កំពង់ស្ពឺ៖ ផ្ទុះគ្រាប់ ស្លាប់យោធិន ២០នាក់ និងរបួសជាច្រើននាក់ នៅបន្ទាយទាហាន ភូមិភាគ៣
យ៉ាងហោច កងកម្លាំងយោធា ២០ នាក់ បានស្លាប់បាត់បង់ជីវិត និងរបួសជាច្រើននាក់ទៀត នៅក្នុងហេតុការណ៍ផ្ទុះមួយ នៅបន្ទាយទាហាន ភូមិភាគ៣ ក្នុងខេត្តកំពង់ស្ពឺ។ ហេតុការណ៍នេះ បានកើតឡើង វេលាម៉ោង ២និង២៥នាទី រសៀល ថ្ងៃសៅរ៍ ទី២៧មេសា។ ក្រោយពីបានទទួលដំណឹងអំពីឧបទ្ទវហេតុផ្ទុះគ្រាប់, នាយករដ្ឋមន្ត្រីកម្ពុជា បានសម្តែងក្តី«រន្ធត់ក្តុកក្តួល» ហើយលោក ហ៊ុន ម៉ាណែត ប្រកាសថា រដ្ឋាភិបាលទទួលរ៉ាប់រងចាត់ចែងចំណាយបុណ្យសព ឲ្យ«សក្តិសមនឹងពលីកម្ម»។
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០២:៥០
តាមរូបភាពវីដេអូពីបណ្តាញសង្គម គេឮសំឡេងផ្ទុះគ្រាប់ ជាច្រើននាទី ផ្ទុះបន្តកន្ទុយគ្នា ឮកងរំពង នៅរសៀលថ្ងៃសៅរ៍ ក្នុងខេត្តកំពង់ស្ពឺ។ ហេតុការណ៍ផ្ទុះនេះ បានកើតឡើងនៅត្រង់ទីតាំងឃ្លាំងគ្រាប់បច្ចេទេស របស់ យោធភូមិភាគទី៣ ដោយបានផ្តាច់អាយុជីវិត កងកម្លាំងយោធា ចំនួន ២០ នាក់។
ក្នុងចំណោមមរណជនទាំងនោះ មាន៥នាក់ ជានាយទាហាន នៅទីបញ្ជាការយោធភូមិភាគទី៣ ដោយផ្ទាល់ ហើយ យោធិនស្លាប់ ១៥ នាក់ទៀត ជាក្រុមទាហានមកពីខេត្តកោះកុង។ បើតាមលិខិតឧទ្ទេសនាម របស់តំបន់ប្រតិបត្តិការសឹករងកោះកុង, ពួកគេទាំង១៥នាក់ ដែលមកពីកោះកុងនេះ មានកម្រិតស័ក្តិ ចាប់ពីពលបាលទោ នាយចំណង់ អនុសេនីយ៍ត្រី រហូតដល់ វរសេនីយ៍ទោ។ យោធិនទាំងនេះ បានទទួលបញ្ជាបេសកកម្ម ឲ្យចូលរួមដឹកគ្រឿងសព្វាវុធនិងគ្រាប់រំសេវ តាមឡានទាហាន ចំនួន ៥ គ្រឿង ដោយត្រូវធ្វើដំណើរចេញមកពីខេត្តកោះកុង មកប្រគល់អាវុធនិងគ្រាប់ជូនទីបញ្ជាការដ្ឋានយោធភូមិភាគ ទី៣ ក្នុងខេត្តកំពង់ស្ពឺ។
ផ្អែកតាមរបាយការណ៍បឋម របស់កងទ័ពជើងគោក ដែលត្រូវគេផ្សព្វផ្សាយតាមបណ្តាញសង្គម, ក្នុងចំណោមឡានទាហានដឹកអាវុធទាំង ៥គ្រឿង មកពីខេត្តកោះកុងមាន១គ្រឿង ត្រូវផ្ទុះឆេះទាំងស្រុង ទាំងរថយន្តនិងទាំងគ្រាប់, ឡាន១គ្រឿងទៀត ខូចខាតធ្ងន់ធ្ងរ ក៏ប៉ុន្តែ គ្រឿងសព្វាវុធ ពុំខូចខាតទេ។ ចំណែក ឡាន ៣ គ្រឿងទៀត នៅមិនទាន់បានដាក់អាវុធចុះនៅឡើយ។ នេះបើតាមរបាយការណ៍ដំបូងរបស់ ឧត្តមសេនីយ៍ឯក យឿន សុខុន។ មន្ត្រីយោធារូបនេះបានឲ្យដឹងដែរថា នៅទីបញ្ជាការភូមិភាគទី៣ មានអគារ ៤ ខ្នងត្រូវឆេះខូចខាតធ្ងន់ធ្ងរ។ ក្នុងចំណោមនោះ មាន ៣ អគារ ជាឃ្លាំងផ្ទុកគ្រាប់ ដែលត្រូវផ្ទុះឆេះខូចខាតទាំងស្រុង ហើយអគារ ១ ខ្នងទៀត ជាកន្លែងស្នាក់នៅ។ ទន្ទឹមនឹងគ្នានេះ ការិយាល័យកន្លែងធ្វើការ របស់ទីបញ្ជាការយោធា ក៏ខូចខាតដែរ ជាអាទិ៍ បែកកញ្ចក់ បាក់ទ្វារ ធ្លុះធ្លាយដំបូល ដោយអន្លើ។
យោងតាមប្រភពមន្ត្រីជាន់ខ្ពស់កងទ័ពជើងគោកដដែល, នៅក្បែរៗបន្ទាយយោធាកំពង់ស្ពឺនេះ ផ្ទះសម្បែងរបស់ប្រជាជន ចំនួន ២៥ខ្នង ក៏រងការខូចខាតដែរ។
បន្ទាប់ពីទទួលដំណឹងស្តីពីហេតុការណ៍ផ្ទុះ ប្រមុខរដ្ឋាភិបាលខ្មែរលោក ហ៊ុន ម៉ាណែតបានបញ្ចេញសារចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំចំពោះគ្រួសារសព និង សម្តែងក្តីសោកស្តាយចំពោះជនរងគ្រោះ។ ក្នុងសារតាមប្រព័ន្ធតេឡេក្រាមដដែល នាយករដ្ឋមន្ត្រីកម្ពុជាបានចាត់តាំងលោក ទៀ សីហា រដ្ឋមន្ត្រីក្រសួងការពារជាតិ ជាតំណាងរបស់ខ្លួន ហើយនិង លោក វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ដើម្បីចាត់ចែងជាបន្ទាន់រៀបចំពិធីបុណ្យសព។ ចំពោះការចំណាយលើពិធីបុណ្យសពរបស់យោធិនទាំង២០នាក់ វាជាបន្ទុករបស់រាជរដ្ឋាភិបាល៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ