អានតួអត្ថបទ
ហុងកុង-ប្រជាធិបតេយ្យ

ហុងកុង៖ គណបក្សប្រជាធិបតេយ្យនិយម​ ដ៏ធំចុងក្រោយគេ សម្រេច​បិទទ្វារជាស្ថាពរ

បរិយាកាសនយោបាយ​ហុងកុង កាន់តែរួមរឹត ជាមួយនឹងពន្លឺសង្ឃឹមប្រជាធិបតេយ្យ ដែលកាន់តែចុះថយ។ អ្នកនយោបាយ​ និងសកម្មជននិយម​ប្រជាធិបតេយ្យជាច្រើនណាស់ ខ្លះ​កំពុងប្រឈមនៅតុលាការ ខ្លះកំពុង​ស្ថិតនៅក្នុងឃុំ និងខ្លះទៀតត្រូវបង្ខំចិត្តរត់ភៀសខ្លួនទៅក្រៅស្រុក​។ គណបក្សប្រឆាំងដ៏ធំមួយនៅហុងកុង ឈ្មោះ Civic Party បានសម្រេចបិទទ្វាររំលាយខ្លួនជាស្ថាពរ នៅថ្ងៃទី​២៨ធ្នូ២០២៣។​

This photo taken on August 3, 2023 shows veteran politician Alan Leong at the Civic Party headquarters, once the second largest opposition party in the city, as he prepares to vacate the party's offic
រូបថតថ្ងៃទី​៣សីហា២០២៣៖ លោក​ Alan Leong ស្ថិតនៅទីស្នាក់​ការ​គណបក្ស​ Civic Party ដែលត្រូវបិទទ្វារ​ រំលាយ​ខ្លួនចោលជាស្ថាពរ ពីជីវិតនយោបាយហុងកុង។ AFP - ISAAC LAWRENCE
ផ្សាយពាណិជ្ជកម្ម

គណបក្សប្រឆាំងដ៏សំខាន់​មួយ នៅ​ហុងកុងឈ្មោះ Civic Party ត្រូវបិទទ្វារជាស្ថាពរ នៅថ្ងៃព្រហស្បតិ៍ ទី២៨ធ្នូ។ វាគឺជាការបិទទំព័រនយោបាយ​ប្រជាធិបតេយ្យ​ហុងកុង បន្ទាប់ពីបានឆ្លងកាត់នូវការតស៊ូដ៏កក្រើក នាប៉ុន្មានឆ្នាំចុងក្រោយនេះ ក្នុង​ការទាមទារលទ្ធិប្រជាធិបតេយ្យ និង​សិទ្ធិសេរីភាព ទល់នឹងក្រញ៉ាំអំណាចរបស់ចិន​ប៉េកាំងកុម្មុយនិស្ត​។

ថ្លែងនៅក្នុងបទសម្ភាស ផ្តល់ឲ្យ​បណ្តាញព័ត៌មាន​បារាំង AFP លោក Alan Leong ស្ថាបនិក​ម្នាក់​នៃគណបក្ស Civic Party បាន​លើកឡើងថា លោក​មានការសោកស្តាយ តែ​ក៏​បាន​ធូរចិត្តដែរ ដែលលោក​នឹងលែងមានអម្រែកធ្ងន់​នៅលើស្មារតទៅទៀត ចាប់ពីពេលនេះទៅ។ លោក​បានឲ្យដឹងថា តថៈភាពនយោបាយ ព្រមទាំងការបាត់បង់អស់ទាំងស្រុង នូងធនធាន​ថវិកានិង​ស្មារតី​ បានធ្វើ​ឲ្យ​គណបក្សនេះគ្មានជម្រើសអ្វីផ្សេងទេ ក្រៅ​ពី​ការ​ប្រកាសរំលាយ​ខ្លួន​។

លោកមេធាវី វ័យ​៦៥ឆ្នាំរូបនេះ បាន​លើកឡើងថា លោកមិនដែលសង្ស័យអ្វីទេ ទាក់ទិននឹងសមត្ថភាពរបស់ប្រជាជនហុងកុង ក្នុងការ​ដឹកនាំហុងកុង។ ក៏ប៉ុន្តែ​ មានរឿងខ្លះ គឺវាស្ថិតនៅផុតពីដៃ​របស់យើង ដែលយើងមិនអាចគ្រប់គ្រងបាន​ទេ​។

សូមរំលឹកថា គណបក្ស Civic Party ដែលប្រជាជនហុងកុងនិយមដាក់ងារហៅថា គណបក្សមេធាវី ត្រូវបាន​បង្កើតឡើងនៅខែមីនាឆ្នាំ​២០០៦ ដោយក្រុមអ្នកច្បាប់ ដែលនិយម​សិទ្ធិសេរីភាពនិង​លទ្ធិប្រជាធិបតយេ្យ​។ ឆ្លងកាត់ជោគជ័យជាបន្តបន្ទាប់ក្នុងការបោះឆ្នោត គណបក្សនេះបានក្លាយជាកម្លាំង​ចលនាប្រជាធិបតេយ្យធំទី២ បន្ទាប់​ពី​គណបក្ស​ប្រឆាំងមួយទៀត ឈ្មោះសម្ព័ន្ធ​សង្គមប្រជាធិបតេយ្យ។

នៅឆ្នាំ​២០១០ គណបក្សប្រជាធិបតេយ្យទាំង​២នេះ បានរួមគ្នា ជំរុញឲ្យ​មានការបោះឆ្នោត​ ដែលមានតម្លៃជានិម្មិតរូប ស្មើនឹង​ការធ្វើប្រជាមតិ ស្តីពីការពង្រឹងលទ្ធិប្រជាធិបតេយ្យ​នៅហុងកុង។ គឺចាប់ពីពេលនោះហើយ ដែល​ប៉េកាំង ចាប់ផ្តើម​ប្រើប្រាស់គោល​នយោបាយធម៌ក្តៅលើហុងកុង ដើម្បី​បង្ក្រាប​រាល់សំឡេងទាមទារប្រជាធិបតេយ្យ​។​ គណបក្ស​ Civic Party ត្រូវបាន​ប៉េកាំងចាត់ទុកថាជាចលនានយោបាយ ​ដែល​អាចបង្កគ្រោះថ្នាក់​ដល់ស្ថិរភាព​របស់ចិន​​។ ឆ្នាំ​២០១៩ Civic Party បានចូលរួមយ៉ាងសកម្ម នៅក្នុង​ចលនាបាតុកម្ម​ទាមទារលទ្ធិប្រជាធិបតេយ្យ ដែល​ផ្ទុះកក្រើកឡើង ដោយសកម្មភាពរបស់​យុវជនសិស្សនិស្សិតហុងកុង​។ សមាជិកធំៗចំនួន​៧នាក់នៃបក្សនេះ ត្រូវបាន​អាជ្ញាធរហុងកុង ប្តឹងចោទប្រកាន់ ពីបទឧក្រិដ្ឋប្រឆាំងនឹង​សន្តិសុខជាតិ​។

ចាប់ពីពេលនោះមក សកម្មភាព​កំចាយ​ និងរារាំងទៅលើគណបក្ស Civic Party ត្រូវបានពន្លឿន ពីសំណាក់អាជ្ញាធរហុងកុង។ សមាជិកសភា និងអ្នកនយោបាយជាប់ឆ្នោតទាំងអស់ របស់បក្សនេះ ត្រូវគេដកហូតតំណែង។ មេដឹកនាំ​៣នាក់​នៃគណបក្សនេះ បច្ចុប្បន្ន​កំពុងជាប់ពន្ធនាគារ ចំណែក​មួយចំនួន​ទៀត បានរត់ភៀសខ្លួន​ទៅក្រៅប្រទេស។ កុំថាឡើយថវិកា ឬកម្លាំងមនុស្សដឹកនាំបក្ស សូម្បីតែតុកៅអីនៅទីស្នាក់​ការបក្ស ក៏​បាត់ស្រមោល​ម្តងមួយៗដែរ​។ នៅខែ​ឧសភាកន្លងទៅ សមជិក​គណបក្ស Civic Party បានបោះឆ្នោតរំលាយ​ខ្លួនឯងចោល បន្ទាប់ពីគ្មាន​លទ្ធភាព និងធនធានមនុស្ស​បន្តដឹកនាំតទៅទៀត។

យ៉ាងណាក៏ដោយ នៅក្នុងបទសម្ភាស លោក Alan Leong បាន​លើកឡើងថា ប្រវត្តិសាស្ត្រគឺប្រៀបបីដូចជា កងចក្រវិលជុំ ដែលមានន័យ​ថា អនាគតគ្មាននរណាអាចមើលឃើញឲ្យជាក់ច្បាស់ទេ។​ លោក​ជឿថា ទោះបីជាមានការកៀបសង្កត់បែបណា​ពីចិន​ប៉េកាំង តែមិនប្រាកដថា នឹងគ្មាន​គណបក្សប្រជាធិបតេយ្យ​ថ្មី​ណាមួយចាប់បដិសន្ធិ​ឡើងនោះឡើយ​៕

គួរបញ្ជាក់ដែរថា ស្របពេលដែលគណបក្ស ​Civic Party ត្រូវបិទទ្វារជាស្ថាពរ នៅថ្ងៃព្រហស្បតិ៍​ទី​២៨ធ្នូ តុលាការហុងកុង បានបើក​សវនាការ​​កាត់ទោសយុវជន​ហុងកុង​៣នាក់។ អតីតនិស្សិតបាតុករទាំង​៣ ត្រូវសមត្ថកិច្ចចោទ ថាបាន​រៀបគម្រោង​ធ្វើគ្រាប់បែក​ច្នៃ ដាក់បំផ្ទុះនៅ​តាមស្ថាប័ន​រដ្ឋហុងកុង កាលពីក្នុងអំឡុងពេល​បាតុកម្ម​ឆ្នាំ​២០១៩។ Hu Yu-Wang បច្ចុប្បន្នអាយុ២០ឆ្នាំ ជាប់ទោសពន្ធនាគារ​ ៦ឆ្នាំ ចំណែក​២នាក់ទៀត Kwok Man-Hei អាយុ២១ឆ្នាំជាប់ពន្ធនាគារ​២ឆ្នាំកន្លះ និង​ Cheung Ho-Yeung អាយុ​២៣ឆ្នាំ ជាប់ពន្ធនាគារ​៦ឆ្នាំ។ ហើយចាប់ពីថ្ងៃទី​១៨ធ្នូមក តុលាការ​ហុងកុងកំពុងដំណើរការនីតិវិធី​សវនាការ កាត់ទោសលោក Jimmy Lai និពន្ធនាយក​កាសែត Apple Daily ដែលអាជ្ញាធរហុងកុងចោទពីបទក្បត់ជាតិ ប្រឆាំងសន្តិសុខនិងស្ថិរភាពជាតិ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ