អានតួអត្ថបទ
ចិន-នយោបាយ

ប្រជាជនចិន​​​​កំពុង​​​ស្រេក​ឃ្លាន​​​ចង់បាន​​​លទ្ធិ​​ប្រជាធិបតេយ្យ​​​

បើយោងតាម​ការស្ទាបស្ទង់​មតិ​ដែល​ផ្សព្វផ្សាយ​ដោយ​សារព័ត៌មាន​ចិន​ជាភាសា​អង់គ្លេស​ឈ្មោះ​ Huan qiu Shibao (Global Times) ​ដែលជា​សាខា​មួយ​របស់​ទិនានុប្បវត្តិ​ប្រជាជន​ ​ ​មាន​ប្រជាជន​ចិន​ប្រមាណ​៦៣%​យល់ថា​ ​ “​អនុវត្ត​តាម​ប្រព័ន្ធ​ប្រជាធិបតេយ្យ​របស់​លោកខាងលិច​ជាការ​ប្រសើរ”​។

លោក​ Wu Bangguo ​​​ប្រធាន​​សភា​​ប្រជាមានិត​​ចិន​
លោក​ Wu Bangguo ​​​ប្រធាន​​សភា​​ប្រជាមានិត​​ចិន​ REUTERS/Adrian Bradshaw/Pool/Files
ផ្សាយពាណិជ្ជកម្ម

សារព័ត៌មាន​ចិន​ជាភាសា​អង់គ្លេស​ឈ្មោះ​ Huan qiu Shibao ឬ​(Global Times) ​ បាន​ធ្វើការ​ស្ទាបស្ទង់​មតិ​មួយ​បាន​ឲ្យដឹងថា​ ​ ប្រជាជន​ចិន​ភាគច្រើន​នៅ​បារម្ភ​ខ្លាច​ប្រព័ន្ធ​បោះឆ្នោត​ដោយសេរី​ដូច​ប្រទេស​លោក​ខាងលិច​ ​ នៅពុំទាន់​អាច​អនុវត្ត​បាន​នៅក្នុង​ប្រទេសចិន​នៅ​គ្រា​បច្ចុប្បន្ននេះ។​ ក៏​ប៉ុន្តែ​មាន​ប្រជាជន​ចិន​ដល់ទៅ​១៥,៧%​យល់ថា​ ​ ប្រព័ន្ធ​សេរី​បែបនេះ​អាចអនុវត្ត​បាន​នៅក្នុង​ប្រទេស​ចិន​ឥឡូវនេះ។

 
អ្វី​ដែលគួរ​ឲ្យ​គេ​ងឿងឆ្ងល់​បំផុតគឺ​ការហ៊ាន​ផ្សព្វផ្សាយ​ដោយ​សារព័ត៌មាន​ Huan qiu Shibao ឬ​(Global Times) ​ពី​ចំនួន​ប្រជាជនចិន​១៥,៧%​ យល់ថា​ប្រព័ន្ធ​សេរី​ដូច​លោក​ខាងលិច​អាច​អនុវត្ត​បាន​នៅក្នុង​ប្រទេស​ចិន​បច្ចុប្បន្ន។​ ទាំងនេះ​បាន​សេចក្តីថា​ ​ ប្រជាជន​ចិន​ទាំងនោះ​ទាមទារ​ឲ្យ​របបគ្រប់គ្រង​ផ្តាច់ការ​ចិន​បច្ចុប្បន្ន​ដែលមាន​គណបក្ស​នយោបាយ​តែ​មួយគត់​រលត់​រលាយ​ ​ ហើយមាន​ប្រជាជន​ចិន​ដល់ទៅ​ជាង៤៩%​ថ្លែងថា​ ​ ពួកគេ​នៅរង់ចាំ​ “បដិវត្តន៍​ថ្មី”​កើតមាន​នៅក្នុង​ប្រទេសចិន។​ ជាង១៥%​យល់ថា​ ​ “ប្រទេសចិន​ពិតជា​កំពុងតែ​ឈាន​ទៅរក​បដិវត្តន៍​​មួយថ្មី”​ ​ រីឯ​ប្រជាជន​ចិន​ប្រមាណ​៣៤%​យល់ថា​ ​ “ប្រទេសចិន​ប្រហែលជា​កំពុង​ឈាន​ទៅរក​បដិវត្តន៍​មួយ​ថ្មី”​។

គួរ​បញ្ជាក់ថា​ ​ ការស្ទាបស្ទង់​មតិ​បែប​វិទ្ធង្សនា​នេះ​មាន​ផ្សព្វផ្សាយ​តែ​នៅក្នុង​ សារព័ត៌មាន​ចិន​ជាភាសា​អង់គ្លេស​ឈ្មោះ​ Huan qiu Shibao ឬ​(Global Times) ប៉ុណ្ណោះ។​ នៅ​ថ្ងៃសៅរ៍​កន្លងទៅនេះ​ ​ លោក​ Wu Bangguo ​បច្ចុប្បន្ន​ប្រធាន​សភា​ប្រជាមានិត​ចិន​បាន​ថ្លែង​ថា ​“​ការអនុវត្តន៍​តាម​ប្រព័ន្ធ​ប្រជាធិបតេយ្យ​សេរី​ដូច​លោក​ខាងលិច​ពុំ​អាច​ប្រព្រឹត្ត​បាន​ឡើយ​នៅក្នុង​ប្រទេសចិន​បច្ចុប្បន្ន​ ​ ហើយ​ប្រព័ន្ធ​គ្រប់គ្រង​សង្គមនិយម​បែប​ចិន​នេះ​នឹង​មាន​អាយុ​យឺនយូរ​វែងឆ្ងាយ​តទៅទៀត”។

គួរ​កត់​សម្គាល់ថា​ ​ ប្រទេសចិន​ពុំអាច​រក្សា​របប​គ្រប់គ្រង​សង្គមនិយម​បែបនេះ​បាន​យូរ​តទៅ​ទៀតឡើយ។​ នៅពេល​អនាគត​ខាងមុខ​ ​ ប្រទេសចិន​ត្រូវតែ​ងាកមក​អនុវត្ត​គោលការណ៍​​ប្រជាធិបតេយ្យ​ ​ យុត្តិធម៌​ ​ និងសេរីភាព៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ