អឺរ៉ុបមួយភាគ រងខ្យល់ព្យុះ Eunice ស្លាប់យ៉ាងហោច១៣នាក់
មានស្លាប់យ៉ាងហោចណាស់១៣នាក់ និងរបួសជាច្រើននាក់ ព្រមទាំងមានការខូចខាតជាសម្ភារៈបរិក្ខារយ៉ាងច្រើនសន្ធឹកសន្ទាប់ទៀត ដោយហេតុខ្យល់ព្យុះដ៏កំណាច Eunice អឺនីស ដែលបោកបក់មកលើតំបន់ប៉ែកពាយ័ព្យនៃអឺរ៉ុប។ ចរាចរណ៍ផ្លូវអាកាស ផ្លូវដែក ត្រូវផ្អាក ត្រូវលុបចោលអស់ជាច្រើនសិបជើង។ ហើយតំបន់ខ្លះទៀតពុំទាន់មានអគ្គីសនីប្រើប្រាស់វិញផង។
ចុះផ្សាយនៅថ្ងៃ៖
កកើតនៅប្រទេសអៀរឡង់ ខ្យល់ព្យុះអឺនីសបានវាយបោកបក់លើអង់គ្លេសនៅថ្ងៃសុក្រទី ១៨កុម្ភៈ ក្នុងល្បឿនជិត២០០គីឡូម៉ែត្រក្នុងមួយម៉ោង រហូតជំរុញឱ្យអាជ្ញាធរអង់គ្លេសប្រកាសភាពអាសន្នព្យុះភ្លៀងកំរិតខ្ពស់បំផុត (មិនធ្លាប់មានគិតចាប់តាំងពីដាក់ប្រព័ន្ធប្រកាសអាសន្នឱ្យដំណើរការនៅឆ្នាំ២០១១មក) សម្រាប់តំបន់ភាគខាងត្បូងប្រទេសនិងក្រុងឡុងដ៍។
ឆ្លងកាត់ប្រទេសបារាំង ចេញពីប្រទេសបេនេលុច អឺនីសបន្តដំណើរឆ្ពោះទៅ ដាណឺម៉ាក អាល្លឹម៉ង់ ... ជាសរុបមួយភាគបីនៃតំបន់ប៉ែកខាងជើងអឺរ៉ុប ប្រកាសអាសន្នព្យុះភ្លៀងកំរិតក្រហម រហូតមកទល់នឹងថ្ងៃសៅរ៍ទី១៩កុម្ភៈ។
ខ្យល់ព្យុះ បានបន្សល់ទុកនូវតែទិដ្ឋភាពគួរឱ្យសង្វេក ដើមឈើធំៗរលំរំលើងគល់ដួលច្រងាងពេញផ្លូវ ដំបូលផ្ទះប៉ើងបាត់ សមុទ្ទកញ្ជ្រោលដោយរលកកម្ពស់១០ម៉ែត្រ បោកខ្ទប់ច្រាំង និងបានរំខានចរាចរណ៍ផ្លូវទឹក ផ្លូវអាកាស និងផ្លូវគោកយ៉ាងខ្លាំង។ ការហោះហើរជាង៤០០ជើង និង នាវាចម្លងជាងច្រើនជើង ត្រូវលុប។ យន្តហោះជាង២០០គ្រឿងត្រូវចូលសំចតលើដី។ រថភ្លើងជាច្រើនខ្សែតែតភ្ជាប់ពីរដ្ឋធានីមួយទៅរដ្ឋធានីរបស់អឺរ៉ុបត្រូវផ្អាក។ ផ្ទះសម្បែងជាង៤សែនខ្នងនៅអង់គ្លេស ជាង៧៥០០០ខ្នងនៅបារាំង ជិត២០ម៉ឺនខ្នងនៅប៉ូឡូញ គ្មានអគ្គីសនីប្រើប្រាស់ទេ។
ខូចខាតជាសម្ភារៈមិនល្មម គិតត្រឹមរសៀលថ្ងៃសៅរ៍ទី ១៩កុម្ភៈ អឺនីសបានផ្តាច់ជីវិតមនុស្សអស់យ៉ាងហោចណាស់១៣នាក់ ពីរនាក់នៅប៉ូឡូញ នៅអាល្លឺម៉ង់ បួននាក់នៅហូឡង់ បីនាក់នៅអង់គ្លេស ម្នាក់នៅប៊ែលហ្សិកនិងនៅអៀរឡង់ម្នាក់ ព្រមទាំងរបួសជាច្រើនសិបនាក់នៅបារាំង។ ជនរងគ្រោះភាគច្រើនបានស្លាប់/របួសដោយដើមឈើបាក់រលំលើ។
ដោយហេតុតែការឡើងកម្តៅសីតុណ្ហភាពនៃភពផែនដី ដែលជាទូទៅបានបង្កើនឱ្យមានគ្រោះបាតុភូតធម្មជាតិដូចជាព្យុះសង្ឃរា ស៊ីក្លូន ទឹកជំនន់ ភាពរាំងស្ងួត ឆេះព្រៃ ...កាន់តែញាប់និងកំណាចខ្លាំង សូម្បីតែខ្យល់និងព្យុះភ្លៀងប្រភេទធម្មតាដែលមានមិនទៀងទាត់ ពីមួយឆ្នាំទៅមួយឆ្នាំនោះ ក៏ទំនងជារងឥទ្ធិពលពីការប្រែប្រួលអាកាសធាតុនេះដែរ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ