អានតួអត្ថបទ
ព្យុះសង្ឃរា-អឺរ៉ុប

អឺរ៉ុបខាងលិច​រងគ្រោះ បំផ្លិចបំផ្លាញ ដោយ​ព្យុះកំណាច​Ciaran

នៅ​អឺរ៉ុប​ខាងលិច មនុស្ស​១០នាក់ ស្លាប់ ដោយសារ​ព្យុះកំណាច​Ciaran ដែល​បក់​ក្នុង​ល្បឿន ជិត ២០០គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង។ ចាប់ផ្តើម​បោកបក់​ចេញ​មហាសមុទ្រ​អាត្លង់ទិក កាលពីថ្ងៃ​យប់ថ្ងៃពុធទី ១​វិច្ឆិកា ព្យុះសង្ឃរា​បំផ្លាញ​ផ្ទះសម្បែង កាត់ផ្តាច់អគ្គិសនី នៅ​ប្រទេស​បារាំង បង្ក​ឲ្យមានភ្លើងឆេះព្រៃ​នៅអេស្ប៉ាញ។ ចំណែក​អ៊ីតាលី ដែល​រងគ្រោះដោយទឹកជំនន់​ក្នុងវេលា​មាន​ខ្យល់ព្យុះ រាប់ឃើញមានមនុស្ស​បាត់បង់ជីវិត​៣នាក់។

ដើមឈើបាក់រលំសង្កត់លើរថយន្តដោយសារ​កម្លាំងខ្យល់ព្យុះCiaran
ដើមឈើបាក់រលំសង្កត់លើរថយន្តដោយសារ​កម្លាំងខ្យល់ព្យុះCiaran REUTERS - STEPHANE MAHE
ផ្សាយពាណិជ្ជកម្ម

ប្រទេសចំនួន​៧ ​នៅអឺរ៉ុប​ខាងលិច​រងគ្រោះ​បោកបក់ ដោយ​ខ្យល់ព្យុះសង្ឃរា​ដ៏កម្រ កាលពីយប់​ថ្ងៃ​ពុធ ឈានចូលដល់ថ្ងៃព្រហស្បតិ៍ ដែល​បាន​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​យ៉ាងតិច ១០នាក់ និង​បំផ្លិចបំផ្លាញ​ផ្ទះសម្បែង ចំណែក​សាលារៀន ស្ថានីយ៍រថភ្លើង អាកាសយានដ្ឋាន កំពង់ផែ​ត្រូវ​បិទ ផ្អាកមិនដំណើរការ។

នៅបារាំង ជាទី ដែល​ខ្យល់ព្យុះ​Ciaran ត្រូវ​កត់ត្រាជា​ខ្យល់ព្យុះ កម្លាំងដ៏ខ្លាំង​មិនធ្លាប់មាន នៅ​រយៈពេល​៤០ឆ្នាំមកនេះ អាជ្ញាធរស្រង់ឃើញ​មាន​មនុស្ស​២នាក់​ស្លាប់ ដោយសារ​ការបាក់រលំដើមឈើរលើ​រថយន្ត និង​ធ្លាក់​ពី​លើផ្ទះដោយសារ​កម្លាំងខ្យល់ព្យុះ។ ព្យុះសង្ឃរា ដែលបក់ក្នុង​ល្បឿន​ជិត​២០០គីឡូម៉ែត្រ​ក្នុងមួយ​ម៉ោង បាន​បំផ្លាញ​ផងដែរ បង្គោលភ្លើង កាត់ផ្តាច់អគ្គិសនី របស់​ផ្ទះ​ជិត​៦សែន​ខ្នង​នៅ​តំបន់​ភាគខាងជើង​បារាំង។

នៅ​អេស្ប៉ាញឯណោះវិញ ខ្យល់ព្យុះ​កំណាច​ Ciaran បាន​បង្ក​ឲ្យ​មានភ្លើងឆេះព្រៃ​ជាង ១០០០ហិចតា និង​ការជម្លៀសមនុស្ស​ជាង​៨០០នាក់​ចេញ​ពី​ផ្ទះសម្បែង។

បើតាម​អាជ្ញាធរ​អេស្ប៉ាញ កម្លាំងខ្យល់បក់ ជាង​១២០គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង រំខាន​ការងារ​ពន្លត់ភ្លើងឆេះព្រៃ ព្រោះថា ដោយសារ​ខ្យល់ព្យុះខ្លាំង យន្តហោះ​មិន​អាច​ចេញ​ទៅ​ដឹកទឹកពន្លត់ភ្លើង។

នៅ​ប៊ែលហ្ស៊ិក មនុស្ស​២នាក់​ស្លាប់​ដោយសារ​ដើមឈើបាក់​សង្កត់លើ។ បន្ថែមពីលើ​ចំនួន​មនុស្ស​ស្លាប់​២នាក់ នៅអាល្លឺម៉ង់ និង​នៅ​ហូឡង់ អាជ្ញាធរ​នៅ​ទីក្រុង​Toscane​ភាគកណ្តាល​អ៊ីតាលី​ប្រកាស​សញ្ញាអាសន្ន បន្ទាប់​ពី​ខ្យល់ព្យុះ​សម្លាប់មនុស្ស​៣នាក់ និង​បង្កគ្រោះទឹកជំនន់ តាំងពី​ថ្ងៃ​ព្រហស្បតិ៍។ សម្រាប់​អភិបាលក្រុងអ៊ីតាលី Toscane គ្រោះមហន្តរាយ​បង្កឡើង​ដោយ​ខ្យល់ព្យុះកំណាច Ciaran មាន​ឈ្មោះរបស់​វា នោះ​គឺ​ការប្រែប្រួលអាកាសធាតុ។ នៅបន្ទាប់ពីព្យុះសង្ឃរា បក់សំដៅ​ទៅ​ភាគខាងត្បូង នៅសមុទ្រ​មេឌីទែរ៉ាណេ នៅ​ថ្ងៃ​សុក្រ ប្រទេស​នៅអឺរ៉ុបខាងជើង​ត្រូវរងសម្ពាធទឹកភ្លៀងមួយទៀត នៅ​ចុងសប្តាហ៍នេះ ប៉ុន្តែ វាមិនធ្ងន់ធ្ងរ​កាចសាហាវខ្លាំង​ដូច​ព្យុះ​Ciaranនោះទេ៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ