អានតួអត្ថបទ
ចិន

គ្រោះថ្នាក់​រថភ្លើង​នៅ​ខេត្ត​ Zhejiang​ ៖មនុស្ស​ស្លាប់​ចំនួន​៣៥​នាក់​និង​របួស​២១០នាក់​

បន្ទាប់ពី​​​​មាន​​គ្រោះថ្នាក់ ​បុក​គ្នា​​​រវាង​​រថភ្លើង​​ល្បឿន​លឿន​​ខ្លាំង​​ណាស់ ​TGV​​ពីរ​​ខ្សែ​​នៅ​​ថ្ងៃ​​សៅរ៍​​២៣​​​កក្កដា​​មក​ សំណួរ​​ស្តីពី​​ទំនុកទុកចិត្ត​​ទៅ​​លើ​​សុវត្ថិភាព​​និង​​គុណភាព​​នៃ​​បណ្តាញ​​រថភ្លើង​​ TGV​ ​កាន់​តែ​​​មាន​​ច្រើន​​ឡើងៗ។ គ្រោះថ្នាក់​​នៃ​​រថភ្លើង​ TGV​ នេះ ​ដែល​​កើត​​ឡើង​​នៅ​​ខេត្ត​ Zhejiang​​ ភាគ​​ខាង​​កើត​​ប្រទេស​​ចិន​ បាន​​បណ្តាល​​ឲ្យ​​មាន​​មនុស្ស​​ស្លាប់​​ចំនួន​​ ៣៥​​នាក់​និង​​របួស​ ជាង​​២០០​​នាក់។ រថភ្លើង ​TGV​ ទី​​មួយ​​ បាន​​​គាំង​​ដំណើរ​​លែង​​ទៅ​​មុខ​​ដោយ​​ហេតុ ​​ការ​​ដាច់​​ចរន្ត​​អគ្គិសនី​​​និង​​​ត្រូវ​​បុក​​ទង្គិច​​ដោយ​​រថភ្លើង​​ TGV​ មួយ​ទៀត​​ដែល​​រត់​​តាម​ក្រោយ​​ជា​ហេតុ​​បណ្តាល​​​ឲ្យ​​ទូ​​រថភ្លើង​​ចំនួន​​៤​​គ្រឿង​​ ខ្ទាត​​ធ្លាក់​ចេញ​​ពី​ផ្លូវ​ស្ពាន​ដ៏ធំ​មួយ។​ នេះ​បើ​យោងតាម​​ទី​ភ្នាក់ងារ​​ព័ត៌មាន​​ផ្លូវការ​​មួយ​​ឈ្មោះ​ ​"ចិនថ្មី"។

ក្រុម​​អ្នក​សង្គ្រោះ​​ចិន​​កំពុង​ធ្វើ​ប្រតិបត្តិការ​បន្ទាប់​ពី​ទូរថភ្លើងTGV ​បាន​ខ្ទាត​​ធ្លាក់​ចេញ​ពី​​ផ្លូវ​​ស្ពាន​ដ៏ធំមួយ។​
ក្រុម​​អ្នក​សង្គ្រោះ​​ចិន​​កំពុង​ធ្វើ​ប្រតិបត្តិការ​បន្ទាប់​ពី​ទូរថភ្លើងTGV ​បាន​ខ្ទាត​​ធ្លាក់​ចេញ​ពី​​ផ្លូវ​​ស្ពាន​ដ៏ធំមួយ។​ REUTERS/Aly Song
ផ្សាយពាណិជ្ជកម្ម

បន្ទាប់ពីគ្រោះថ្នាក់លើផ្លូវដែកនេះមក រដ្ឋមន្រ្តីក្រសួង​អយស្ម័យយាន លោក Sheng Guangzu បានចេញបញ្ជាឲ្យបើកការអង្កេតស៊ីជម្រៅមួយ ស្តីពីមូលហេតុ​នានា​នៃ​គ្រោះថ្នាក់ ដែល​​បាន​កើតឡើង​នៅម៉ោង ២០.៣០នាទី​ម៉ោង​នៅស្រុកចិន​ នៅទីក្រុង Wenzhou ខេត្ត​​ Zhejiang។

យោងតាម ទីភ្នាក់ងារព័ត៌មានផ្លូវការ« ចិនថ្មី »  រថភ្លើងទីមួយ​ដែល​បាន​​គាំង​ដំណើរ​លែង​ទៅ​មុខ​ដោយហេតុ​ត្រូវ​​រងគ្រោះដោយហេតុ​រន្ទះ​បាញ់​ចំ ក៏ប៉ុន្តែ​យោងតាម​សារព័ត៌មាន​ផ្សេងៗ​វិញ គឺ​ផ្លូវ​ដែក​ទេ​តើ​ដែល​ត្រូវ​រន្ទះ​បាញ់ចំ។ « ចិនថ្មី »បញ្ជាក់​ទៀត​ថា នៅ​ក្នុង​ទូ​រថភ្លើង​នីមួយៗ មាន​ផ្ទុក​អ្នក​ដំណើរ​ប្រមាណ​ជាង​១០០​នាក់។

ម្យ៉ាងទៀត គ្រោះថ្នាក់​រថភ្លើង TGV នៅ​ថ្ងៃ​សៅរ៍ ២៣​កក្កដា​ម្សិលមិញ​នេះ បាន​កើតមាន​មិន​ដល់​មួយ​ខែ​ផង បន្ទាប់ពី​ការ​បើក​សម្ពោធ​យ៉ាងអ៊ឹកធឹក​ផ្លូវ​រថភ្លើង TGV ដែល​ តភ្ជាប់​ទីក្រុង​ប៉េកាំង​ទៅ​ទីក្រុង សៀងហៃ​ចម្ងាយ​ប្រវែង ១៣០០ គ.ម។

គ្រោះ​មហន្តរាយ​តាម​​ផ្លូវ​ដែក​នេះ បាន​ជម្រុញ ឲ្យសាធារណជន​ចិន មាន​ក្តី​មន្ទិល​សង្ស័យ​ពុំ​ទុក​ចិត្ត​​ទៅ​លើ​សុវត្ថិភាព​ក្នុង​ការ​ធ្វើ​ដំណើរ​ និង​​គុណភាព​​នៃ​បណ្តាញ​ផ្លូវដែក​ក្នុង​ប្រទេស​ចិន។

មាគ៌ា​អយស្ម័យយាន​នៅ​ប្រទេស​ចិន​កំពុង​តែ​វិវឌ្ឍ​យ៉ាង​ពេញទំហឹង ។ ផ្លូវដែក​នេះ ដែល​មាន​ប្រវែង​៨​ពាន់​៣៥៨​គ.ម  ត្រូវ​ឡើង​រហូត​ដល់​ប្រវែង ១​ម៉ឺន​៣​ពាន់​គ.ម នៅ​ឆ្នាំ​២០១២​និង​ចម្ងាយ ១​ម៉ឺន​៦​ពាន់​​គ.​ម​​នៅ​ឆ្នាំ​២០២០។

ម្យ៉ាងទៀត ការ​សាងសង់​បណ្តាញ​អយស្ម័យយាន​ដ៏​ឆាប់​រហ័ស​​​​នៅ​​ឆ្នាំ​មុន​នេះ ​ដោយ​ប្រើ​ទុន​អស់​​យ៉ាង​ច្រើន​បំផុត​ដល់​ទៅ​​៧០ ម៉ឺន ​លាន​យ័ន​ (ឬ​ស្មើ​នឹង ៧​ម៉ឺន ៧​ពាន់ លាន​អឺរ៉ូ ) បាន​ក្លាយ​ជា​កម្មវត្ថុ​នៃ​ការ​សូក​ប៉ាន់​ក្រុម​អ្នក​ទទួលខុស​ត្រូវលើ​កម្មវិធី​សាងសង់​​មាគ៌ា​អយស្ម័យយាន ក្រោមការត្រួតពិនិត្យមើល​ដោយ​រដ្ឋមន្រ្តី​ក្រសួង​អយស្ម័យយាន​ចិន​ជំនាន់​នោះ គឺ​លោក Liu Zhijun ដែល​ត្រូវ​ប្តឹង​បរិហារ​ដោយ​ការិយាល័យ​ជាតិ​ទទួល​បន្ទុក​ខាង​អធិការកិច្ច​លើ​ចំណាយ។

រដ្ឋមន្រ្តី​ក្រសួង​អយស្ម័យយាន​ចិន​នេះ ដែល​ត្រូវជាប់​អង្កេត​មួយ​ពី​បទ​រំលោភ​បំពាន​លើ​វិន័យ ត្រូវ​បាន​គេ​ដក​ចេញ​ពី​មុខ​តំណែង​ភ្លាម​នៅ​ខែ​កុម្ភៈ​កន្លង​ទៅ​នេះ។​លោក Liu Zhijun  ប្រហែល​ជា​បាន​ទទួល​ប្រាក់​សំណូក​​ប្រមាណ​ជា​៨០០​លាន​យ័ន ឬ​ត្រូវ​ជា ៨៨​​លាន​អឺរ៉ូ។ នេះ​បើយោងតាម​សារព័ត៌មាន​ផ្លូវការ​ចិន។ ​ការ​បង្ហើប​ប្រាប់​ព័ត៌មាន​ទាំង​នេះ ក៏​ប៉ះពាល់​ផង​ដែរ​ដល់​សុវត្ថិភាព​​នៃ​ការ​ដឹក​ជញ្ជូន​តាម​ផ្លូវដែក​នៅ​ក្នុង​ប្រទេស​ចិន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ