ផលិតផលធ្វើពីទឹកដោះគោរបស់ក្រុមហ៊ុន Fonterra មានជាតិពុលតុកស៊ីន
ក្រុមហ៊ុនអាហារ Fonterra ដែលជាក្រុមហ៊ុននាំចេញផលិតផលិតផលធ្វើពីទឹកដោះគោ ដ៏ធំបំផុតនោះ បានទទួលស្គាល់ កាលពីចុងសប្តាហ៍កន្លងទៅថា ផលិតផលខ្លួនមួយចំនួនមានជាតិពុលតុកស៊ីន បង្កឡើងដោយជាតិសាច់ស្អុយរលួយ។ ដោយសារបញ្ហាជាតិពុលនេះ ប្រទេសចិនបានព្យួរចោលការនាំចូលម្សៅទឹកដោះគោផលិតដោយក្រុមហ៊ុននេះ ព្រមទាំងផលិតផលធ្វើពីទឹកដោះគោ ម៉ាក ដាណុនផងដែរ។ នៅថ្ងៃចន្ទនេះ ក្រុមហ៊ុន Fonterra បានធ្វើការសុំទោសប្រទេសចិន តែមិនភ្លេចនឹងបដិសេធថា ខ្លួនមិនបានព្យាយាមបិទបាំងព័ត៌មានទាំងនេះឡើយ។ នៅថ្ងៃចន្ទនេះដែរ រុស្ស៊ីបានហាមឃាត់ការនាំចូលផលិតផលក្រុមហ៊ុន Fonterra ក្នុងប្រទេសខ្លួន។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ស្តាប់ - ០១:២៤
នៅថ្ងៃចន្ទនេះ នៅក្រុងប៉េកាំង ប្រទេសចិន លោក Theo Spierings ដែលជាអគ្គនាយកនៃក្រុមហ៊ុន Fonterra បានធ្វើការសុំទោសប្រទេសចិន ដោយសារតែផលិតផលធ្វើពីទឹកដោះគោរបស់ខ្លួន ដែលនាំចូលទៅប្រទេសចិននោះ មានជាតិពុលតុកស៊ីន បង្កឡើងដោយជាតិសាច់ស្អុយរលួយ។ លើសពីនេះ ផលិតផលភេសជ្ជៈសំរាប់កីឡាករ របស់ក្រុមហ៊ុននេះ ក៏មានជាតិតុកស៊ីនផងដែរ។ គួរបញ្ជាក់ថា ជាតិតុកស៊ីនអាចនាំអោយរងពិការភាព រឺក៏គ្រោះថា្នក់រហូតដល់ស្លាប់ទៀតផង។
ក្រុមហ៊ុនអាហារ Fonterra បានប្រាប់ថាបាននាំចេញផលិតផលធ្វើពីទឹកដោះគោដែលមានបញ្ហាជាតិពុលនេះ ទៅប្រទេសចិន ម៉ាឡេស៊ី វៀតណាម ថៃ និងអារ៉ាប៊ីសាអ៊ូឌីត។ ផលិតផលទាំងនេះគឺជាផលិតផលទឹកដោះគោសំរាប់ទារក។ សហគ្រាសផ្សេងៗដូចជា Dumex Baby Food ដែលជាសាខាមួយនៃម៉ាកបារាំង Danone និងសាខាពីរទៀតនៃក្រុមហ៊ុនចិន Wahaha បានទិញផលិតផលពីក្រុមហ៊ុន ហ្វុនទែររ៉ា។ ក្រុមហ៊ុនម៉ាកដាណុន បានប្រាប់ថា ផលិតផលខ្លួនប្រហែលជាអាចខូចគុណភាព ដោយសារជាតិពុលនេះ។
បន្ទាប់ពីជួបបញ្ហានេះមក ប្រទេសចិនបានព្យួរការនាំចូលផលិតផលធ្វើពីទឹកដោះគោមួយចំនួនពីប្រទេសនូវេលហ្សេឡង់ និងអូស្ត្រាលី ព្រោះថានៅអូស្ត្រាលី ក៏អាចមានផលិតផលនាំមកពីនូវេលហ្សេឡង់ដែរ។ កាលពីឆ្នាំមុន ចិនបាននាំចូលក្នុងស្រុកនូវម្សៅទឹកដោះគោ ក្នុងតំលៃទឹកប្រាក់១ពាន់លាន ៩សែនដុល្លារ។ ផលិតផលទាំងនេះ ភាគច្រើនមកពីនូវេលហ្សេឡង់។ នាយករដ្ឋមន្ត្រីនូវេលហ្សេឡង់ John Key បរិហារថា មិនយល់សោះឡើយថាហេតុអ្វីក្រុមហ៊ុន ហ្វុងទែររ៉ា ជូនព័ត៌មានដ៏អាសន្នបែបនេះ យឺតយ៉ាវម្ល៉េះ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ