របបសឹកនីហ្សេប្រកាសកាត់ផ្តាច់សហប្រតិបត្តិការកងទ័ពជាមួយអាមេរិក
បន្ទាប់ពីអតីតអាណានិគមនិយមបារាំង ដល់វេនអាមេរិកដែលរបបសឹកនីហ្សេប្រកាសកាត់ផ្តាច់ទំនាក់ទំនងយោធា។ នៅក្នុងការប្រកាសតាមទូរទស្សន៍ជាតិ កាលពីយប់ថ្ងៃសៅរ៍ម្សិលមិញ អ្នកនាំពាក្យរបស់រដ្ឋាភិបាលថ្មីដែលលើកបន្តុបដោយក្រុមយោធាបានប្រកាសថា នីហ្សេសម្រេចបិទបញ្ចប់សហប្រតិបត្តិការកងទ័ពជាមួយអាមេរិក។ ការប្រកាសនេះធ្វើឡើងនៅតែបីថ្ងៃក្រោយ ទស្សនកិច្ចរបស់គណៈប្រតិភូអាមេរិកនៅទីក្រុងនីអាមេ ដែលនៅក្នុងនោះ អាមេរិកចោទរបបសឹកនីហ្សេថា បានលួចចុះកិច្ចព្រមព្រៀងសម្ងាត់ជាមួយរុស្ស៊ីក្នុងវិស័យកងទ័ព។
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៣:៣៧
បន្ទាប់ពីបញ្ជាឲ្យបារាំងដកកងទ័ពឲ្យអស់ចេញពីទឹកដីរបស់ខ្លួន នៅចុងឆ្នាំមុន រដ្ឋាភិបាលថ្មីរបស់នីហ្សេ ដែលលើកបន្តុបដោយក្រុមយោធាសម្រេចដោះដៃ កាត់ផ្តាច់ទំនាក់ទំនងយោធាជាមួយអាមេរិកមួយទៀត។
តាមសេចក្តីប្រកាសដែលអ្នកនាំពាក្យរដ្ឋាភិបាលនីហ្សេអាននៅកញ្ចក់ទូរទស្សន៍ជាតិ កាលពីយប់ថ្ងៃសៅរ៍ ទី ១៦ មីនា នីហ្សេសម្រេចបិទបញ្ចប់កិច្ចព្រមព្រៀងយោធាជាមួយអាមេរិក ហើយការសម្រេចចិត្តនេះនឹងចូលជាធរមានភ្លាមៗ។
តាមពន្យល់របស់អ្នកនាំពាក្យ កិច្ចព្រមព្រៀងស្តីពីសហប្រតិបត្តិការយោធាដែលនីហ្សេ និងអាមេរិក បានចុះហត្ថលេខា តាំងពីឆ្នាំ ២០១២ មានលក្ខណៈលំអៀង មិនយុត្តិធម៌ ហើយនិងមិនឆ្លើយតបទៅនឹងការទន្ទឹងចង់បានរបស់ប្រជាជននីហ្សេ។ បើតាមមន្រ្តីនីហ្សេខាងលើ រហូតមក ភាគីទាហានអាមេរិកតែងតាំងខ្លួនជាអ្នកធំ ជាអ្នកដាក់កំហិតឲ្យភាគីនីហ្សេអនុវត្តធ្វើតាម។ ជាក់ស្តែង អាមេរិកបានតម្រូវឲ្យនីហ្សេបង់ប្រាក់សម្រាប់ពន្ធយន្តហោះចម្បាំងអាមេរិកដែលត្រូវប្រតិបត្តិការនៅនីហ្សេ។ ជាទូទៅ អាមេរិកតែងសម្រេច ធ្វើអ្វីដោយអត្តនោម័ត ដោយមិនពិគ្រោះយោបល់ជាមួយនីហ្សេជាម្ចាស់ផ្ទះ។ រដ្ឋាភិបាលនីហ្សេនៅតែមិនដឹងច្បាស់ពីចំនួនទ័ពអាមេរិក ឬគ្រឿងសព្វាវុធដែលមាននៅក្នុងមូលដ្ឋានទ័ពអាមេរិកនៅវាលខ្សាច់ Agadez នោះទេ។
ទៅតាមកិច្ចព្រមព្រៀងយោធាជាមួយនីហ្សេ ឆ្នាំ ២០១២ អាមេរិកមានទ័ពរបស់ខ្លួន នៅនីហ្សេ ប្រមាណ ១០០០នាក់ដែលប្រចាំការនៅមូលដ្ឋានទ័ពអាកាសដ្រូន។ មូលដ្ឋានទ័ពអាកាសដែលអាមេរិកបានចំណាយលុយ១០០លានដុល្លារសាងសង់ នៅវាលខ្សាច់ Agadez សម្រាប់ទុកប្រយុទ្ធប្រឆាំងនឹងក្រុមភេរវនិយម។ ធ្លាប់ចាប់ដៃសហការជាមួយប្រទេសនៅតំបន់អាហ្វ្រិកខាងលិច និងបារាំង ទាហានអាមេរិកមានបេសកកម្មចូលរួមបណ្តុះបណ្តាលទាហានអាហ្វ្រិក និងប្រយុទ្ធប្រឆាំងនឹងក្រុមជីហាតជ្រុលនិយម ក្រុមអាល់កៃដា នៅតំបន់សាហ៊ែល។ ប៉ុន្តែ អាមេរិកបានសម្រេចកាត់បន្ថយសកម្មភាពយោធារបស់ខ្លួននៅនីហ្សេ ចាប់តាំងពីពួកយោធាធ្វើរដ្ឋប្រហារ និងចាប់ឃុំប្រធានាធិបតី លោកបាហ្សូម។
ការសម្រេចរបស់នីហ្សេ ក្នុងការកាត់ផ្តាច់ទំនាក់ទំនងយោធាជាមួយអាមេរិក ធ្វើឡើងនៅតែប៉ុន្មានថ្ងៃក្រោយ គណៈប្រតិភូអាមេរិកចាកចេញពីទីក្រុងនីអាមេ ដោយគ្មានចម្លើយវិជ្ជមានពីក្រុមយោធានីហ្សេ។
សូមបញ្ជាក់ថា ផ្ទុយពីបារាំងដែលប្រកាន់ជំហរតឹងរ៉ឹង បរិហាររដ្ឋប្រហាររបស់មេដឹកនាំយោធានីហ្សេ អាមេរិកដែលធ្លាប់មានទំនាក់ទំនងល្អជាមួយយោធានីហ្សេ នៅតែបង្ហាញសុទិដ្ឋិនិយម ដោយប្រកាសបន្តរក្សាវត្តមានទ័ពរបស់ខ្លួននៅនីហ្សេ ក្នុងក្តីសង្ឃឹមទាមទារឲ្យពួកយោធាដោះលែងប្រធានាធិបតីស្របច្បាប់ និងរៀបចំការបោះឆ្នោត។ ប៉ុន្តែ ក្តីសង្ឃឹមរបស់អាមេរិកកាន់តែរួញតូច បន្ទាប់ពីអាមេរិកសង្កេតឃើញថា នីហ្សេក្រោមការដឹកនាំរបស់របបសឹកមិនផ្លាស់ប្តូរជំហរ។ ផ្ទុយទៅវិញ កាន់តែដើរចាកឆ្ងាយពីលោកខាងលិច និងងាកបែរទៅរករុស្ស៊ី និងអ៊ីរ៉ង់ ដែលធ្វើឲ្យអាមេរិកមិនសប្បាយចិត្ត។
អ្នកនាំពាក្យរបស់រដ្ឋាភិបាលនីហ្សេ បាននិយាយការពារសាជាថ្មី ជំហររបស់នីហ្សេក្នុងការពង្រីកភាពជាដៃគូជាមួយប្រទេសដទៃ ដូច្នេះ អាមេរិកគ្មានសិទ្ធិមកលូកដៃ។ ប៉ុន្តែ តាមអ្នកនាំពាក្យ នៅក្នុងជំនួបនៅទីក្រុងនីអាមេនៅសប្តាហ៍នេះ អាមេរិកបានចោទប្រកាន់នីហ្សេថា បានចុះកិច្ចព្រមព្រៀងសម្ងាត់ជាមួយរុស្ស៊ីនៅក្នុងវិស័យកងទ័ព ហើយនិងការធ្វើអាជីវកម្មអ៊ុយរ៉ានីញ៉ូមជាមួយអ៊ីរ៉ង់។ ភាគីអាមេរិកទំនងនិយាយយោងដល់ទស្សនកិច្ចរបស់ប្រមុខរដ្ឋាភិបាលនីហ្សេ នៅអ៊ីរ៉ង់ តួកគី និងនៅរុស្ស៊ី នៅដើមឆ្នាំនេះ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ