អានតួអត្ថបទ

ឥណ្ឌូណេស៊ី ៖ ផ្សារលក់សាច់សត្វចំនួន៦ ​ព្រមព្រៀងគ្នា ឈប់​លក់សាច់​ឆ្កែ និងឆ្មា

នៅ​ឥណ្ឌណេស៊ី បណ្តា​ហាង​លក់​សាច់​សត្វ​ ដ៏ល្បីល្បាញ​នៅ​កោះ​ ស៊ុយឡាវេស៊ី​ (Sulawesi) បានព្រមព្រៀងគ្នាជាមួយ​អាជ្ញាធរ​ ថាឈប់លក់សាច់សត្វឆ្កែ និងឆ្មា។ បើតាម​ការ​កត់​សម្គាល់​របស់​ក្រុម​អ្ន​កការពារ​សិទ្ធិ​សត្វ​ គឺនេះជាលើកទី១​ហើយ​ដែល​​មាន​កិច្ច​សន្យា​ព្រមព្រៀង​ឈប់​លក់សាច់​ឆ្កែនិងឆ្មា​ បន្ទាប់ពី​រដ្ឋអំណាច​គ្រោង​នឹង​ធ្វើ​ច្បាប់​ហាម​ឃាត់។​​ ​

បុគ្គលិក​អង្គការ Humane Society International (HSI)  កំពុង​ជួយ​ឆ្កែ​ឲ្យ​ចេញពីទ្រុង។
បុគ្គលិក​អង្គការ Humane Society International (HSI) កំពុង​ជួយ​ឆ្កែ​ឲ្យ​ចេញពីទ្រុង។ AP - Muhammad Taufan
ផ្សាយពាណិជ្ជកម្ម

ផ្សារ​នៅ​កោះ​ស៊ុយឡាវេស៊ី​ ដែលល្បីរន្ធឺ​ខាង​​និយម​លក់​សាច់​ឆ្កែ​និង​ឆ្មា បាន​យល់ព្រម​ចុះ​កិច្ច​សន្យា ជាមួយ​​ចៅហ្វាយក្រុង​​តូមូហុន (Tomohon) ថា​ឈប់​លក់សាច់​ឆ្កែ​និង​ឆ្មា តទៅទៀត។​យ៉ាងហោច មា​ន​ផ្សា​រ​​​ចំនួន​ ៦ កន្លែង​​បាន​យល់​ព្រម។

អង្គការការពារសត្វ  ជាអាទិ៍ អង្គការ Humane Society International (HSI) បាន​អបអរ​សាទរ​ និង​ថា នេះ​ជា​កិច្ចព្រម​ព្រៀង​ជា​ប្រវត្តិសាស្ត្រ​ ហើយ​វា​អាចនឹង​​បញ្ជៀស​ការ​ធ្វើទារុណកម្ម ឬ​សម្លាប់​ផ្តាច់​ជីវិត​សត្វ​ យ៉ាង​ព្រៃផ្សៃ ដើម្បីតែ​ចិញ្ចឹម​ក្រពះ​​មនុស្ស​។​ អង្គការ​ក្រុម​អ្នកស្រឡាញ់​សត្វមួយ​នេះ ​សង្ឈឹមដែរ​ថា កិច្ច​សន្យា​ថ្មីនេះ អាច​នឹង​ជួយ​សង្គ្រោះ​អាយុជីវិត​សត្វ​រាប់​ពាន់​លាន​ក្បាល ក្នុង​១ឆ្នាំៗ នៅក្នុង​ប្រទេស​​ឥណ្ឌូណេស៊ី។​ បើ​គិត​តែ​ពី​សត្វ​ឆ្កែ​១មុខ​ ទិន្នន័យ​របស់​អង្គការ​ដដែល​នេះ បង្ហាញថា យ៉ាងហោច មាន​សត្វ​ឆ្កែ ប្រមាណ ១៣០ ០០០ ក្បាល​ ត្រូវ​សម្លាប់​ផ្តាច់​ជីវិត ដើម្បី​យក​សាច់​ ទៅលក់​លើទីផ្សា​រ​នៃ​កោះ​​ស៊ុយឡាវេស៊ី​។

​ផ្សារនៅកោះ​ស៊ុយឡាវេស៊ី ជា​កន្លែង​ដ៏​ល្បីល្បាញខ្លាំង ​ខាង​លក់​សាច់​សត្វស្រុក​និង​សាច់​សត្វ​ព្រៃ​ តួយ៉ាង ​​ឆ្កែ ឆ្មា កណ្តុរ ប្រចៀវ ពស់ ស្វា ជាដើម។ល។​ សត្វ​រស់ ​និង ​សាច់​ពួក​វា ​​ត្រូវគេ​​តាំង​លក់​​ស្រស់ៗ​ ជា​សាធារណៈ​។ ទន្ទឹម​នឹង​ភាព​ល្បីល្បាញនេះ​ អង្គការ​ការ​ពារ​សត្វ​ជា​ច្រើន​បាន​រិះគន់ ក្នុងនោះ អង្គការ​​ Humane Society International ​បាន​រិះគន់​ ថ្កោលទោស ជា​ច្រើន​ឆ្នាំមកហើយ​ អំពី​ការ​​ប្រើប្រាស់​របៀប​វិធី​សម្លាប់​សត្វ​យ៉ាង​សាហាវ​ឃោរឃោ​រ។ ជាក់​ស្តែង ដូចជា​ការ​វាយ​ដំ​សំពង​ក្បាល ចងរឹត​ក និង​ដុត​ទាំង​រស់។

បុរសអ្នក​លក់​ម្នាក់ ឈ្មោះ Elvianus Pongoh បាន​ត្រូវ​ទីភ្នាក់​ងារ​ព័ត៌មា​នបារាំង​ អាអែហ្វប៉េ ស្រង់​សម្តី ថា​ រូប​គេ​ផ្ទាល់ បាន​សម្លាប់​ផ្តាច់​ជីវិត​សត្វ​ ជា​ច្រើន​ពាន់​ក្បាល​។ ​ពេជ្ឈឃាត​ វ័យ​២៥ឆ្នាំ រូបនេះ បាន​សារភាពក្នុង​សម្តីដើម​ថា «រាល់ដល់ពេល​ ដែល​ខ្ញុំ​ដើរ​ទៅ​យក​សត្វ​ពីទ្រុង​មកសម្លាប់​ ខ្ញុំ​ឃើញ​កែវភ្នែក​ពួក​វា​ តក់​ស្លុត​ភ័យ​រន្ធត់​ និង​ញ័រ​ចំប្រប់​។ ខ្ញុំ​ក៏​​​មិនស្រណុក​​ចិត្ត​ដែរ»​​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ