អានតួអត្ថបទ
អាកាសធាតុ​ក្តៅខ្លាំង

ការ​ប្រែប្រួល​អាកាសធាតុ៖ ប្រទេស​តំបន់​អាស៊ី​ទទួល​រងរលកកម្តៅ​ក្តៅខ្លាំង

ប្រទេស​ជាច្រើន​ ក្នុង​តំបន់​អាស៊ីអាគ្នេយ៍និងអាស៊ីខាងត្បូង ទទួល​រងរលកកម្តៅ​ក្តៅខ្លាំង។ នៅថៃ ក្តៅ​ជាច្រើន​ថ្ងៃ​ជាប់ៗគ្នា ហើយ​កម្តៅ​ហក់​ឡើង​ដល់​ជា​ង​ ៤៤ អង្សារ។ បង់ក្លាដែស ក្តៅខ្លាំង ដល់ថ្នាក់​ប្រកាស​អាសន្ន​។ ​​ ប្រទេស​ហ្វីលីពីន បានសម្រេចបិទសាលា និង​ឲ្យ​កូន​សិស្ស​រៀន​ពីចម្ងាយ​តាម​អនឡាញ។ ភូមាដែល​ជួប​សង្គ្រាម​ស៊ីវិល ​ពលរដ្ឋ​ជាច្រើន​ត្រូវ​ទ្រាំ​លំបាក​រង​កម្តៅ ដោយ​គ្មាន​កង្ហារ ឬម៉ាស៊ីនត្រជាក់។ ​​វៀតណាម នៅប៉ែក​ខាងជើង​ប្រទេស​ដែល​ធ្លាប់​តែល្បីត្រជាក់ ពេលនេះ​កម្តៅ​ក្តៅ​ជាង​៤៣អង្សា។​ រីឯ ​កម្ពុជា អាជ្ញាធរ​ឧតុនិយម បាន​​ប្រកាស​ឲ្យ​ពលរដ្ឋ​បង្កើន​ក្តីប្រុងប្រយ័ត្ន​។  

ទិដ្ឋភាព​ក្តៅ​ខ្លាំងនៅរដ្ឋRajasthan ប្រទេសឥណ្ឌា ចុងខែមេសា ២០២៤។
ទិដ្ឋភាព​ក្តៅ​ខ្លាំងនៅរដ្ឋRajasthan ប្រទេសឥណ្ឌា ចុងខែមេសា ២០២៤។ REUTERS - Adnan Abidi
ផ្សាយពាណិជ្ជកម្ម

ក្នុង​សប្តាហ៍​នេះ ប្រទេស​ក្នុងតំបន់​អាស៊ី​ឆ្លងកាត់​អាកាសធាតុ​ក្តៅខ្លាំង ជាមធ្យម​ជាង ៤០ អង្សាសេ។ ក្តៅខ្លាំង​បំបែក​កំណត់​ត្រា​ កាលពី​ឆ្នាំទៅមិញ​។ ព្រោះតែក្តៅ​ខ្លាំងពេក ប្រទេស​ហ្វីលីពីន ក្រសួង​អប់រំ​បាន​ប្រកាស​​បិទ​សាលារៀន ចំនួន២​ថ្ងៃជាប់​គ្នា​ នៅថ្ងៃចន្ទ​និង​អង្គារ ចុងខែ​មេសា​នេះ​ និង​ដាក់​យន្តការបង្រៀន​ពីចម្ងាយ​តាម​ប្រព័ន្ធ​អ៊ិនធ័រនែត។ នេះក៏ព្រោះតែ​គ្រូៗនិងកូន​សិស្ស​តវ៉ា ត្អូញ​ត្អែរ​​ពីរលកកម្តៅក្តៅខ្លាំងជ្រុល។ វិទ្យា​ស្ថាន​ស្ថិតិ​​ជាតិ​ហ្វីលីពីន បញ្ជាក់ថា​​ សីតុណ្ហភាព​ ៣៨,៨អង្សារនៅ​រដ្ឋធានី​ម៉ានីល តែ​កម្រិត​សីតុណ្ហភាព​ដែល​រាងកាយ​មនុស្ស​ទទួល​ដឹង គឺ​ក្តៅជាង​ ៤៥ អង្សាឯណោះ។​

ប្រទេស​បង់ក្លាដែសវិញ សាលា​រៀន​បាន​បិទទ្វារ​ជា​ច្រើន​ថ្ងៃ​មកហើយ តែ​ថ្ងៃអាទិត្យ​ សិស្ស​ធំៗ​បាន​ចាប់​ផ្តើម​មក​សាលា​វិញ​ខ្លះ តែ ​ថ្នាក់រៀន​សម្រាប់​កូន​សិស្ស​តូចៗ​ នៅតែ​បន្ត​បិទទ្វារ​ និង​បន្ថយ​ចំនួន​ម៉ោងសិក្សា។

នៅប្រទេស​ភូមា ​ កម្តៅក្តៅ​ឡើង​ដល់ ​៤៥,៩ អង្សាសេ​​។​ គេ​ឃើញ​មនុស្ស​ភាគច្រើននាំគ្នា​រត់​រក​ទីម្លប់​  រក​ដើម​ឈើ​​ជ្រកកោន។ ភូមាដែល​ជួប​សង្គ្រាម​ស៊ីវិល បាន​ធ្វើឲ្យ​ដាច់​ហេដ្ឋារចនាសម្ព័ន្ធសង្គម​។​ ទឹក​ម៉ាស៊ីន​ខ្វះខាត។​ អគ្គិសនី​ក៏មិនគ្រប់គ្រាន់។ ពលរដ្ឋភូមា​ជាច្រើននាក់ ដែល​គ្មាន​ម៉ាស៊ីន​ភ្លើង​ផ្ទាល់ខ្លួន ​ត្រូវ​ទ្រាំ​នឹង​កម្តៅ​ទាំង​លំបាក ព្រោះ​​គ្មាន​កង្ហារ ឬម៉ាស៊ីនត្រជាក់។ អ្នក​ស្រុក​ភូមា​ បន់ព្រះ​សំពះ​ទេព្តា​ សូម​ឲ្យ​ភ្លៀងធ្លាក់។

​ប្រទេស​ថៃទទួល​កម្តៅ​​ក្តៅ​ច្រើន​ថ្ងៃជាប់ៗគ្នាមកហើយ​។ ​​ពី​ថ្ងៃ​អាទិត្យ ទីភ្នាក់​ងារ​ឧតុនិយម​ថៃ ឲ្យដឹង ថា សីតុណ្ហភាព​ហក់ឡើង​ដល់​ជាង​៤៤,១អង្សាសេ​ ក្នុង​ខេត្ត​  Phetchabun នៅ​ប៉ែក​ខាង​ជើងប្រទេស។​ ក្បែរខាង​ថៃ គឺកម្ពុជា ក្រសួង​ធនធានទឹក​និង​ឧតុនិយម បាន​​ប្រកាស​ឲ្យ​ពលរដ្ឋខ្មែរ​​បង្កើន​ក្តីប្រុងប្រយ័ត្ន ក្នុង​សប្តាហ៍ថ្មី ដែល​រលកកម្តៅ​ក្តៅខ្លាំង អាច​ហក់ឡើង​ដល់ ៤៣អង្សាសេ​។

កម្តៅ​ក្តៅ​ជាង​៤៣អង្សា ​ក៏មាន​ដូចគ្នា​ដែរ នៅ​​វៀតណាម។ នៅប៉ែក​ខាងជើង​ប្រទេសវៀតណាម ​ដែល​ធ្លាប់​តែល្បីត្រជាក់ នៅចុង​សប្តាហ៍​នេះ កម្តៅហក់ឡើង​ដល់ ៤៣,២អង្សា។​ ​

នៅអាស៊ីខាងត្បូង ពលរដ្ឋ​ឥណ្ឌាកំពុង​​នាំគ្នាទៅបោះឆ្នោតក្រោម​កម្តៅព្រះអាទិត្យ​​។ រដ្ឋឥណ្ឌា​ជាច្រើន​ ជួប​កម្តៅ​ខ្លាំង ដល់កម្រិត​៤៤អង្សា។ នៅ​ក្រុង​បឹងហ្កាឡ័រ ពលរដ្ឋខ្លះ​​ត្អូញថាមិនដែលជួប​អាកាសធាតុក្តៅ​ដល់​ថ្នាក់​ហ្នឹងទេ។​

អ្នក​ជំនាញ​អាកាសធាតុ​ ក្រើន​រំឭកថា កំណើន​កម្តៅ​ផែន​ដី ដរចេញពី​​ប្រែប្រួល​អាកាធាតុ បង្ក​ចេញពី​ទង្វើមនុស្ស​ តាមរយៈ​សកម្មភាព​ឧស្សាហកម្ម។ វាបាន​ធ្វើ​ឲ្យ​សីតុណ្ហភាព​រឹងតែក្តៅទៅៗ រដូវក្តៅនិង​រលកកម្តៅកាន់តែ​ក្តៅ​ រយៈពេលយូរ និង​ កាន់តែញឹក​ ហើយ​និងកាន់តែ​គ្រោះថ្នាក់​៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ