អានតួអត្ថបទ
ថៃ-ច្បាប់​រាជានិយម

ថៃដាក់​​​ទោស​សកម្មជន​ម្នាក់ឱ្យ​ជាប់​ពន្ធនាគារ​៥០​ឆ្នាំ​​​​ពី​បទ​​​ប្រមាថព្រះ​មហាក្សត្រ

តុលាការ​សាលា​ឧទ្ធរណ៍​ថៃ បាន​សម្រេច​សាលក្រម​ដាក់​ទោស​បុរស​ម្នាក់​ឱ្យ​ជាប់​ពន្ធនាគារ​៥០ឆ្នាំ​ពី​បទ​បាន​ជេរ​ប្រមាថ​គ្រួសារ​រាជវង្ស។ បើ​តាមសហគម​​ក្រុម​មេធាវី​សិទ្ធិមនុស្ស​ថៃ នេះ​ជា​ទោសប្រមាថរបប​​រាជានិយម​​ដ៏​ធ្ងន់​បំផុត​មិនដែល​​ធ្លាប់​មាន​ទេ​​​ពី​មុន​មក។

ព្រះមហាក្សត្រ​ថៃ
ព្រះមហាក្សត្រ​ថៃ AP - Sakchai Lalit
ផ្សាយពាណិជ្ជកម្ម

ជា​ម្ចាស់​ហាង​លក់​ខោអាវ​អនឡាញ​ អាយុ​៣០​ឆ្នាំ​ ម៉ុងកុល​ ធីរ៉ាកុត ត្រូវ​តុលាការ​ផ្តន្ទា​ទោស​ពី​បទ​បាន​បង្ហោះ​ផ្សាយសារ​ចំនួន​២៧​​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក​ ដែល​មានលក្ខណៈ​បរិហារ​កេរ្ត៍​ព្រះមហាក្សត្រ​និង​គ្រួសាររាជវង្ស។ កាលពី​ឆ្នាំ​ទៅ តុលាការ​បាន​កាត់​ទោស​ឱ្យ​សកម្មជន​រូប​នេះ​ជាប់ពន្ធនាគារ​២៨ឆ្នាំ។ ប៉ុន្តែ​នៅ​ថ្ងៃ​នេះ ក្រោយ​បណ្តឹង​ឧទ្ធរណ៍ ចៅក្រម​សាលា​​ឧទ្ធរណ៍​ក្រុង​ឈៀងរ៉ៃ បានសម្រេចដាក់​​ទោសកាន់​តែ​ធ្ងន់ ដោយ​តម្រូវ​ឱ្យ​ឃុំ​ឃាំង​ក្នុង​ពន្ធនាគារ​បន្ថែម​​២២​ឆ្នាំទៀត​។ ​

គឺ​ជា​ទោស​ដ៏​ធ្ងន់​ជាង​គេបំផុត ក្នុង​បទ​ប្រមាថ​ព្រះ​មហាក្សត្រ​ ដែល​គេ​មិន​ធ្លាប់​ប្រទះ​ពី​មុន​មក​ទេ។ បើ​តាម​ការ​ពន្យល់​របស់​សមាគម​ក្រុម​មេធាវី​សិទ្ធិមនុស្ស​ថៃ។ កាលពី​ខែ​មករា​ឆ្នាំ​២០២១​ តុលាការ​ថៃ​ដាក់​ទោស​ស្រ្តី​សកម្មជនម្នាក់​ដែល​បាន​ផ្សព្វផ្សាយ​សារ​សំឡេង​​ប្រមាថ​របប​រាជនិយមតាម​បណ្តាញ​សង្គម នូវ​ទោស​​ដ៏​ធ្ងន់ធ្ងរ​ តែ​ត្រឹម​៤៣​ឆ្នាំ​ប៉ុណ្ណោះ។

ច្បាប់​ការពារ​របប​រាជនិយម​ថៃ ត្រូវ​បាន​គេ​ចាត់​ទុក​ជា​ច្បាប់​ដ៏​តឹង​តែង​ជាង​គេ​បំផុត​មួយ​នៅ​លើ​ពិភពលោក​ ដោយ​អាច​ផ្តន្ទាទោស​ដល់​១៥​ឆ្នាំ​សម្រាប់​បទ​ល្មើស​ជេរ​ប្រមាថ​ព្រះ​មហាក្សត្រ​វិជ្ជរ៉ាឡុងកន​ និង​ក្រុម​គ្រួសារ​រាជវង្ស។ ​ចលនា​ប្រជាធិបតេយ្យ និង​បក្ស​ប្រឆាំងដែលទទួល​ជោគជ័យ​ក្នុង​សម័យ​បោះឆ្នោត​សភា​ពី​ឆ្នាំ​ទៅ បាន​​​​ទាមទារ​ធ្វើ​កំណែទម្រង់ច្បាប់​រាជា​និយម​ ឈាន​ឆ្ពោះ​ទៅ​រក​ការ​រំលាយ​ច្បាប់​ដ៏​តឹង​តែង​នេះ ប៉ុន្តែត្រូវ​រង​ការ​បង្ក្រាប​​និង​រារាំង​ជា​ខ្លាំង។ ក្រោយ​មាន​បាតុកម្ម​ទ្រង់ទ្រាយ​ធំ​របស់​ក្រុម​យុវជន​ទាមទារ​ឱ្យ​ថៃ​ធ្វើ​កំណែទម្រង់​ច្បាប់​រាជានិយម​ កាលពី​ឆ្នាំ​២០២០និង​២០២១​មក របប​សឹក​ថៃ​បានប្រើ​ច្បាប់​រាជានិយមនេះ​សម្រាប់​បំបិទ​រាល់​គ្រប់​សំឡេងប្រឆាំង​។ នេះ​បើ​ការ​បរិហារ​របស់​​អង្គការ​ការពារ​សិទ្ធិមនុស្ស។ តាំងពី​ផ្ទុះ​បាតុកម្មហិង្សា​នោះ​មក មាន​បាតុករ​ជាង​២៥០​ខ្លះ​ជា​ក្មេង​មិន​ទាន់​ពេញ​វ័យ​ ត្រូវ​ជាប់​ចោទ​​ពី​បទ​រំលោភ​ច្បាប់​ប្រមាថ​ព្រះ​មហាក្សត្រ។ នេះ​បើ​តាម​សមាគម​មេធាវី​សិទ្ធិមនុស្ស​ថៃ​ដដែល។

នៅ​មុន​នេះ​​មួយ​ថ្ងៃ សកម្មជន​ប្រជាធិបតេយ្យ​ដ៏​ចម្បង​ម្នាក់ គឺ​មេធាវី​អាណុង ណំប៉ា ទើប​ត្រូវ​បាន​តុលាការ​បន្ថែម​ទោស​បួន​ឆ្នាំ​ទៀត ចំពោះ​ការ​ផ្សព្វផ្សាយ​សារ​បី​នៅក្នុង​ប្រព័ន្ធ​សង្គម៕ ​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ