អានតួអត្ថបទ
ជប៉ុន-រឿងអាស្រូវហិរញ្ញវត្ថុ

រដ្ឋមន្រ្តីជប៉ុន៤រូបសុំលាលែងចេញពីមុខតំណែង ដោយសារ​រឿងអាស្រូវពុករលួយ

រដ្ឋាភិបាលជប៉ុន​របស់​លោកហ្វូមីអូ គីស៊ីដា​កំពុងធ្លាក់កូដប្រជាប្រិយ​មួយកម្រិតទៀត បន្ទាប់ពី រដ្ឋមន្រ្តី​៤រូប​ក្នុងរដ្ឋាភិបាល ដាក់ពាក្យសុំលាលែងចេញពីមុខតំណែង​ដោយសារ​រឿងអាស្រូវ​ហិរញ្ញវត្ថុ។ រដ្ឋមន្រ្តី​ជប៉ុន​ទាំង​៤រូប​សុំលាឈប់ពីរដ្ឋាភិបាល បន្ទាប់ពី​រាជអាជ្ញា​ជប៉ុន​បើក​ការស៊ើបអង្កេត​លើ​សំណុំរឿងពុករលួយ​ដែលមានជាប់ទាក់ទងសមាជិក​ជាង​១០នាក់​របស់​គណបក្ស​កាន់អំណាច របស់​លោក​គីស៊ីដា។

លោកនាយករដ្ឋមន្រ្តីជប៉ុន គីស៊ីដាដែលកំពុងធ្លាក់កូដប្រជាប្រិយ ត្រូវមកប្រឈមនឹង​វិបត្តិលាលែងពីតំណែង​របស់​រដ្ឋមន្រ្តីដោយសារ​រឿងអាស្រូវ​ហិរញ្ញវត្ថុ​នៅថ្ងៃទី ១៤ ធ្នូ ២០២៣
លោកនាយករដ្ឋមន្រ្តីជប៉ុន គីស៊ីដាដែលកំពុងធ្លាក់កូដប្រជាប្រិយ ត្រូវមកប្រឈមនឹង​វិបត្តិលាលែងពីតំណែង​របស់​រដ្ឋមន្រ្តីដោយសារ​រឿងអាស្រូវ​ហិរញ្ញវត្ថុ​នៅថ្ងៃទី ១៤ ធ្នូ ២០២៣ via REUTERS - POOL
ផ្សាយពាណិជ្ជកម្ម

នាយករដ្ឋមន្រ្តី​ជប៉ុន​លោក​ហ្វូមីអូ គីស៊ីដា​តែងតាំង​ភ្លាមៗ សមាជិក​ថ្មី​របស់​រដ្ឋាភិបាល បន្ទាប់ពី រដ្ឋមន្រ្តី​៤រូបសុំលាលែងពីមុខតំណែង ដោយសារ​រឿងអាស្រូវ​ហិរញ្ញវត្ថុ នៅ​ព្រឹកថ្ងៃព្រហស្បតិ៍ទី ១៤​ធ្នូ។ រដ្ឋមន្រ្តីថ្មី​របស់​ក្រសួង​ទាំង​៤ ដែល​មាន​ការផ្លាស់ប្តូរ​ថ្នាក់​ដឹកនាំ ត្រូវ​បាន​លោក​នាយករដ្ឋមន្រ្តី​ប្រកាស​តែងតាំង​ជាផ្លូវការ នៅក្នុង​ពិធី​ចូលគាល់​អធិរាជជប៉ុន ណារុហិតូ។

នៅក្រោយ​ការចុះផ្សាយ​របស់​កាសែត​ក្នុង​ស្រុកជប៉ុន ស្តីពី​ការបើកការស៊ើបអង្កេត​របស់​ព្រះរាជអាជ្ញាក្រុងតូក្យូ ទៅលើសំណុំរឿង​ពុករលួយ​ដែលមាន​ជាប់ទាក់ទង​សមាជិក​គណបក្ស​សេរី​ប្រជាធិបតេយ្យ គណបក្ស​កាន់អំណាច​របស់​លោកនាយករដ្ឋមន្រ្តី​គីស៊ីដា រដ្ឋមន្រ្តី ៤រូប ​ដូចជា​លោក Hirokazu Matsuno ប្រធាន​ខុទ្ធការល័យនាយករដ្ឋមន្រ្តី និង​ជា​មនុស្ស​ដៃស្តាំ​របស់​លោក​គីស៊ីដា រដ្ឋមន្រ្តីក្រសួង​សេដ្ឋកិច្ច រដ្ឋមន្រ្តី ក្រសួងកសិកម្ម និង​រដ្ឋមន្រ្តី ក្រសួងកិច្ចការផ្ទៃក្នុង​បាន​ដាក់​ពាក្យ​សុំលាលែង​ពី​មុខតំណែង។ នៅក្នុងបញ្ជី​មន្រ្តីជប៉ុន​ដែល​សុំលាលែង​ពីមុខ​តំណែង នៅថ្ងៃ​នេះ មានផងដែរ ឧបនាយករដ្ឋមន្រ្តី​ជប៉ុន​៥រូប និង​សមាជិកសភា​មួយរូប។

នៅថ្ងៃ​ពុធ ប្រធានខុទ្ធការល័យ​នាយករដ្ឋមន្រ្តី គឺ​លោក Hirokazu Matsuno បាន​ប្រកាសថា លោក​សុំលាឈប់ពីមុខតំណែង ដោយសារ​មាន​ការសង្ស័យមកលើ​រូបលោក នៅក្នុងសំណុំរឿង​កេងបន្លំហិរញ្ញវត្ថុ។ តាមការចុះផ្សាយ​របស់​កាសែត​ក្នុងស្រុកជប៉ុន ព្រះរាជអាជ្ញាតូក្យូ​បើកការស៊ើបអង្កេត​ទៅលើ​សមាជិក​ជាង​១០រូប​របស់​បក្សកាន់អំណាច បន្ទាប់ពី​ពួកគេ​បិទបាំង មិន​ប្រកាស ទឹកប្រាក់​ជាង ៣លានអឺរ៉ូ ដែលពួកគេ​បាន​ទទួល ពី​ការរៃអង្គាសមូលនិធិ​សម្រាប់​គណបក្ស ពី​ឆ្នាំ ២០១៧ ដល់​ឆ្នាំ ២០២២។ ជាសមាជិក​របស់​គណបក្ស​សេរីប្រជាធិបតេយ្យ ដឹកនាំ​ដោយ​លោកនាយករដ្ឋមន្រ្តី គីស៊ីដា ប៉ុន្តែ រដ្ឋមន្រ្តី​ដែល​លាលែងចេញពីមុខតំណែង​ដោយសារ​ជាប់​ពាក់ព័ន្ធនឹង​រឿងអាស្រូវហិរញ្ញវត្ថុលើកនេះ សុទ្ធសឹង​ជា​សមាជិកក្រុមគាំទ្រ​របស់​អតីត​នាយករដ្ឋមន្រ្តី ជប៉ុន លោក​ស៊្ហីនហ្សូ អាបេ ដែលត្រូវ​ខ្មាន់កាំភ្លើង​បាញ់សម្លាប់ កាលពី​ឆ្នាំ ២០២២។ តាម​អ្នកវិភាគ ដូចជា​សាស្រ្តាចារ្យជប៉ុន លោក NaofumiFujimura ដោយ​ដក​រដ្ឋមន្រ្តី​មកពី​ក្រុម​របស់​លោក​អាបេ ដែលមាន​ចំនួន ៩៩នាក់ នៅក្នុង​សភា លោក​នាយករដ្ឋមន្រ្តី​ជប៉ុន​គីស៊ីដា​អាច​បាត់សំឡេង​គាំទ្រ​របស់​ក្រុមនេះ សម្រាប់​ដឹកនាំ​រដ្ឋាភិបាល។ ដូច្នេះ ដើម្បី​ជៀសវាង​ការបែកបាក់​ផ្ទៃក្នុង​របស់​បក្ស លោកគីស៊ីដា គ្មានជម្រើសអ្វីក្រៅពី​ផ្តល់តំណែងដល់​សមាជិក​ដែលមាន​និន្នាការខាង​លោក​អាបេ។

នេះជាលើកទី​២ ក្នុង​រយៈពេល​តែ​មួយឆ្នាំ ដែល​លោកនាយករដ្ឋមន្រ្តី មាន​រដ្ឋមន្រ្តីសុំលាលែងពីមុខតំណែងដូចទឹកបាក់ទំនប់ ដោយសារ​តែ​រឿងអាស្រូវហិរញ្ញវត្ថុ។ នៅខែ​វិច្ឆិកា​ឆ្នាំមុន រដ្ឋមន្រ្តី​បីរូប ដូចជា​រដ្ឋមន្រ្តី​សេដ្ឋកិច្ច និង​រដ្ឋមន្រ្តី​យុត្តិធម៌​បាន​សុំលាឈប់ ដោយសារ​រឿងអាស្រូវ​ពុករលួយ ជាពិសេស​ការផ្តល់លុយ​ដល់និកាយមូន ដែល​ជាដើមចម នាំ​ឲ្យមានការបាញ់សម្លាប់អតីតនាយករដ្ឋមន្រ្តី អាបេ។

ចង់ ឬ​មិន​ចង់ រឿងអាស្រូវហិរញ្ញវត្ថុ ដែលឈាន​ទៅដល់​ការលាលែងពីមុខតំណែង​របស់​រដ្ឋមន្រ្តី​៤រូបនៅថ្ងៃនេះ​រឹតតែ​ធ្វើ​ឲ្យកូដប្រជាប្រិយភាព​របស់​លោកនាយករដ្ឋមន្រ្តីគីស៊ីដា ធ្លាក់​ចុះ​មួយកម្រិតទៀត។ តាម​ការស្ទង់មតិ​របស់​ទីភ្នាក់ងារជប៉ុន Jijiនៅថ្ងៃនេះ កូដប្រជាប្រិយ​របស់​លោក​គីស៊ីដា មាន​ប្រមាណ​១៧% ប៉ុណ្ណោះ។ ទោះកូដ​របស់​លោកគីស៊ីដា ធ្លាក់ចុះ ប៉ុន្តែ គណបក្ស​សេរីប្រជាធិបតេយ្យ​របស់​លោក ដែលដឹកនាំប្រទេស​ជប៉ុន​សឹងជាប្រចាំ តាំង​ពីឆ្នាំ ១៩៥៥ នៅតែ​មានប្រៀប នៅក្នុងការបោះឆ្នោត ព្រោះថា គណបក្ស​ប្រឆាំងជប៉ុន​នៅតែ​មានកម្លាំងខ្សោយ ដោយសារ​ការបែកបាក់ផ្ទៃក្នុង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ