អានតួអត្ថបទ
ហូឡង់-កូវីដ១៩

ហូឡង់៖បាតុកម្មហិង្សាប្រឆាំងនឹងការដាក់ចេញជាថ្មីនូវវិធានការឹតបន្តឹងទប់ស្កាត់នឹងការឆ្លងជំងឺកូវីដ១៩

នៅ​ក្នុង​ទីក្រុង​រ៉ូតទែរដាម ប្រទេស​ហូឡង់ បាតុកម្ម​ប្រឆាំង​នឹង​ការ​ដាក់​ចេញ​ជា​ថ្មី​នូវ​វិធានកា​រឹតបន្តឹង​ទប់​ស្កាត់​នឹង​ការ​ឆ្លង​ជំងឺ​កូវីដ១៩ បាន​បង្ក​ឲ្យ​មាន​អំពើ​ហិង្សា​កាល​ពី​យប់​ថ្ងៃ​សុក្រ ទី១៩ វិច្ឆិកា។ ប្រឈម​នឹង​ភាព​ពុះកញ្រ្ជោល និង​អំពើ​ហិង្សា​របស់​បាតុករ​មួយ​ចំនួន កម្លាំង​ប៉ូលិស​បាន​ធ្វើ​ការ​បាញ់​ព្រមាន​ដោយ​មាន​អ្នក​រង​របួស និង​ការ​ចាប់​ខ្លួន។ គួរ​បញ្ជាក់​ថា ហូឡង់​កំពុង​ប្រឈម​នឹង​សន្ទុះ​កំណើន​ករណី​ឆ្លង​កូវីដ១៩ តាំង​ពី​មួយ​សប្តាហ៍។ ជាក់ស្តែង​ក្នុង​ថ្ងៃ​សុក្រ ទី១៩ វិច្ឆិកា មាន​ករណី​ឆ្លង​ថ្មី​ជាង ២១ ០០០ករណី។

នៅហូឡង់ បាតុកម្មហិង្សាប្រឆាំងនឹងការដាក់ចេញជាថ្មីនូវវិធានការឹតបន្តឹងទប់ស្កាត់នឹងការឆ្លងជំងឺកូវីដ១៩។
នៅហូឡង់ បាតុកម្មហិង្សាប្រឆាំងនឹងការដាក់ចេញជាថ្មីនូវវិធានការឹតបន្តឹងទប់ស្កាត់នឹងការឆ្លងជំងឺកូវីដ១៩។ © Media TV Rotterdam/AP
ផ្សាយពាណិជ្ជកម្ម

ក្រុម​ជន​ពាក់មុខ​ប្រដាប់​ដោយ​ដំបង ការ​វាយ ហើយ​ដុត​ឡាន​ប៉ូលិស និង​ការ​ដុត​បំផ្លាញ​របស់​របរ​ជា​ច្រើន​ផ្សេង​ទៀត​ដូច​ជា​កង់ និង​ម៉ូតូ ទាំង​អស់​នេះ​ជា​រូបភាព​ដែល​គេ​បាន​ឃើញ​នៅ​ក្នុង​ក្បួន​បាតុកម្ម​នៃ​ការ​ប្រឈម​មុខ​ដាក់​គ្នា​យ៉ាង​ហិង្សា​រវាង​ក្រុម​បាតុករ និង​កម្លាំង​ប៉ូលិស​នា​យប់​ថ្ងៃ​សុក្រ ទី១៩ វិច្ឆិកា​ក្នុង​ទីក្រុង​រ៉ូតទែរដាម។ នៅ​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​ចេញ​ផ្សាយ​នៅ​ក្រោយ​ម៉ោង ៩យប់ ប៉ូលិស​បាន​បញ្ជាក់​ពី​ការ​បាញ់​កាំភ្លើង​ដើម្បី​ព្រមាន និង​មាន​របួស​ចំនួន ៧នាក់ ក្នុង​នោះ​ក៏​មាន​ប៉ូលិស​ដែរ។ បើ​តាម​ទូរទស្សន៍​ក្នុង​ស្រុក មាន​អ្នក​របួស​ម្នាក់​យ៉ាង​តិច​ដោយ​គ្រាប់​កាំភ្លើង។ តែ​គេ​ពិបាក​កំណត់​ថា តើ​ជា​គ្រាប់កំាភ្លើង​របស់​ប៉ូលិស ឬ​មក​ពី​ខាង​ណា។

ទន្ទឹម​គ្នា​នេះ រដ្ឋអំណាច​បាន​ប្រកាស​ពី​ការ​ចាប់​ខ្លួន​បាតុករ​ជា​ច្រើន​នាក់។ គួរ​បញ្ជាក់​ថា បាតុកម្ម​នេះ​បាន​រៀបចំ​ឡើង​ដោយ​ក្រុម​ប្រឆាំង​នឹង​វិធានការ​រឹតបន្តឹង​ជា​ថ្មី​របស់​រដ្ឋាភិបាល​ក្នុង​ការ​ទប់ស្កាត់​នឹង​ការ​ឆ្លង​ជំងឺ​កូវីដ១៩។ តាំង​ពី​មួយ​សប្តាហ៍​ដែល​ប្រទេស​ហូឡង់​បាន​ប្រឈម​នឹង​សន្ទុះ​ករណី​ឆ្លង​ថ្មី​ដោយ​មាន​ជាង ២១ ០០០ករណី​ក្នុង​ថ្ងៃ​សុក្រ ទី១៩ វិច្ឆិកា។ ប្រឈម​នឹង​កំណើន​ករណី​ឆ្លង​ថ្មី​នេះ រដ្ឋាភិបាល​បាន​ដាក់​ចេញ​នូវ​វិធានការ​រឹតបន្តឹង​ជា​ថ្មី​ដូច​ជា​តម្រូវ​ឲ្យ​ពាក់​ម៉ាស​នៅ​ទីកន្លែង​បិទជិត​មួយ​ចំនួន ហើយ​ភោជនីយដ្ឋាន​ត្រូវ​បិទទ្វារ​នៅ​ម៉ោង ៨យប់។

គួរ​រម្លឹក​ថា​ក្នុង​ខែ​មករា​កន្លង​ទៅ ពោល​ក្រោយ​ពី​ការ​ចូល​ជា​ធរមាន​នូវ​បំរាម​គោចរ​ដែល​ជា​វិធានការ​ទប់​ស្កាត់​ការ​ឆ្លង​កូវីដ១៩ ហូឡង់​ក៏​ធ្លាប់​បាន​ស្គាល់​នូវ​បាតុកម្ម​ហិង្សា​ដូច​កាល​ពី​យប់​ថ្ងៃ​សុក្រ ទី១៩ វិច្ឆិកា​អ៊ីចឹង​ដែរ។ បើ​តាម​មើល​ទៅ វិធានការ​រឹតបន្តឹង​ជា​ថ្មី​របស់​រដ្ឋាភិបាល​ពេល​នេះ​នៅ​មិន​ទាន់​អាច​រំងាប់​កំហឹង​របស់​ពលរដ្ឋ​មួយ​ចំនួន​ទេ ព្រោះ​ក្នុង​ថ្ងៃ​សៅរ៍ ទី២០ វិច្ឆិកា​នេះ មាន​មនុស្ស​ជា​ច្រើន​ពាន់​នាក់​ត្រៀម​ចុះ​ផ្លូវ​ធ្វើ​បាតកម្ម​ជា​ថ្មី​ទៀត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ