អានតួអត្ថបទ
អាហ្វហ្កានីស្ថាន-ភេរវកម្ម

តាលីបង់ប្រកាស​កម្ចាត់​បានមេអង្គការរដ្ឋ​អ៊ីស្លាម នៅអាហ្វហ្កានីស្ថាន

មេកើយ​​ក្រុម​ជីហាត​អង្គការ​រដ្ឋ​អ៊ីស្លាម ដែល​ជា​អ្នក​រៀប​ចំ​ធ្វើភេវកម្ម​​​នៅ​អាកាសយានដ្ឋាន​ក្រុង​កាប៊ូល កាលពី​ឆ្នាំ​២០២១ ដែល​បាន​ផ្តាច់​ជីវិត​មនុស្ស​យ៉ាង​ហោច​១៧៣​នាក់ ក្នុង​នោះ​១៣នាក់​ជា​ទាហាន​អាមេរិក ត្រូវ​បាន​តាលីបង់​សម្លាប់​បានហើយ។ នេះ​បើ​តាម​សេចក្តី​ជូន​ដំណឹង​របស់​អ្នក​នាំពាក្យ​សេតវិមាន នៅថ្ងៃទី ២៥​មេសា​២០២៣។

រូបថត​ផ្កាយរណប ​អាកាសយានដ្ឋាន​ថក្រុងកាប៊ូល ប្រទេស​អាហ្វហ្កានីស្ថាន ដែល​រង​ភេរវកម្ម​នៅថ្ងៃទី ២៦​សីហា​២០២១
រូបថត​ផ្កាយរណប ​អាកាសយានដ្ឋាន​ថក្រុងកាប៊ូល ប្រទេស​អាហ្វហ្កានីស្ថាន ដែល​រង​ភេរវកម្ម​នៅថ្ងៃទី ២៦​សីហា​២០២១ © AFP/Satellite image ©2021 Maxar Technologies
ផ្សាយពាណិជ្ជកម្ម

ពុំ​មាន​ការ​បញ្ជាក់​អត្តសញ្ញាណ​ ហើយ​ក៏​គ្មាន​ការ​លម្អិត​អំពី​លក្ខខណ្ឌ និង​ពេល​ម៉ោង​នៃ​​ការ​ស្លាប់ដែរ។ ប៉ុន្តែសេចក្តី​ថ្លែងការណ៍របស់​ លោក John Kirby អ្នក​នាំពាក្យ​ទីប្រឹក្សា​សន្តិសុខ​ជាតិ​អាមេរិក បាន​បញ្ជាក់​ថា ជនជីហាត​នេះ ជា​មេកើយ​ម្នាក់​របស់​អង្គការ​រដ្ឋ​អ៊ីស្លាម​នៅអាហ្វហ្កានីស្ថាន ដែល​ជាប់​ពាក់ព័ន្ធ​ដោយ​ផ្ទាល់​នឹង​ភេរវកម្ម​ នៅ​ជិត​ច្រកAbbey Gate  ​នៃ​អាកាសយានដ្ឋាន​ក្រុង​កាប៊ូល នា​​ថ្ងៃទី ២៦​សីហាឆ្នាំ​២០២១។

មេជីហាត​ បាន​ស្លាប់​ក្នុង​ប្រតិបត្តិ​របស់​តាលីបង់។ នេះ​ជាការ​បន្ថែមរបស់​អ្នកនាំពាក្យ​អាមេរិក​ដដែល ដោយ​អះអាង​ថា ​តាលីបង់​ត្រូវ​ទទួល​ខុសត្រូវ​ធ្វើ​យ៉ាងណា​កុំឱ្យ​អាហ្វហ្កានីស្ថាន​ក្លាយ​​ជម្រក​ឱ្យ​ពួក​ភេរវជន​ មិនថា​ភេរវជន​របស់​អាល់កៃដា ឬ​អង្គការ​រដ្ឋ​អ៊ីស្លាមទេ។ ការកម្ចាត់​មេជីហាត​នេះ សឱ្យឃើញ​ថា​រដ្ឋបាល​អាមេរិក​របស់​លោក​បៃដិនមាន​​​ជំហរ​ប្រយុទ្ធ​ប្រឆាំង​នឹង​ភេរវកម្ម​ជានិច្ច​នៅអាហ្វហ្កានីស្ថាន​និង​នៅគ្រប់ទិសទី ហើយ​ពួកជីហាត​រដ្ឋអ៊ីស្លាម មិន​អាច​ជ្រក​លើ​ដីអាហ្វហ្កានីស្ថានដោយ​ស្រួលៗទេ។ នេះ​ជា​ប្រសាសន៍​របស់​អ្នក​នាំពាក្យ​ទីប្រឹក្សា​សន្តិសុខ​អាមេរិក​ដដែល។

បើ​តាម​កាសែត​ញូវយ៉កថែមស៍ រដ្ឋាភិបាល​បៃដិន បាន​ចាប់​ផ្តើម​ទាក់ទង​ទៅ​គ្រួសារ​ទាហាន​ដែល​ស្លាប់​ក្នុងភេរវកម្ម​ ដើម្បី​ប្រាប់​ដំណឹង​នេះ តាំង​ពី​ថ្ងៃ​ចន្ទ​មក​ ព្រោះ​ចារកិច្ច​អាមេរិក​ទំនង​បាន​ទទួល​ព័ត៌មាន​តាំងពី​ដើម​ខែ​មេសា។

សូម​រំលឹក​ថា ភេរវកម្ម​ថ្ងៃ​ទី ២៦​សីហា​២០២១ បាន​ផ្តាច់​ជីវិត​មនុស្ស​អស់​យ៉ាង​ហោច​១៧៣នាក់ ក្នុង​នោះ​១៣នាក់​ជា​នាយ​ទាហាន​អាមេរិក។ ភេរវកម្ម​បានកើត​ឡើង ចំពេល​អាមេរិក​កំពុងស្លន់ស្លោ​​ក្នុង​ប្រតិបត្តិការ​ដក​កងទ័ព​ចេញ​ពី​អាហ្វហ្កានីស្ថាន។ បន្ទាប់​ពី​បានចូល​​ធ្វើ​អន្តរាគមន៍យោធា​ដ៏​យូរ (ជិត​២០ឆ្នាំ) ​នៅយប់​ថ្ងៃទី ៣០សីហា​២០២១ វេលា​ម៉ោង​១២​អាធ្រាត្រ​ អាមេរិក​បាន​ដកទ័ព​ចេញ​អស់​ទាំង​ស្រុង​ពី​អាហ្វហ្កានីស្ថាន ព្រោះ​ពេល​នោះ​ពួក​តាលីបង់ បាន​ដណ្តើម​កាន់កាប់​ក្រុង​កាប៊ូល​ស្រេច​ទៅ​ហើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ