តុលាការកោះហៅ លោក រ៉ុង ឈុន ឲ្យចូលបំភ្លឺលើបណ្តឹងប្រឆាំងនឹងសេចក្តីសម្រេចរបស់ក្រសួងអប់រំ
តុលាការក្រុងភ្នំពេញ កាលពីថ្ងៃទី៨កុម្ភៈ បានចេញដីកាកោះហៅ លោក រ៉ុង ឈុន ឲ្យចូលបំភ្លឺនៅចុងខែកុម្ភៈនេះ ដើម្បីការពារបណ្តឹងរបស់លោក ករណីប្តឹងសុំមោឃភាពសេចក្ដីប្រកាសរបស់ក្រសួងអប់រំដែលបានលុបឈ្មោះគ្រូបង្រៀនជាង១០នាក់ពីក្របខណ្ឌរដ្ឋ។ ការចេញដីកាកោះហៅនេះ ធ្វើឡើងខណៈលោក រ៉ុង ឈុន កំពុងស្ថិតនៅឯក្រៅប្រទេស។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ក្នុងដីកាកោះដែលចេញដោយចៅក្រមសាលាដំបូងរាជធានីភ្នំពេញ លោក រស់ ពិសិដ្ឋ បានកំណត់ឲ្យលោក រ៉ុង ឈុន ឲ្យចូលឆ្លើយបំភ្លឺនាថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៩ វេលាម៉ោង៩ព្រឹក។
បើតាម តុលាការដដែល ប្រសិនបើ លោក រ៉ុង ឈុន (ដែលបច្ចុប្បន្ននេះកំពុងនៅក្រៅប្រទេស) ពុំបានចូលខ្លួនមកបំភ្លឺទេនោះ តុលាការអាចទទួលស្គាល់ សេចក្ដីអះអាងរបស់ក្រសួងអប់រំ។
ក្រសួងអប់រំ យុវជន និងកីឡា កាលពីដើមឆ្នាំ២០១៨ បានសម្រេចលុបឈ្មោះគ្រូបង្រៀន និងបុគ្គលិកអប់រំចំនួន១១នាក់ ដែលជាអតីតមន្ត្រីជាប់ឆ្នោត និងមន្ត្រី គ.ជ.ប កូតា មកពីអតីតគណបក្សសង្រ្គោះជាតិ ចេញពីក្របខណ្ឌក្រសួងអប់រំ ក្រោមហេតុផលថាគ្រូបង្រៀនទាំងនោះអវត្តមានពីការងារដោយគ្មានច្បាប់អនុញ្ញាត។
ប៉ុន្តែកាលពីថ្ងៃទី១៦ ខែមករា លោក រ៉ុង ឈុន រួមជាមួយអតីតគ្រូបង្រៀនទាំងនោះ បានដាក់ពាក្យបណ្តឹងទៅតុលាការក្រុងភ្នំពេញ ដោយស្នើឱ្យតុលាការបដិសេធសេចក្ដីប្រកាសរបស់ រដ្ឋមន្ត្រីក្រសួងអប់រំ លោក ហង់ ជួនណារ៉ុន កាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៨ និងផ្ដល់ក្របខណ្ឌជាគ្រូបង្រៀន ដល់អតីតសកម្មជនអតីតគណបក្សសង្រ្កោះជាតិមកវិញ។
សូមជម្រាបជូនថា មុនពេល លោក រ៉ុង ឈុន ដាក់ពាក្យបណ្តឹងទៅកាន់តុលាការបែបនេះ អតីតប្រធានសមាគមគ្រូបង្រៀនរូបនេះ ក៏បានដាក់លិខិតស្វែងរកអន្តរាគមន៍ជាច្រើនទៅក្រសួងអប់រំ ទៅកាន់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងទៅកាន់សហគមន៍អន្តរជាតិផងដែរ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ