អានតួអត្ថបទ
បារាំង-ក្រុមជីហាត-អង្គការដ្ឋអ៊ីស្លាម

ទាហាន​បារាំង​សម្លាប់​មេដឹកនាំ​ជីហាត​រដ្ឋ​អ៊ីស្លាម​នៅ​អាហ្វ្រិក

ទាហាន​បារាំង​បាន​សម្លាប់​មេដឹកនាំ​ជីហាត​អង្គការ​រដ្ឋអ៊ីស្លាម​នៅ​តំបន់​សាហារ៉ាស្ថិត​ក្នុង​ទ្វីប​អាហ្វ្រិក​តាមរយៈ​ប្រតិបត្តិការ​មួយ​។ មេដឹកនាំ​ជីហាត​រដ្ឋ​អ៊ីស្លាម​រូបនេះ​ឈ្មោះ អេដណាន​ អាប៊ូ​ អាល់សារ៉ាវី​ (Adnan Abou Walid al-Sahrawi) និងក៏​ជាគោលដៅ​តាម​ប្រមាញ់​របស់​អាមេរិក​ដែរ​ ដោយសារ​តែ​បាន​ធ្វើការ​វាយប្រហារ​ដ៏សាហាវ​ជា​ច្រើន​ដង​ទៅ​លើ​ទាហាន​អាមេរិក និងបុគ្គលិក​ជំនួយ​បរទេស​។

នៅថ្ងៃព្រហស្បតិ៍ ១៦ កញ្ញា ឆ្នាំ២០២១ ប្រធានាធិបតីបារាំងលោក អេម៉ានុយអែល ម៉ាក្រុង ប្រកាសថាទាហាន​បារាំង​សម្លាប់​មេដឹកនាំ​ជីហាត​រដ្ឋ​អ៊ីស្លាម​នៅ​អាហ្វ្រិកឈ្មោះ អេដណាន អាប៊ូ អាល់សារ៉ាវី (Adnan Abou Walid al-Sahrawi)។
នៅថ្ងៃព្រហស្បតិ៍ ១៦ កញ្ញា ឆ្នាំ២០២១ ប្រធានាធិបតីបារាំងលោក អេម៉ានុយអែល ម៉ាក្រុង ប្រកាសថាទាហាន​បារាំង​សម្លាប់​មេដឹកនាំ​ជីហាត​រដ្ឋ​អ៊ីស្លាម​នៅ​អាហ្វ្រិកឈ្មោះ អេដណាន អាប៊ូ អាល់សារ៉ាវី (Adnan Abou Walid al-Sahrawi)។ MICHELE CATTANI AFP/File
ផ្សាយពាណិជ្ជកម្ម

អេដណាន អាប៊ូ អាល់សារ៉ាវី ត្រូវ​បាន​សម្លាប់​ដោយ​កងកម្លាំង​យោធាបារាំង​។ នេះគឺជា​ការ​ប្រកាស​របស់​ប្រធានាធិបតី​បារាំង​លោក អេម៉ានុយអែល ម៉ាក្រុង​ តាមរយៈសារធ្វីតទ័រនៅថ្ងៃ​ព្រហស្បតិ៍​១៦ កញ្ញា ឆ្នាំ២០២១នេះ​។

លោកម៉ាក្រុង​បាន​អះអាង​បន្ថែមថា ​នេះ គឺ​ជា​ជោគជ័យធំមួយទៀត​ក្នុង​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​នឹង ក្រុមភេរវករ​នៅតំបន់​សាហេល​។ យ៉ាងណាក៏ដោយ​លោក​ប្រមុខ​រដ្ឋ​បារាំង​មិន​បាន​បញ្ជាក់ប្រាប់នោះទេ​ អំពី​ទីតាំង​ ឬក៏​ព័ត៌មានលម្អិត ​ជុំវិញ​ប្រតិបត្តិការ​របស់​ទាហា​ន​បារាំង​រហូត​សម្លាប់​បាន​មេដឹកនាំ​ជីហាត​រដ្ឋ​អ៊ីស្លាម​រូបនេះ​។

គួរបញ្ជាក់ថា ​ក្រុម​ជីហាត​អង្គការរដ្ឋអ៊ីស្លាម​នៅ​សហារ៉ា (ISGS) ត្រូវ​បាន​គេ​ផ្កោលទោស​ចំពោះ​ការ​វាយ​ប្រហារ​ភេរវកម្ម​ជាច្រើន​លើ​ប្រជាជន​ស៊ីវិល​ និង​កងទាហាន​នៅក្នុង​ប្រទេស​ ម៉ាលី នីហ្សេ​ និងបួគីណាហ្វាសូ​។

មេដឹកនាំជីហាត​ អាល់សារ៉ាវី​ ត្រូវបានគេស្គាល់ថា​អ្នក​នៅពីក្រោយ​ការ​សម្លាប់​បុគ្គលិក​ជំនួយ​ជនជាតិ​បារាំងជាច្រើននាក់​នៅឆ្នាំ​ ២០២០​ និង​ ជាជនដែលអាមេរិក​ចង់បាន​ផងដែរ​ ដោយសារតែ​ធ្លាប់​បានរៀបចំការ​វាយប្រហារ​ដ៏ប្រល័យ​មួយកាលពី​ឆ្នាំ​ ២០១៧ ទៅលើ​ទាហាន​អាមេរិក​នៅនីហ្សេ​។

បក្ខពួករបស់អាល់សារ៉ាវី​ ក៏បាន​ចាប់ពង្រត់​ជនជាតិបរទេស​ជាច្រើននាក់​នៅក្នុង​តំបន់​សាហេល​ដែរ​។ ជាមួយគ្នា​នេះ​គេជឿទៀតថា​ គឺ​ក្រុម​ជីហាត​រដ្ឋអ៊ីស្លាម​របស់​ អាល់សារ៉ាវី​នេះឯង​ ដែល​ជា​អ្នក​ចាប់ឃុំខ្លួន​ ជនជាតិអាមេរិកម្នាក់​ឈ្មោះជេហ្វ្រី​ វូដ (Jeffrey Woodke) ​ដែល​ត្រូវ​បាន​ចាប់​ពង្រត់​ពីផ្ទះ​របស់​គាត់​នៅ​ប្រទេសនីហ្សេ​ក្នុង​ឆ្នាំ​ ២០១៦​។ កាលពីគ្រាកន្លងទៅ​ សហរដ្ឋអាមេរិក​ធ្លាប់​បានប្រកាសផ្តល់ប្រាក់​រង្វាន់​ចំនួន ៥ លានដុល្លារ​ សម្រាប់​ជន​ណាដែល​ផ្តល់​ព័ត៌មានអំពី​កន្លែងលាក់ខ្លួន​របស់​អាល់សារ៉ាវី​។

គួររំឭកជូនដែរថា​ ទាហានបារាំង​បាន​សម្លាប់​សមាជិកជាន់ខ្ពស់ជាច្រើន​នាក់របស់ពួក​ជីហាត​អង្គការ​រដ្ឋអ៊ីស្លាមនៅអាហ្វ្រិក​ចាប់តាំងពី​ចាប់ផ្តើម​អន្តរាគមន៍​យោធា​របស់ខ្លួន​នៅ​ម៉ាលីក្នុងឆ្នាំ ២០១៣​។ នៅខែមិថុនា​ ឆ្នាំ២០២១ នេះ​ លោក​ប្រធានាធិបតីបារាំង​ម៉ាក្រុង បាន​ប្រកាស​កាត់​បន្ថយកងកម្លាំងទ័ពបារាំង​នៅ​សាហេល​បន្ទាប់ពី​មាន​វត្តមាន​នៅ​ទីនោះ​ជាង ៨ ឆ្នាំ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ