ស្រីលង្កាជួលព្រលានយន្តហោះដែលសង់ដោយខ្ចីលុយពីចិន ទៅឲ្យក្រុមហ៊ុនឥណ្ឌានិងរុស្ស៊ី
រដ្ឋាភិបាលស្រីលង្កា ប្រកាសនៅថ្ងៃសុក្រទី២៦មេសា ថាបានជួលអាកាសយានដ្ឋានដែលសាងសង់ពីលុយកម្ចីចិន ទៅឲ្យសហក្រុមហ៊ុនឥណ្ឌានិងរុស្ស៊ី។ ព្រលានយន្តហោះដែលខ្ចីលុយចិនសាងសង់នេះ មិនទាន់ស្ថាបនាជួសជុលរួចនិងមានដំណើរការស្រួលបួលនៅឡើយទេ ប៉ុន្តែរដ្ឋាភិបាលស្រីលង្កា ត្រូវបង្ខំចិត្តជួលឲ្យក្រុមហ៊ុនបរទេស បន្តគម្រោងសាងសង់បង្ហើយនិងចាត់ចែងដំណើរការជើងហោះហើរ ព្រោះតែក្រុមហ៊ុនសាធារណៈរបស់រដ្ឋាភិបាលស្រីលង្កា ជួបវិបត្តិក្ស័យធន។
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៣:១៩
រដ្ឋាភិបាលស្រីលង្កា បានអនុម័តយល់ព្រមជួលអាកាសយានដ្ឋានអន្តរជាតិដំរីស White Elephant ឬ Mattala Rajapaksa ក្នុងរយៈពេល ៣០ ឆ្នាំ ទៅឲ្យសហក្រុមហ៊ុនបរទេសពីរ។ នោះគឺក្រុមហ៊ុនឥណ្ឌា Shaurya Aeronautics និង ក្រុមហ៊ុនរុស្ស៊ី Airports of Regions។ នេះបើតាមរដ្ឋមន្ត្រីដឹកជញ្ជូន និងជាអ្នកនាំពាក្យរដ្ឋាភិបាលស្រីលង្កា លោក Bandula Gunawardana ដែលបានប្រាប់ទៅបណ្តាញសារព័ត៌មាន នៅថ្ងៃសុក្រ ទី២៦ មេសា។ ដោយពុំបានបញ្ជាក់លម្អិតអំពីចំនួនតម្លៃទឹកប្រាក់នោះទេ អ្នកនាំពាក្យរដ្ឋាភិបាលស្រីលង្កា គ្រាន់តែបង្ហើបឲ្យដឹងថា មានក្រុមហ៊ុនជំនាញអាកាសចរណ៍ ៤ បង្ហាញចេតនាចង់ចូលរួមគ្រប់គ្រងដំណើរការហោះហើររបស់ព្រលានយន្តហោះស្រីលង្កា។ ព្រលានយន្តហោះ ដែលពេលនេះ នៅមិនទាន់មានជើងហោះហើរទៀងទាត់សោះ។
ទីភ្នាក់ងារសារព័ត៌មានបារាំងអាអែហ្វប៉េ កត់សម្គាល់ថា វិស័យអាកាសចរណ៍ស្រីលង្កា ពុំសូវលូតលាស់ខ្លាំងទេ។ ក្រុមហ៊ុនអាកាសចរណ៍ Air Arabia នៅឆ្នាំ២០១៣ បានទៅរកស៊ីតែប្រមាណ ៦ សប្តាហ៍ ក៏បានដកថយទៅវិញ។ ក្រុមហ៊ុនយន្តហោះជាតិ Srilanka Airlines បញ្ចប់ហោះហើរ ទៅព្រលាន Mattala Rajapaksa នៅឆ្នាំ២០១៥ ។ ក្រុមហ៊ុន Flydubai ក៏បានបញ្ចប់សកម្មភាពរបស់ខ្លួនដែរ នៅឆ្នាំ២០១៨ ដោយគ្មានបញ្ជាក់មូលហេតុ គឺគ្រាន់តែប្រកាសយ៉ាងខ្លី ថាមកពីមិនសម្បូរអ្នកដំណើរ។
អាកាសយានដ្ឋានអន្តរជាតិដំរីស ដែលជួលឲ្យក្រុមឥណ្ឌានិងរុស្ស៊ី នៅពេលនេះ វាមានឈ្មោះ១ទៀតថាព្រលានយន្តហោះ Mattala Rajapaksa គឺដាក់ឈ្មោះតាមនាមប្រធានាធិបតីចាស់ Mahinda Rajapaksa ដែល បានសម្ពោធនៅឆ្នាំ២០១៣។ អតីតប្រមុខរដ្ឋរូបនេះ បានខ្ចីលុយចិនច្រើនសន្ធឹកសន្ទាប់ ដើម្បីសាងសង់ហេដ្ឋារចនាសម្ព័ន្ធក្នុងប្រទេស និងសង់អាកាសយានដ្ឋានដាក់ឈ្មោះខ្លួនឯង នៅកន្លែងក្បែរឧទ្យានជាតិ ឋិតនៅប៉ែកខាងត្បូងប្រទេស ចំកន្លែងដំណើរសត្វព្រៃ។ ពេលយន្តហោះចេញដំណើរម្តងៗ ទាហានសន្តិសុខរាប់រយនាក់ ត្រូវនាំគ្នា កៀងដេញសត្វព្រៃ ដើម្បីឲ្យយន្តហោះ អាចហោះហើរបាន។
អតីតប្រធានាធិបតី Mahinda Rajapaksa ត្រូវគេរិះគន់អំពីការចាត់ចែងកម្ចីរបស់ចិន មិនបានល្អ និងបង្កឲ្យមានអំពើពុករលួយ នៅក្រោមរជ្ជកាលដឹកនាំរបស់គាត់ ព្រមទាំងបណ្តាលឲ្យប្រទេសជាតិជួបវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរ ជះឥទ្ធិពលរហូតមកដល់សព្វថ្ងៃ។ នៅឆ្នាំ២០១៥ ប្រធានាធិបតីរូបនេះបានធ្លាក់ពីអំណាច។ ២ឆ្នាំបន្ទាប់ ដោយសារតែជំពាក់លុយបំណុលចិនវណ្ឌក រដ្ឋាភិបាលស្រីលង្ហាបានបង្ខំចិត្តជួលកំពង់ផែ នៅក្រុង Hambantota ឲ្យក្រុមហ៊ុនចិន China Merchants Port Holdings គ្រប់គ្រង រយៈពេល ៩៩ឆ្នាំ។
ប្រធានាធិបតីស្រីលង្កាបច្ចុប្បន្ន លោក Ranil Wickremesinghe បានកែទម្រង់សេដ្ឋកិច្ច បង្កើនពន្ធ និងបន្ថយឧបត្ថម្ភធនលើវិស័យថាមពល។ នៅឆ្នាំទៅមិញ ស្រីលង្កាបានទទួលគម្រោងកម្ចីសង្គ្រោះសេដ្ឋកិច្ច តម្លៃទឹកប្រាក់ ២,៩ ពាន់លានដុល្លារ ពីអង្គការមូលនិធិរូបិយវត្ថុអន្តរជាតិ FMI។ ដើម្បីរំដោះខ្លួនពីក្រុមហ៊ុនរដ្ឋក្ស័យធន រដ្ឋាភិបាលស្រីលង្កា បានជួលនិងផ្ទេរឲ្យក្រុមហ៊ុនឯកជនគ្រប់គ្រងវិញ។ ការជួលព្រលានយន្តហោះឲ្យក្រុមហ៊ុនឥណ្ឌានិងរុស្ស៊ី នៅពេលនេះ ជាករណីជាក់ស្តែងស្រាប់៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ