អានតួអត្ថបទ
រុស្ស៊ី-សិទ្ធិសេរីភាព

រុស្ស៊ី៖ លោក Kara-Mourza អំពាវនាវកុំឲ្យអស់សង្ឃឹម ក្រោយការស្លាប់របស់លោក ណាវ៉ាល់នី

ប្រទេសរុស្ស៊ី សកម្មជនប្រឆាំងដែលកំពុងជាប់ពន្ធនាគារ លោក Kara-Mourza បានអំពាវនាវ នៅថ្ងៃ ព្រហស្បតិ៍ទី ២២ កុម្ភៈ នេះ ទៅកាន់ប្រជាពលរដ្ឋរុស្ស៊ី ថាកុំឲ្យអស់សង្ឃឹម ក្រោយការស្លាប់របស់លោក ណាវ៉ាល់នី នៅក្នុងពន្ធនាគារ ហើយត្រូវបន្តការប្រយុទ្ធ ដើម្បីសេរីភាព និងប្រជាធិបតេយ្យ ក្នុងប្រទេស។  

រុស្ស៊ី៖ លោក Kara-Mourza អំពាវនាវកុំឲ្យអស់សង្ឃឹម ក្រោយការស្លាប់របស់លោក ណាវ៉ាល់នី
រុស្ស៊ី៖ លោក Kara-Mourza អំពាវនាវកុំឲ្យអស់សង្ឃឹម ក្រោយការស្លាប់របស់លោក ណាវ៉ាល់នី AP
ផ្សាយពាណិជ្ជកម្ម

ថ្លែងពីក្នុងគុកនៅតំបន់ស៊ីបេរី ទៅកាន់អង្គជំនុំជម្រះនៃតុលាការ តាមវីដេអូសន្និសីទ លោក Kara Mourza បាន ពោលថា៖ យើងពុំត្រូវបណ្តោយខ្លួន ឲ្យធ្លាក់ក្នុងភាពតប់ប្រមល់ ឬ អស់សង្ឃឹមឡើយ ដ្បិតទង្វើនេះ គឺជាអ្វី ដែលអាជ្ញាធររុស្ស៊ី ចង់បានបំផុត។ យើងគ្មានសិទ្ធិនឹងប្រព្រឹត្តបែបនេះឡើយ។ នេះជា កាតព្វកិច្ច របស់យើង នៅចំពោះមុខបណ្តាសមមិត្តរបស់យើង ដែលបានពលីជីវិត។ លោក Kara-Mourza បានសំដែងសេចក្តីសង្ឃឹមថានឹងអាច ប្រែប្រទេសរុស្ស៊ី ឲ្យទៅជាប្រទេសប្រជាធិបតេយ្យដូចប្រទេសអឺរ៉ុបផ្សេងទៀត ដែលមានសេរីភាពពេញលេញ។

លោក Kara-Mourza ដែលកាន់លិខិតឆ្លងដែនរុស្ស៊ីផង និងអង់គ្លេសផង ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារ ២៥ ឆ្នាំ ពីបទក្បត់ជាតិ ដោយបានផ្សាយព័ត៌មានបំផ្លើសការពិត អំពីកងទ័ពរុស្ស៊ី និងជាប់ពាក់ព័ន្ធជាមួយអង្គការមួយ ដែលអាជ្ញាធររុស្ស៊ីមិនចង់ឃើញមានវត្តមាន។ នេះគឺជា ទោសធ្ងន់បំផុត សម្រាប់សកម្មជនប្រឆាំង ក្នុងប្រវត្តិថ្មីនៃប្រទេសរុស្ស៊ី។ គួររំឭកថា លោក Kara-Mourza កំពុងមានសុខភាពទ្រុឌទ្រោម ដែលមតិមួយចំនួនយល់ថា គឺបណ្តាលមកពីការប៉ុនប៉ងធ្វើឃាតរូបលោក រហូតដល់ទៅពីរដង ដោយប្រើថ្នាំពុល កាលពីប៉ុន្មានឆ្នាំមុន។

ជាមិត្តយូរឆ្នាំ របស់លោក អាឡិកសី ណាវ៉ាល់នី ដែលបានស្លាប់ក្នុងពន្ធនាគារ កាលពីថ្ងៃទី ១៦ កុម្ភៈកន្លងទៅ លោក Vladimir Kara-Mourza ក៏ជាជំនិតនឹង លោក Boris Nemtsov សកម្មជនប្រឆាំងម្នាក់ទៀត ដែលត្រូវបានគេបាញ់សម្លាប់នៅក្បែរវិមានក្រេមឡាំង ក្នុងឆ្នាំ ២០១៥៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ