អានតួអត្ថបទ
សិទ្ធិមនុស្សនៅរុស្ស៊ី

រុស្ស៊ីកាត់ទោសសកម្មជនប្រឆាំងដ៏ល្បីម្នាក់ទៀតឲ្យជាប់ពន្ធនាគារ២ឆ្នាំកន្លះ

ថ្ងៃអង្គារទី ២៧ កុម្ភៈ តុលាការរុស្ស៊ី បានកាត់ទោសឲ្យជាប់ពន្ធនាគារ ២ ឆ្នាំ កន្លះ សកម្មជនប្រឆាំងដ៏សំខាន់មួយរូបទៀត គឺលោក អូឡេក អ័រឡូវ ដែលល្បីឈ្មោះខាងការការពារសិទ្ធិមនុស្ស ។ ការកាត់ទោសថ្មីនេះ សឲ្យឃើញកាន់តែច្បាស់អំពីគោលនយោបាយ ធ្វើទុក្ខបុកម្នេញជាប្រចាំ ពីសំណាក់រដ្ឋាភិបាលរុស្ស៊ី ទៅលើបុគ្គលណា ដែលហ៊ានចេញមុខតវ៉ាប្រឆាំង។ គិតមកទល់ពេលនេះ មានសកម្មជនប្រឆាំងច្រើននាក់ ដែលត្រូវបានដាក់ទោសឲ្យជាប់ពន្ធនាគារ និងខ្លះទៀត ត្រូវបង្ខំចិត្តភៀសខ្លួនទៅក្រៅប្រទេស។ គួរំឭកថា លោក អូឡេក អ័រឡូវ គឺជាសមាជិកចាស់ឆ្នាំ នៃ អង្គការក្រៅរដ្ឋាភិបាល Memorial ដែលជាសហជ័យលាភីរង្វាន់ណូបែលសន្តិភាព ឆ្នាំ ២០២២ និង ដែលត្រូវបានតុលាការរុស្ស៊ី រំលាយចោល។ ផ្ទុយពីសកម្មជនប្រឆាំងរុស្ស៊ីច្រើននាក់ទៀត ដែលបានភៀសខ្លួនទៅក្រៅប្រទេស លោក អូឡេក អ័រឡូវ  ដែលបច្ចុប្បន្នមានអាយុ ៧០ ឆ្នាំទៅហើយ សុខចិត្តនៅក្រាញននៀលក្នុងប្រទេសរុស្ស៊ី ដើម្បីបន្តប្រយុទ្ធទាមទារ សិទ្ធិសេរីភាព និងប្រជាធិបតេយ្យ ក្នុងប្រទេស។    

រុស្ស៊ី កាត់ទោសសកម្មជនប្រឆាំងដ៏ល្បីម្នាក់ទៀត ឲ្យជាប់ពន្ធនាគារ ២ ឆ្នាំកន្លះ
រុស្ស៊ី កាត់ទោសសកម្មជនប្រឆាំងដ៏ល្បីម្នាក់ទៀត ឲ្យជាប់ពន្ធនាគារ ២ ឆ្នាំកន្លះ AP - Alexander Zemlianichenko
ផ្សាយពាណិជ្ជកម្ម

លោក អូឡេក អ័រឡូវ  ជាប់ទោសពីបទហ៊ានបរិហារជាច្រើនលើកច្រើនសារ អំពីប្រតិបត្តិការវាយ លុករបស់រុស្ស៊ី ចូល អ៊ុយក្រែន កាពី ២ ឆ្នាំមុន។ ក្រោយទទួលបានដំណឹងនៃការកាត់ទោសនេះភ្លាម លោកស្រី ឯកអគ្គរដ្ឋទូតអាមេរិកាំង Lynne Tracy បានថ្លែងរិះគន់ វិមានក្រេមឡាំង ថាកំពុងអូសទាញ ប្រទេសរុស្ស៊ី ឲ្យលង់ធ្លាក់ជ្រៅទៅក្នុងភាពអន្ធការ។ ចំណែក លោកល្រី Svetlana Gannouchkina ជាអ្នកតស៊ូក្នុងបុព្វហេតុសិទ្ធិសេរីភាពមួយរូបទៀត បានសំដែងការសោកស្តាយយ៉ាងខ្លាំង ចំពោះសវនាការនេះ ដែលលោកស្រីយល់ថា ផ្ទុយស្រឡះពីច្បាប់។ លោកស្រីបន្តថា ត្រឹមសេចក្តីថ្លែងការណ៍ ដើម្បីសន្តិភាព និង ការទិតៀនអាជ្ញាធរ ពុំគួរត្រូវរងការចោទប្រកាន់ និងកាត់ទោសដូច្នេះឡើយ។

មួយថ្ងៃមុនការប្រកាសសាលក្រម លោកអ័រឡូវ បានពោលថា លោកពុំមានការស្តាយក្រោយ ចំពោះទង្វើរបស់លោក ក្នុងដំណើរតស៊ូប្រឆាំងការបំបិទសេរីភាព ក្នុងប្រទេសរុស្ស៊ី ឡើយ។ ផ្ទុយទៅវិញ លោកនៅតែបន្តតិទៀនមិនញញើតមាត់ ចំពោះការបញ្ជូនទ័ពរុស្ស៊ីចូលលុកលុយអ៊ុយក្រែន។

ជាសកម្មជនសិទ្ធិមនុស្សតាំងពីអំឡុងទសវត្សរ៍ឆ្នាំ ១៩៧០ លោក អូឡេក អ័រឡូវ បានក្លាយជាសសរទ្រូងដ៏សំខាន់ មួយនៃ Memorial ដែលជាអង្គការក្រៅរដ្ឋាភិបាលចម្បងគេ ក្នុងដំណើរតស៊ូដើម្បីរក្សាទុក នូវការចងចាំអំពីសកម្មភាពបង្ក្រាបនានា ក្នុងសម័យសហភាពសូវៀត ព្រមទាំងចងក្រងទុកជាឯកសារ ចំពោះការរឹតត្បិតសិទ្ធិសេរីភាព ក្នុងប្រទេសរុស្ស៊ី នាពេល​បច្ចុប្បន្ន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ