អានតួអត្ថបទ
សកម្មជនហុងកុង

អាមេរិកនិងអង់គ្លេសថ្កោលទោស​ការប្រកាសផ្តល់រង្វាន់សម្រាប់តាមចាប់អ្នកប្រឆាំងហុងកុងនៅទឹកដី​បរទេស

អាមេរិក និងអង់គ្លេស​ថ្កោលទោស​ចំណាត់ការរបស់​អាជ្ញាធរ​ហុងកុង ដែលទើបបាន​ប្រកាស​ផ្តល់​រង្វាន់​ដល់​អ្នកដែល​ផ្តល់ដំណឹង ឈានទៅចាប់​ជនប្រឆាំងហុងកុង ដែលកំពុងគេចខ្លួន នៅ​ទឹកដីបរទេស។ នៅថ្ងៃ​ព្រហស្បតិ៍ទី ១៤​ធ្នូ ប៉ូលិស​ហុងកុង​ប្រកាស​ផ្តល់​រង្វាន់ ១លាន​ដុល្លារ​ហុងកុង ស្មើនឹង​១២៨ ០០០​ដុល្លារ​អាមេរិក សម្រាប់​ការឈាន​ទៅចាប់​ជនប្រឆាំងហុងកុង​១នាក់។ មនុស្ស​៥នាក់ ដែល​អាជ្ញាធរហុងកុង​តាមរក​ចាប់ខ្លួន​ កំពុងរត់ទៅជ្រកកោន នៅ​បរទេស ដែលនៅក្នុងនោះ​មានផងដែរ​អង់គ្លេស និងអាមេរិក។

អ្នកទទួលខុសត្រូវប៉ូលិសជាតិហុងកុង លោក Steve Li Kwai wah បានប្រកាសផ្តល់រង្វាន់សម្រាប់អ្នកដែលផ្តល់ដំណឹង​ឈានទៅចាប់សកម្មជនប្រឆាំង​ហុងកុង​៥រូប កាលពីថ្ងៃទី ១៤ ធ្នូ ២០២៣
អ្នកទទួលខុសត្រូវប៉ូលិសជាតិហុងកុង លោក Steve Li Kwai wah បានប្រកាសផ្តល់រង្វាន់សម្រាប់អ្នកដែលផ្តល់ដំណឹង​ឈានទៅចាប់សកម្មជនប្រឆាំង​ហុងកុង​៥រូប កាលពីថ្ងៃទី ១៤ ធ្នូ ២០២៣ REUTERS - TYRONE SIU
ផ្សាយពាណិជ្ជកម្ម

ប្រធាន​ប៉ូលិស​ជាតិ​ហុងកុង​បាន​បើកសន្និសីទ​កាសែត​នៅថ្ងៃ​ព្រហស្បតិ៍ ដើម្បី​ប្រកាស​ផ្តល់រង្វាន់​១លាន​ដុល្លារ​ហុងកុង ទៅដល់​អ្នកណា​ដែលផ្តល់ដំណឹង ឈាន​ទៅចាប់ខ្លួន អ្នកប្រឆាំង​ហុងកុង​៥នាក់ ដែល​កំពុង​ស្ថិតនៅ បរទេស។

ត្រូវ​អាជ្ញាធរ​ហុងកុង​ចោទប្រកាន់​ពីបទ​ញុះញង់​ឲ្យមានការបំបែកទឹកដី អុជអាល​ឲ្យធ្វើ​វិទ្ធង្សនា និង​ឃុបឃិត​ជាមួយកម្លាំងបរទេស ដែលជាទោសឧកិ្រដ្ឋធ្ងន់ និងអាច​ជាប់ពន្ធនាគារ អស់មួយជីវិត អ្នកប្រឆាំងហុងកុង​ទាំង​៥រូប​បាន​រត់គេច​ខ្លួន​ទៅសុំសិទ្ធិជ្រកកោន នៅបរទេស​ចាប់តាំង​ពី​ឆ្នាំ ២០២០ ឆ្នាំ​ដែល​ប៉េកាំង​អនុវត្ត​ច្បាប់ការពារ​សន្តិសុខផ្ទៃក្នុង។

គិត​ចាប់តាំង​ពី​ឆ្នាំ ដែល​ប៉េកាំង​អនុវត្តច្បាប់ការពារសន្តិសុខផ្ទៃក្នុង ដើម្បី​រឹតត្បិត​សិទ្ធិសេរីភាព​បញ្ចេញមតិ ហាមឃាត់​ការធ្វើ​បាតុកម្ម​ប្រឆាំង សកម្មជន​ដើម្បី​ទាមទារ​លទ្ធិប្រជាធិបតេយ្យ​នៅហុងកុង ជាច្រើន​នាក់ ដូចជា​មេធាវី សាស្រ្តាច្បាប់ អ្នកជំនួញ អ្នកកាសែត និង​និស្សិត ត្រូវ​បាន​ចាប់ខ្លួន និង​មួយចំនួនទៀត ដែល​ភាគច្រើនជា​យុវជន​បាន​រត់ទៅសុំ​សិទ្ធិ​ជ្រកកោន នៅទឹកដីបរទេស ដែលនៅក្នុងនោះមានផងដែរ អាមេរិក និង​អង់គ្លេស។

នៅ​ថ្ងៃ​ព្រហស្បតិ៍ អ្នកនាំពាក្យ​របស់​ក្រសួងការបរទេស​អាមេរិកលោក Matthew Miller ថ្កោលទោស​យ៉ាង​ដាច់អហង្កា មធ្យោបាយ​ផ្តល់រង្វាន់​របស់​អាជ្ញាធរ​ហុងកុង ដើម្បី​ឈាន​ទៅ​ចាប់ខ្លួន សកម្មជនប្រឆាំង នៅទឹកដីបរទេស។ អង់គ្លេស តាមរយៈ​រដ្ឋមន្រ្តីការបរទេស លោក​ដាវីដ កាមឺរ៉ូន​ក៏​មិន​បាន​ថ្នមពាក្យ​រិះគន់​ចំណាត់ការ​របស់​អាជ្ញាធរ​ហុងកុង ដែល​លោក​ចាត់ទុកថា ជា​ការគំរាមកំហែង​ដល់​ប្រជាធិបតេយ្យ និងសិទ្ធិជាមូលដ្ឋាន​របស់អង់គ្លេស។

លោក​ដាវីដ កាមឺរ៉ូន​អះអាង​ថា អង់គ្លេស មិនអត់ឱន​ដាច់ខាត រាល់​ការប៉ុនប៉ងរបស់​មហាអំណាចបរទេស​មួយ ដើម្បី​បំភិតបំភ័យ យាយី និង​បំផ្លាញ​បុគ្គល ឬ​សហគមន៍ក្នុងទឹកដីអង់គ្លេស។ ធ្លាប់ធ្វើ​អាណានិគម​លើ​ហុងកុង រហូត​ដល់​ឆ្នាំ ១៩៩៧ អង់គ្លេស​បាន​ផ្តល់​សិទ្ធិជ្រកកោន​ដល់​សកម្មជន​ហុងកុង​ជាច្រើននាក់ ដែល​រត់គេច​ពី​ការបង្រ្កាប​របស់​អាជ្ញាធរ​ហុងកុង។ ជាក់ស្តែង លោក​Simon Cheng ដែលស្ថិតក្នុង​បញ្ជី​មនុស្ស​៥នាក់ ដែល​អាជ្ញាធរ​ហុងកុង​កំពុង​តាម​ចាប់ខ្លួន បាន​រត់គេច​ទៅសុំសិទ្ធិជ្រកកោន​នៅអង់គ្លេស​នៅ​ឆ្នាំ ២០២០។ លោក​Simon Cheng ធ្លាប់​ជា​មន្រ្តីពាណិជ្ជកម្ម នៅ​ស្ថានកុងស៊ុល​របស់​អង់គ្លេស​ប្រចាំហុងកុង ប៉ុន្តែ លោកធ្លាប់ត្រូវ​អាជ្ញាធរ​ហុងកុង ចាប់ដាក់ពន្ធនាគារ និងធ្វើ​ទារុណកម្ម​នៅ​ឆ្នាំ ២០១៩ ក្នុងបទចោទប្រកាន់ ជា​ចារកិច្ច​របស់អង់គ្លេស ដែលញុះញង់​ឲ្យ​មាន​បាតុកម្ម​ប្រឆាំង​រដ្ឋអំណាចប៉េកាំង នៅហុងកុង។

ប្រតិកម្ម​តប​នឹង​ការលើកឡើង​របស់​រដ្ឋមន្រ្តីអង់គ្លេស និងអ្នកនាំពាក្យ​ក្រសួងការបរទេស​អាមេរិក លោកស្រី ម៉ៅ នៀង អ្នកនាំពាក្យ​របស់​ក្រសួងការបរទេស​ចិន ប្រទេច រិះគន់ អាមេរិក និងអង់គ្លេស​ថា មាន​ចេតនាអាក្រក់​ដើម្បី​បង្ក​ភាពវឹកវរ​នៅហុងកុង តាមរយៈ​ការលើកទឹកចិត្ត​បុគ្គល​ដែល​ប្រឆាំង​ចិន។ សម្រាប់អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន មនុស្ស​ទាំង​៥នាក់​ដែល​អាជ្ញាធរ​ហុងកុង​តាមចាប់ខ្លួន បានធ្វើសកម្មភាព​ដែល​បង្ក​គ្រោះថ្នាក់ដល់​សន្តិសុខ​នៅហុងកុង នៅក្រោមរូបភាព​ការពារសិទ្ធិមនុស្ស។

នៅ​ខែ​កក្កដា​កន្លងទៅ ដោយ​ប្រកាស​ផ្តល់​រង្វាន់​១លាន​ដុល្លារហុងកុង​ដូចគ្នានេះ​ អាជ្ញាធរ​ក្រុងហុងកុង​ធ្លាប់​បាន​បង្ហាញ មុខ​សកម្មជនប្រឆាំង​ហុងកុង​៨នាក់ ដែល​កំពុង​ស្ថិត​នៅ​ទឹកដីបរទេស។ អាជ្ញាធរ​ហុងកុង​បានចោទប្រកាន់​ពួកគេថា ញុះញង់​ឲ្យ​បរទេស​ដាក់ទណ្ឌកម្ម​លើ​ហុងកុង និង​ចិន។ នៅថ្ងៃ​ព្រហស្បតិ៍ អ្នកទទួលខុសត្រូវប៉ូលិសជាតិ​ហុងកុង ​លោក Steve Li Kwai wah បាន​ប្រកាស​ហើយថា សកម្មជន​ទាំង​៥នាក់ ដែល​អាជ្ញាធរ​កំពុង​តាមចាប់ខ្លួន ជា​ជនក្បត់ជាតិ ដែល​ត្រូវប៉ូលិសហុងកុង​តាមចាប់ រហូត​ដល់ទីបំផុត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ