ភេទ​ខុសគ្នា REUTERS/Lucas Jackson
ផ្សាយពាណិជ្ជកម្ម

ក្នុង​ឆ្នំា ១៩៩៦ សភា​អាមេរិកំាង​បាន​អនុម័ត​ច្បាប់​អាពាហ៍ពិពាហ៍​មួយ​ដែល​បាន​កំណត់​ថា មាន​តែ​អាពាហ៍ពិពាហ៍​រវាង​មនុស្ស​ប្រុស និង​មនុស្ស​ស្រី​ទេ​ដែល​មាន​សិទ្ធិទទួល​ផលប្រយោជន៍​សង្គម​ស្របច្បាប់។ ចំណែក​គូស្រករ​រវាង​មនុស្សប្រុស និង​ប្រុស ឬ​ស្រី និង​ស្រី​វិញ គឺ​មិន​មាន​សិទ្ធិ​ដូច​គូស្រករ​រវាង​មនុស្ស​ប្រុស និង​មនុស្ស​ស្រី​ទេ។ កាលណោះ ច្បាប់​នោះ​ត្រូវ​បាន​លោក​ប្រធានាធីបតី​អាមរិក Bill Clinton ប្រកាស​ដាក់​ឲ្យ​ប្រើប្រាស់។ បន្ទាប់​មក លោក​ប្រធានាធិបតី​បារ៉ាក់ អូបាម៉ា​បច្ចុប្បន្ន​ក៏​បាន​មិន​បាន​ជំទាស់​នឹង​ច្បាប់​នោះ​ដែរ។ គឺ​ទើប​តែ​នៅ​ក្នុង​ឆ្នំា ២០១២ ចំ​សម័យ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ប្រធានាធិបតី​ទេ ដែល​លោក​អូបាម៉ា​មាន​បំណង​ចង់​ឲ្យ​លប់​ច្បាប់​នោះ​ចោល​វិញ។

នៅ​សហដ្ឋអាមរិក​សព្វថ្ងៃ មាន​រដ្ឋចំនួន ១២ ក្នុង​ចំណោម​រដ្ឋ​ទំាង ៥០ បាន​អនុញ្ញាត​ឲ្យ​មនុស្ស​ស្រឡាញ់​ភេទ​ដូច​គ្នា​អាច​រៀបការ​ស្របច្បាប់។ តែ​ជាមួយ​នឹង​ច្បាប់​អាពាហ៍ពីពាហ៍​អនុម័ត​ក្នុង​ឆ្នំា ១៩៩៦ គូស្រករ​មាន​ភេទដូចគ្នា​ទំាង​ពីរ​មិន​មាន​សិទ្ធិ​ទទួល​ផលប្រយោជន៍​សង្គម​ដូច​គូស្រករ​ដែល​មាន​ភេទ​ខុស​គ្នា​ទេ។ ធ្ងន់ធ្ងរ​ជាង​នេះ​ទៀត គូស្រករ​មាន​ភេទ​ដូច​គ្នា​ត្រូវ​តែ​បង់ពន្ធ​លើ​សិទ្ធិ​ទទួល​មរតក​នៅ​ពេល​ណា​ដែល​មាន​ដៃគូ​មា្នក់​របស់​ខ្លួន​ទទួល​មរណៈភាព។ ជាក់​ស្តែង​ថ្មីៗ​នេះ​នៅ​ក្នុង​ទីក្រុង​ញូយ៉ក ស្រ្តី​ស្រឡាញ់​ភេទ​ដូច​គ្នា​ម្នាក់​បាន​បង់ពន្ធ​ជិត ៤០០ ០០០ម៉ឺនដុល្លារ​លើ​សិទ្ធិ​ទទួល​មរតក​ក្រោយ​ការ​បាត់បង់​ជីវិត​ដៃគូ​ស្រី​របស់​ខ្លួន។

តែ​ទីបំផុត​នៅ​ថ្ងៃ​ពុធ ទី២៦ មិថុនា មាន​ចៅក្រម ៥នាក់​ក្នុង​ចំណោម​ចៅក្រម ៩នាក់​នៅ​តុលាការកំពូល បាន​បោះឆ្នោត​លុប​ច្បាប់​នោះ​ចេញ​វិញ​ដោយ​សំអាង​ថា វា​បាន​ប្រឆំាង​នឹង​ច្បាប់​រដ្ឋធម្មនុញ្ញ ពិសេស​វា​បាន​ប៉ះពាល់​ដល់​សិទ្ធិសេរីភាព​របស់​មនុស្ស។ ដូច្នេះ​ចាប់​ពី​អំណេះ​ត​ទៅ គ្រប់​គូស្រករ​ដែល​មាន​ភេទ​ដូចគ្នា​ស្របច្បាប់​ទំាង​អស់ នឹង​ទទួល​បាន​សិទ្ធិ​ដូច​នឹង​គូស្រករ​មាន​ភេទ​ខុសគ្នា​អ៊ីចឹង​ដែរ។ មាន​ន័យ​ថា ពួក​គេ​នឹង​ទទួល​បាន​ផលប្រយោជន៍​សង្គម ដូច​យ៉ាង​ប្រាក់ចូលនិវត្តន៍ ឬ​មួយ​ក៏​សេវាធានា​សុខភាព​ជា​ដើម។ វា​លើក​លែង​តែ​នៅ​ក្នុង​រដ្ឋចំនួន ៣៨ ដែល​មិន​បាន​ទទួល​ស្គាល់​អាពាហ៍ពិពាហ៍​រវាង​ភេទ​ដូច​គ្នា។

អ្នក​ដែល​បាន​សម្តែង​ក្តីសប្បាយរីករាយ​មុន​គេ គឺ​សហគមន៍​អ្នកស្រឡាញ់​ភេទ​ដូច​គ្នា។ បន្ទាប់​មក គឺ​លោក​បារ៉ាក់ អូបាម៉ា​ដែល​បាន​បញ្ជាក់​តាម​រយៈ​សេចក្តីជូន​ដំណឹង​ថា « តុលាការកំពូល​បាន​កែប្រែ​រឿង​អយុត្តិធម៌ »៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ