អានតួអត្ថបទ
បារាំង ភេរវកម្ម

តុលាការបារាំង​កាត់ទោស​ដាក់​ពន្ធនាគារ​អ្នក​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ភេរវកម្ម នៅប៉ារីស

ជិត ៦ឆ្នាំ​ក្រោយ ភេរវកម្ម នៅទីក្រុង​ប៉ារីស ដែល​បាន​សម្លាប់មនុស្ស ១៧នាក់ នៅ​ទស្សនាវដ្តី ឆាលី អិបដូ និង​នៅ​ហាងលក់ទំនិញ​របស់ជនជាតិ​ជ្វីហ្វ តុលាការ​ពិសេស​ក្រុង​ប៉ារីស​បាន​សម្រេច​កាត់ទោស ដាក់ពន្ធនាគារ អ្នកដែល​ជាប់​ពាក់ព័ន្ធ​នឹង​ភេរវកម្ម ចំនួន ១៣នាក់ ឲ្យ​ជាប់​ពន្ធនាគារ ពី ៤ ទៅ ៣០ឆ្នាំ។ ភាគី​ដើមបណ្តឹង​រដ្ឋប្បវេណី ​ចំនួន​២០០នាក់ ដែល​ជាជនរងគ្រោះ និង​ជា​សាច់ញាតិ របស់​ជនរងគ្រោះ ស្លាប់​នៅក្នុង​ការវាយប្រហារ​ភេរវកម្ម កាលពី​ខែ​មករា ឆ្នាំ ២០១៥ ទទួលយល់ព្រម ការសម្រេច​របស់​តុលាការ ប៉ុន្តែ មេធាវី​មួយ​ចំនួន​របស់ជនសង្ស័យ បាន​និយាយ​ហើយថា គេ​នឹង​ប្តឹង​បន្ត​ទៅ​សាលាឧទ្ធរណ៍។ 

រូបគំនូរស្តីពី​សវនាការ​នៅតុលាការក្រុងប៉ារីស នៅថ្ងៃទី ១៦​ធ្នូ បង្ហាញ​រូប  Ali Riza Polat (ស្តាំបំផុត) ជាជនជាប់ចោទ​សំខាន់ជាងគេ ដែល​ត្រូវ​តុលាការ​កាត់ទោស​ឲ្យជាប់ពន្ធនាគារ ៣០ឆ្នាំ ក្នុង​បទសកម្ម និង​ជួយ​រៀបចំផែនការ​វាយប្រហារ​ភេរវកម្ម​លើ​ទស្សនាវដ្តី​ឆាលី អិបដូ កាលពី​ថ្ងៃទី ៧​ខែមករា ឆ្នាំ ២០២០
រូបគំនូរស្តីពី​សវនាការ​នៅតុលាការក្រុងប៉ារីស នៅថ្ងៃទី ១៦​ធ្នូ បង្ហាញ​រូប Ali Riza Polat (ស្តាំបំផុត) ជាជនជាប់ចោទ​សំខាន់ជាងគេ ដែល​ត្រូវ​តុលាការ​កាត់ទោស​ឲ្យជាប់ពន្ធនាគារ ៣០ឆ្នាំ ក្នុង​បទសកម្ម និង​ជួយ​រៀបចំផែនការ​វាយប្រហារ​ភេរវកម្ម​លើ​ទស្សនាវដ្តី​ឆាលី អិបដូ កាលពី​ថ្ងៃទី ៧​ខែមករា ឆ្នាំ ២០២០ AFP - MARIE WILLIAMS
ផ្សាយពាណិជ្ជកម្ម

នៅ​ក្រោយ​សវនាការ​ដ៏ស្មុគស្មាញ និង​អូសបន្លាយ​ពេលវេលា រាប់ខែ ដោយសារ​តែ​វិបត្តិកូវីដ តុលាការ​ក្រុង​ប៉ារីស នៅទីបំផុត​ទៅ​បាន​សម្រេចកាត់ទោស  មនុស្ស​១៣នាក់ ឲ្យ​ជាប់ពន្ធនាគារ ពី​៤ ទៅ​៣០ឆ្នាំ និង​ម្នាក់ ឲ្យ​ជាប់គុក​អស់មួយជីវិត ក្នុង​បទចោទ​ប្រកាន់ ថា​បាន​ឃុបឃិត ផ្គត់ផ្គង់​អាវុធ ជួយរៀបចំ​ផែនការ​ធ្វើ​ភេរវកម្ម សម្លាប់មនុស្ស នៅ​ទស្សនាវដ្តី​ត្លុក ឆាលី អិបដូ និង​នៅ​ហាងទំនិញជ្វីហ្វ កាលពី​ខែមករា ឆ្នាំ ២០១៥។

មេក្លោង ៣​នាក់ គឺ​បងប្អូន Kouachi​ដែល​បានវាយប្រហារ ភេរវកម្ម​សម្លាប់​មនុស្ស​នៅ ទស្សនាវដ្តី ឆាលី អិបដូ ហើយ​ភេរវជន Coulibaly ​នៅហាងទំនិញ ជ្វីហ្វ Hyper Cacher ត្រូវ​បាន​ប៉ូលិស​បាញ់សម្លាប់ នៅ ប៉ុន្មាន​ថ្ងៃ​ក្រោយ មានភេរវកម្ម។ ដូច្នេះ សវនាការ​រយៈពេល ៣ខែ ដែល​តុលាការ​ក្រុង​ប៉ារីស បាន​ចាប់ផ្តើម​បើក តាំង​ពីថ្ងៃទី ២​កញ្ញា មកនេះ ជាសវនាការ​ដែល​ផ្តោត​ជំនុំជម្រះ​តែ​ទៅលើ​ជនជាប់ចោទ​ដែល​មាន​ជាប់​ពាក់ព័ន្ធ នឹង​ការវាយប្រហារ​ភេរវកម្ម​តែប៉ុណ្ណោះ។

នៅក្រោយ​ភេរវកម្ម បីថ្ងៃ ដែល​បាន​សម្លាប់មនុស្ស ១៧នាក់ នៅ​ទស្សនាវដ្តី ឆាលីអិបដូ និង​ហាងទំនិញ ជ្វីហ្វ ជនជាប់ចោទ ១៤នាក់ ត្រូវបាន​ប៉ូលិស​ស្រាវជ្រាវ​រក​ឃើញមុខ និង​ចាប់ខ្លួន​បាន តាមរយៈ ការឆ្លើយឆ្លង​ទូរស័ព្ទ និង​សំណាក​ADN ជាមួយ​ក្រុមភេរវជន។ នៅថ្ងៃ​ពុធ ដោយសារ​តែ គ្មាន​ភស្តុតាង រឹងមាំ តុលាការ​ក្រុង​ប៉ារីស បាន​សម្រេច ដក​ជនជាប់ចោទ ៦នាក់ ពីក្នុង​បញ្ជី​ចោទប្រកាន់ ជាប់ពាក់ព័ន្ធ​នឹង​អំពើភេរវកម្ម ប៉ុន្តែ ពួកគេ​នៅតែ​ត្រូវជាប់ទោស ពន្ធនាគារ ក្នុង​បទ​ជួញដូរ​អាវុធ។

ម្យ៉ាងទៀត នៅ​ក្នុង​ចំណោម​ជនជាប់ចោទ ១៤នាក់ មាន ៣នាក់ ត្រូវ​បាន​តុលាការ​កាត់ទោស ដោយ​កំបាំងមុខ ដោយសារ បាន​រត់គេចខ្លួន គ្មាន​ដំណឹងច្បាស់លាស់ ឬ​ស្លាប់​នៅ ស៊ីរី ដូចជា អតីត​សង្សារ​របស់ ភេរវជន​Coulibaly ហើយ​និង​អតីត​និស្សិត​វិស្វករ​ម្នាក់ ដែល​បាន​ជួយ​រៀបចំផែនការ​ឲ្យ​Coulibaly វាយប្រហារ​លើ​ហាងទំនិញ​ជ្វីហ្វ នៅជាយក្រុង​ប៉ារីស។

ជនជាប់ចោទ​ទាំង​១១​នាក់ មានអាយុ ពី ២៩ ទៅ ៦៣ឆ្នាំ ដែល​មាន​មុខ​នៅ សវនាការ និង​ត្រូវ​បាន​តុលាការ​កាត់ទោស កាលពី​ថ្ងៃ​ពុធ សុទ្ធសឹងជាអ្នកដែល​ធ្លាប់​ជាប់​ក្នុង​បញ្ជីថ្កោលទោស​របស់​តុលាការ​បារាំង។ ដោយ​ថ្កោលទោស​ឧក្រិដ្ឋជន​ដែល​ជាប់ពាក់ព័ន្ធ​នឹង​ការវាយប្រហារ​ភេរវកម្ម ទៅលើ​ទស្សនាវដ្តី​ឆាលី អិបដូ និង​ហាងទំនិញជ្វីហ្វ តុលាការ​ប៉ារីស​បាន​បើក​សវនាការ​ប្រវត្តិសាស្រ្ត​មួយ ដើម្បី ផ្តល់​យុត្តិធម៌​ដល់​ជនរងគ្រោះ​ដោយសារ​អំពើភេរវកម្ម ដែល​បាន​អង្រួនទីក្រុង​ប៉ារីស កាលពី​ជិត ៦ឆ្នាំ​មុន។

បារាំង នៅតែ​ប្រឈម​ខ្លាំង នឹង​ការគំរាមកំហែង​វាយប្រហារ​ភេរវកម្ម។ នៅក្រោយ តុលាការ​ចាប់បើក​សវនាវការ ជំនុំជម្រះ អ្នកពាក់ព័ន្ធ​នឹង​អំពើភេរវកម្ម ឆ្នាំ ២០១៥  ភេរវកម្ម ៣​លើក បាន​កើតឡើង បន្តបន្ទាប់គ្នា ដែល​ចុងក្រោយ គឺ​ភេរវកម្ម​សម្លាប់​គ្រូបង្រៀន នៅក្នុង​បរិបទ​ដែល​សិទ្ធិសេរីភាព​បញ្ចេញមតិ និង​ការចំអក ទៅលើ​សាសនា​ឥស្លាម កំពុង ចោទ​ជាបញ្ហា ធំ ក្នុងសង្គមបារាំង៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ