អានតួអត្ថបទ

ប្រធានាធិបតី​កូរ៉េ​ខាងត្បូង​ បំពេញទស្សនកិច្ច​ផ្លូររដ្ឋ​នៅហូឡង់ និង​ពង្រីកទំនាក់ទំនង​ពាណិជ្ជកម្ម

ប្រធានាធិបតី​កូរ៉េ​ខាងត្បូង​ លោក យូន ស៊ុកយោល អញ្ជើញ​បំពេញ​ទស្សនកិច្ចផ្លូវ​ការ​ នៅ​ប្រទេស​ហូឡង់​  ចាប់ពីថ្ងៃ​ច័ន្ទ​ ដើមសប្តាហ៍នេះ។ មុន​នឹង​ចេញ​ដំណើរ​តាម​យន្តហោះ​ពី​រដ្ឋធានី​សេអ៊ូល ប្រមុខរដ្ឋ​​កូរ៉េ​ខាងត្បូង បានថ្លែង​​ប្រាប់អ្ន​កសារព័ត៌មាន​ថា ទស្សនកិច្ចផ្លូវការរបស់​លោក​នៅប្រទេសហូឡង់​ នឹង​ផ្តោត​ជាសំខាន់​បំផុត​ទៅលើ​កិច្ចសហការពាណិជ្ជកម្ម​ ​វិស័យ​ឧបករណ៍ សឺមី-កុងដុកទ័រ  ដែល​ប្រទេស​ទាំងពីរ​ជាប្រទេស​អ្នកផលិត​ដ៏​ចម្បង​។​

លោក យូន ស៊ុកយោល ​ជា​ប្រធានាធិបតី​កូរ៉េខាងត្បូង​ ​ទី១ ដែល​ធ្វើ​ដំណើរ​ដោយ​ផ្ទាល់​ទៅ​កាន់​ប្រទេស​ហូឡង់។
លោក យូន ស៊ុកយោល ​ជា​ប្រធានាធិបតី​កូរ៉េខាងត្បូង​ ​ទី១ ដែល​ធ្វើ​ដំណើរ​ដោយ​ផ្ទាល់​ទៅ​កាន់​ប្រទេស​ហូឡង់។ REUTERS - ISABEL INFANTES
ផ្សាយពាណិជ្ជកម្ម

តាំង​ពី​ប្រទេសកូរ៉េខាងត្បូង​និង​ហូឡង់ ​ផ្តើមភ្ជាប់​ទំនាក់ទំនង​ទូត​ជា​ផ្លូវ​ការ នៅឆ្នាំ ១៩៦១ ​គឺលោក យូន ស៊ុកយោល ​ជា​ប្រធានាធិបតី​កូរ៉េខាងត្បូង​ ​ទី១ ដែល​ធ្វើ​ដំណើរ​ដោយ​ផ្ទាល់​ទៅ​កាន់​ប្រទេស​ហូឡង់។ លោក យូន ស៊ុកយោល​ ​បាន​បញ្ជាក់ថា ដំណើរ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​ចំនួន ​៣ ថ្ងៃ​នៅប្រទេស​ហូឡង់ គឺ​ដើម្បី​ពង្រឹង​កិច្ចសហការ​ពាណិជ្ជកម្ម ​វិស័យ​ឧបករណ៍ សឺមី-កុងដុកទ័រ (semi-conducteurs)។ ដ្បិតថា ឧបករណ៍ សឺមី-កុងដុកទ័រ គឺជា​សសរស្តម្ភមួយ នៃ​ទំនាក់ទំនង​ប្រទេស​​កូរ៉េ​ខាង​ត្បូង​និងហូឡង។

បើតាម​ថ្នាក់ដឹកនាំ​កូរ៉េខាងត្បូងដដែល ​ទីផ្សារ​ពិភពលោក​សម្រាប់​ផ្នែក​ឧបករណ៍ សឺមី-កុងដុកទ័រ ​នេះ កំពុងតែ​មាន​ការ​ប្រកួត​ប្រជែង​ខ្លាំង ហើយ​ កំណើន​តម្រូវការទីផ្សារ​ពិភពលោក ​ក្នុង​​វិស័យឧបករណ៍ សឺមី-កុងដុកទ័រ ​នេះ ​កំពុង​មាន​ស្ថិរភាពល្អ ហើយ​និង​ត្រូវការ​រយៈពេល​យូរ​តទៅទៀត ដែល​អាច​នឹង​ផ្តល់​ផលប្រយោជន៍​ចំណេញ​ច្រើន​ដល់​ប្រទេស​ទាំងពីរ​។​ នេះបើតាម​ការ​បញ្ជាក់ផ្ទាល់​របស់ប្រមុខរដ្ឋ​កូរ៉េខាងត្បូង​​​ ​ទៅកាន់​ទីភ្នាក់ងារ​ព័ត៌មាន​បារាំង AFP​។

ឧបករណ៍ សឺមី-កុងដុកទ័រ គឺមាន​តម្រូវការ​ចាំបាច់ណាស់​ក្នុងឧស្សាហកម្មផលិតកម្ម​​ រាប់​ចាប់តាំងពី​ក្នុង​ដំណើរការ​ផលិត​គ្រឿង​សព្វា​វុធយុទ្ធភ័ណ្ឌ រហូត​ដល់ការ​​ផលិតរថយន្ត ផលិត​ទូទឹកក។ល។ ឧបករណ៍ សឺមី-កុងដុកទ័រ ផលិតផល​កូរ៉េខាងត្បូង គឺមាន​ទំហំ ៦០% ឯណោះ នៃ​ខ្សែចង្វាក់​ផលិតកម្ម​នៅក្នុង​ពិភព​លោក​។ នេះបើតាម ប្រធានាធិបតីកូរ៉េខាងត្បូង ព្រមទាំង​គូសបញ្ជាក់ដែរ​ថា ឧបករណ៍ សឺមី-កុងដុកទ័រ កំពុង​ដើរតួជាយុទ្ធសាស្ត្រ​ចម្បង​ ក្នុង​ឧស្សាហកម្ម បច្ចេកវិទ្យា និង​សន្តិសុខ។

គួរ​ជ្រាបថា កូរ៉េខាងត្បូង​និង​ហូឡង់ បាន​សហការគ្នាជាច្រើន​ឆ្នាំមកហើយ ក្នុង​ដំណើរការ​ផលិតឧបករណ៍ សឺមី-កុងដុកទ័រ ហើយ​កិច្ចសហការទ្វេភាគីនេះ បានក្លាយ​ជា​អ្នក​ផ្គត់ផ្គង់​ដ៏​សំខាន់​មួយ​ក្នុងពិភលោក​ ទាក់ទង​នឹង​ឧបករណ៍ សឺមី-កុងដុកទ័រ។

តាម​កាសែត​ក្នុងស្រុក​កូរ៉េខាងត្បូង គឺ ដំណើរទៅ​ក្រុងអាំងស្ទែរដាំ របស់​​​ប្រធានាធិបតី​កូរ៉េខាងត្បូង​ ​មាន​អម​ដំណើរ​ដោយ​ប្រធាន​ក្រុម​ហ៊ុន​កូរ៉េ​ធំៗ ដូចជា Samsung Electronics និង SK Hynix ទៀតផង។​ តាមរយៈ​វត្តមាន​របស់​ថ្នាក់ដឹកនាំ​កំពូល​កូរ៉េ​ខាងត្បូង​នៅ​ហូឡង់ គឺ​ស្តែង​ឲ្យ​ឃើញ​កាន់តែ​ច្បាស់​ថា សម្ព័ន្ធអាមេរិក កូរ៉េខាងត្បូង១នេះ​  ខំប្រឹងដើរតួជំនួស ចិន នៅក្នុងនាមជាអ្នកផ្គត់ផ្គង់ ឧបករណ៍ សឺមី-កុងដុកទ័រ។ នេះក៏​បន្ទាប់ពី អនុរដ្ឋមន្ត្រី​ពាណិជ្ជកម្ម​អាមេរិក បាន​ជំរុញ​ឲ្យ​សម្ព័ន្ធមិត្ត​ខ្លួន ប្រឹង​វ៉ាឲ្យដាច់​ចិន ខាងផ្គត់ផ្គង់​ឧបករណ៍ សឺមី-កុងដុកទ័រ​។ ម្យ៉ាងទៀត​ ហូឡង់ គឺ​ទើបតែ​នឹង​ចូល​ក្រុម ជាមួយ ជប៉ុន អាមេរិក កូរ៉េខាងត្បូង ដែល​កំណត់​ចំនួន​នាំ​ចូល សឺមី-កុងដុកទ័រ​ របស់​ចិន៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ