អ៊ីរ៉ង់និងប៉ាគីស្ថានសន្យាចាប់ដៃមិនឲ្យក្រុមភេរវនិយមបំផ្លាញទំនាក់ទំនងប្រទេសទាំងពីរ
ប៉ាគីស្ថាន និងអ៊ីរ៉ង់រួសរាន់បន្ថយភាពតានតឹងនៅព្រំដែនប្រទេសទាំងពីរ។ បន្ទាប់ពីប្រឈមមុខដាក់គ្នាផ្នែកអាវុធ កាលពីពាក់កណ្តាលខែមករា ប្រទេសជិតខាងទាំងពីរបានជ្រើសរើសផ្លូវការទូតដើម្បីដោះស្រាយវិបត្តិរវាងគ្នា។ ជាក់ស្តែង នៅថ្ងៃ ចន្ទទី ២៩មករា រដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់បានធ្វើដំណើរទៅជួបសមភាគីប៉ាគីស្ថាននៅទីក្រុងអ៊ីស្លាម៉ាបាដ ដើម្បីជម្រះមន្ទិល និងបោះជំហានរួមដើម្បីអភិវឌ្ឍទំនាក់ទំនងសេដ្ឋកិច្ច និងសន្តិសុខរវាងប្រទេសទាំងពីរ។
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៣:២៨
ពីរសប្តាហ៍ក្រោយបើកការវាយប្រហារផ្លូវអាកាស រំលោភចូលទឹកដីគ្នាទៅវិញ ទៅមក អ៊ីរ៉ង់ និងប៉ាគីស្ថានជ្រើសរើសផ្លូវចរចាដើម្បីបន្ធូរបន្ថយភាពតានតឹងរវាងប្រទេសទាំងពីរ។ នៅថ្ងៃ ចន្ទទី ២៩មករា រដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់ធ្វើដំណើរទៅជួបសមភាគីប៉ាគីស្ថាន នៅទីក្រុងអ៊ីស្លាម៉ាបាដ នៅក្នុងគោលដៅជម្រះមន្ទិល និងដោះស្រាយវិបត្តិរវាងប្រទេសជិតខាងទាំងពីរ។
នៅក្នុងសន្និសីទកាសែតរួម នៅថ្ងៃចន្ទ ប្រមុខការទូតអ៊ីរ៉ង់ និងប៉ាគីស្ថានសន្យាពង្រឹងការសហការ ចាប់ដៃគ្នា តាមខ្សែបណ្តាញដែលមានស្រាប់ ដូចជាការទូត យោធា និងថ្នាក់រដ្ឋាភិបាល។
ប៉ាគីស្ថាន និងអ៊ីរ៉ង់ដំឡើងសំឡេង សង្រ្កឺតធ្មេញដាក់គ្នា នៅពាក់កណ្តាលខែមករា នៅពេលប្រទេសទាំងពីរបើកការវាយប្រហាររំលោភចូលក្នុងទឹកដីគ្នាទៅវិញ ទៅមក។ នៅថ្ងៃទី ១៦មករា អ៊ីរ៉ង់បាញ់មីស៊ីល បញ្ជូនដ្រូនទៅក្នុងទឹកដីប៉ាគីស្ថាន ក្នុងគោលដៅ កម្ចាត់ក្រុមភេរវនិយម (ចលនាប្រដាប់អាវុធនិកាយស៊ូនីត) ដែលជ្រកកោននៅប៉ាគីស្ថាន ប៉ុន្តែ ជ្រៀតខ្លួនចូលទៅធ្វើសកម្មភាព ហិង្សាសម្លាប់មនុស្សក្នុងទឹកដីអ៊ីរ៉ង់។ ២ថ្ងៃក្រោយ ប៉ាគីស្ថានបើកប្រតិបត្តិការយោធាសងសឹកអ៊ីរ៉ង់ វិញ ដោយបញ្ជូនដ្រូនទៅវាយប្រហារក្រុមទាមទារបំបែកទឹកដីប៉ាគីស្ថាន ប៉ុន្តែ លួចទៅលាក់ខ្លួន ជ្រកកោន នៅទឹកដីអ៊ីរ៉ង់។ ការវាយប្រហារសងសឹកគ្នាមួយប្រាវរបស់ប៉ាគីស្ថាន និងអ៊ីរ៉ង់បានសម្លាប់មនុស្សយ៉ាងតិច ១១នាក់។
បើតាមរដ្ឋមន្រ្តីការបរទេសប៉ាគីស្ថាន ទំនាក់ទំនងអ៊ីរ៉ង់ និងប៉ាគីស្ថានឆាប់ធូរស្រាល ត្រលប់ទៅរកភាពដើមវិញ ក៏ព្រោះតែប្រទេសទាំងពីរមានឆន្ទៈចង់ដោះស្រាយរាល់វិបត្តិរវាងគ្នា។ ម្យ៉ាងប្រទេសទាំងពីរមានសត្រូវរួមគ្នា គឺក្រុមភេរវនិយមដែលគំរាមកំហែងសន្តិសុខរបស់ប្រទេសទាំងពីរ។ ប្រមុខការទូតអ៊ីរ៉ង់ និងប៉ាគីស្ថានបានសន្យាថា នឹងមិនបណ្តោយឲ្យក្រុមភេរវនិយម បំផ្លាញទំនាក់ទំនង គំរាមកំហែងសន្តិសុខរបស់ប្រទេសបងប្អូនទាំងពីរតទៅទៀត។
កងទ័ពប៉ាគីស្ថានតែងជាប់ដៃប្រយុទ្ធជាមួយពួកឧទ្ទាមបំបែកទឹកដី បាលូស៊ីស្តង់ ដែលជ្រកោនក្នុងទឹកដីអ៊ីរ៉ង់។ ចំណែកកម្លាំងប្រដាប់អាវុធអ៊ីរ៉ង់តែងវាយប្រហារក្រុមជីហាតនិកាយស៊ូនីត ក្នុងទឹកដីប៉ាគីស្ថាន។ ជារួម ភាគីម្ខាងៗ អ៊ីរ៉ង់ និងប៉ាគីស្ថានធ្លាប់ចោទដាក់គ្នាទៅវិញ ទៅមក ថាបានផ្តល់ជំរកដល់ក្រុមឧទ្ទាមបំបែកទឹកដី ឬក្រុមប្រឆាំងរៀងៗខ្លួន។ កន្លងមក ប៉ាគីស្ថានមិនបានតវ៉ាប្រឆាំង នៅពេលអ៊ីរ៉ង់ ចាត់វិធានការលើក្រុមជីហាតនៅប៉ាគីស្ថាន។ ប៉ុន្តែ លើកនេះ ប៉ាគីស្ថានក្តៅស្លឹកត្រចៀក ព្រោះអ៊ីរ៉ង់បើកការវាយប្រហារក្នុងទឹកដីប៉ាគីស្ថាន ដោយមិនបានសុំការអនុញ្ញាត ជូនដំណឹងជាមុនទៅភាគីប៉ាគីស្ថានដែលជាម្ចាស់ផ្ទះ។ នៅត្រង់ចំណុចនេះ រដ្ឋមន្រ្តីការបរទេសប៉ាគីស្ថានបានសង្កត់ធ្ងន់ពីការគោរពបូរណភាពទឹកដី និងដែនអធិបតេយ្យភាពគ្នាទៅវិញ ទៅមក។ ចំណែក អ៊ីរ៉ង់ប្រកាសបង្កើតតំបន់សេដ្ឋកិច្ចនៅព្រំដែន ដើម្បីជំរុញការដោះដូរពាណិជ្ជកម្មសេរីរវាងប្រទេសទាំងពីរ។
អ៊ីរ៉ង់ និងប៉ាគីស្ថានត្រលប់មកត្រូវរ៉ូវគ្នាឡើងវិញ ជាការធូរស្រាលមួយកម្រិតធំសម្រាប់សហគមន៍អន្តរជាតិ ដែលកំពុងបារម្ភខ្លាចថា វិបត្តិអ៊ីរ៉ង់ និងប៉ាគីស្ថាន ដែលជាមហាអំណាចនុយក្លេអ៊ែរធ្លាក់ចុះដុនដាបកាន់តែខ្លាំង រហូត ទាក់ទាញសង្រ្គាម ជម្លោះប្រដាប់អាវុធឲ្យរីករាលដាលចេញពីតំបន់ដើមបូព៌ា៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ