អានតួអត្ថបទ
វៀតណាម-កូរ៉េខាងត្បូង

កូរ៉េខាងត្បូង​បដិសេធថា កងទ័ព​មិនបាន​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​សម្លាប់រង្គាល​នៅក្នុង​សង្រ្គាមវៀតណាម

រដ្ឋមន្រ្តីការពារ​ជាតិ​កូរ៉េខាងត្បូង​បាន​និយាយ​ប្រាប់​សមាជិកសភា​ កាលពីថ្ងៃ​សុក្រ​ទី ១៧ កុម្ភៈ​ថា កងទ័ព​កូរ៉េខាងត្បូង​មិន​បាន​សម្លាប់រង្គាល​អ្នកភូមិ​វៀតណាម នៅក្នុង​សម័យសង្រ្គាមស៊ីវិល​វៀតណាម ។ ការបដិសេធ​របស់​រដ្ឋមន្រ្តីការពារជាតិ​កូរ៉េខាងត្បូង ធ្វើឡើង​នៅក្រោយ​តុលាការ​កូរ៉េខាងត្បូង ចេញសេចក្តីសម្រេច​ជាប្រវត្តិសាស្រ្ត ទទួលស្គាល់​ការសម្លាប់រង្គាល បង្កឡើង​ដោយ​ទាហាន​កូរ៉េខាងត្បូង ក្នុង​ប្រទេស​វៀតណាម នា​ឆ្នាំ ១៩៦៨។ លើសពីនោះ តុលាការ​ក្រុង​សេអ៊ូល កាលពីថ្ងៃទី ៧​កុម្ភៈ បាន​ចេញសាលក្រម​បង្គាប់​ឲ្យ​រដ្ឋាភិបាល​សងជំងឺចិត្ត​ស្រ្តីរងគ្រោះ​វៀតណាម​ដែល​ជា​ម្ចាស់​ដើមបណ្តឹង។

មនុស្សប្រុស២នាក់ និងស្រ្តីវៀតណាមម្នាក់ដែល​ទាហាន​កូរ៉េខាងត្បូង​ចាប់ខ្លួន នៅជិត​ភ្នំ Hon Be នៅថ្ងៃទី ៣០​វិច្ឆិកា​ឆ្នាំ ១៩៦៦ នៅពេល​កូរ៉េខាងត្បូង​បញ្ជូនទ័ពទៅជួយ​អាមេរិក ក្នុងសង្រ្គាមវៀតណាម
មនុស្សប្រុស២នាក់ និងស្រ្តីវៀតណាមម្នាក់ដែល​ទាហាន​កូរ៉េខាងត្បូង​ចាប់ខ្លួន នៅជិត​ភ្នំ Hon Be នៅថ្ងៃទី ៣០​វិច្ឆិកា​ឆ្នាំ ១៩៦៦ នៅពេល​កូរ៉េខាងត្បូង​បញ្ជូនទ័ពទៅជួយ​អាមេរិក ក្នុងសង្រ្គាមវៀតណាម AP - Hong
ផ្សាយពាណិជ្ជកម្ម

ជាលើកទី១ក្នុងប្រវត្តិ​របស់កូរ៉េខាងត្បូង តុលាការ​សម្រេច​ទទួល​ស្គាល់​ការប្រព្រឹត្តឧក្រិដ្ឋកម្ម​របស់កងទ័ពទៅ​លើ​ប្រជាជន​ស៊ីវិល។ នៅក្នុង​សេចក្តីសម្រេច កាលពីថ្ងៃទី ៧​កុម្ភៈ តុលាការ​ក្រុង សេអ៊ូល​បាន​ទាត់ចោល​អំណះអំណាង​របស់​រដ្ឋាភិបាល​កូរ៉េខាងត្បូង និង​បាន​បញ្ជា​ឲ្យ​រដ្ឋាភិបាល​បង់សង​ជំងឺចិត្ត ជាទឹកប្រាក់​ប្រមាណ​២៣ ៨០០​ដុល្លារ ដល់​ស្រ្តីវៀតណាម​ដែលជា​ជនរងគ្រោះ និង​ជា​ម្ចាស់បណ្តឹង។

ស្រ្តីវៀតណាម ង្វៀន​ធីថាញ់ ដែល​ធ្លាប់រងរបួស និង​បាត់បង់សមាជិកគ្រួសារ ៥នាក់ ​នៅក្នុងការវាយប្រហារ​របស់​កងទ័ព​កូរ៉េខាងត្បូង នៅ​ក្នុង​សង្រ្គាមវៀតណាម បាន​ដាក់ពាក្យបណ្តឹង​ប្តឹង​ទាហាន​កូរ៉េខាងត្បូង តាំងពី​ឆ្នាំ ២០២០ ដើម្បី​ទាមទារ​សំណង​ជំងឺចិត្ត។ នៅក្នុង​ពាក្យ​បណ្តឹង​ទៅកាន់​តុលាការ​កូរ៉េខាងត្បូង ស្រ្តីរងគ្រោះវៀតណាម​និយាយ​ថា គាត់​មាន​អាយុ ៨ឆ្នាំ នៅ​ពេល​ត្រូវ​ទាហាន​កូរ៉េខាងត្បូង បាញ់​ឲ្យរបួសត្រង់ពោះ។

តាម​ឯកសារ និងរូបថត​របស់​កងទ័ពអាមេរិក និង​ជនរងគ្រោះ​វៀតណាម​ដែល​មេធាវីស្រ្តីរងគ្រោះ លើកបង្ហាញ​នៅតុលាការ​ក្រុង​សេអ៊ូល កងទ័ពជើងទឹកកូរ៉េខាងត្បូង​បាន​បាញ់រះ សម្លាប់​អ្នកភូមិ៧០នាក់ នៅក្នុង​ការវាយប្រហារ​ទៅលើ​ភូមិមួយ​នៅខេត្ត​ភាគកណ្តាល​វៀតណាម នៅថ្ងៃទី ១២​កុម្ភៈ​ឆ្នាំ ១៩៦៨។

តាមឯកសារដដែល ដែល​ដកស្រង់​ដោយ​ទីភ្នាក់ងារព័ត៌មាន​AP ទាហាន​កូរ៉េខាងត្បូង​ខឹងក្រេវក្រោធ វាយប្រហារ​លើ​អ្នកភូមិ នៅក្រោយ​សមាជិក​របស់ខ្លួន​ម្នាក់រងរបួស ដោយសារ​គ្រាប់កាំភ្លើង​របស់​សត្រូវ នៅក្បែរភូមិ។

សម្រាប់​រដ្ឋមន្រ្តី​ការពារ​ជាតិ​កូរ៉េខាងត្បូង ស្ថានភាព​ក្នុង​សង្រ្គាមវៀតណាម​មានលក្ខណៈស្មុគស្មាញ ហើយគេ​ពិបាក​នឹង​បញ្ជាក់​ការលើកឡើង​របស់​ស្រ្តីវៀតណាម។ ដោយស្រង់អំណះអំណាង​របស់​មេធាវី​រដ្ឋាភិបាល ប្រមុខការពារជាតិកូរ៉េខាងត្បូង​និយាយ​ ថា មាន​ករណី​ជាច្រើន ដែល​គេ​បន្លំ​ស្លៀកពាក់​ឯកសណ្ឋាន​របស់​ទាហាន​កូរ៉េខាងត្បូង។

នៅក្នុង​ការបកស្រាយ​ទៅកាន់​គណៈកម្មការសភា​កាលពីថ្ងៃសុក្រ ម្សិលមិញ រដ្ឋមន្រ្តីការពារ​ជាតិ​លោក Lee Jong Sup អះអាងថា ក្រសួងជឿជាក់យ៉ាងខ្លាំងថា កងទ័ព​កូរ៉េខាងត្បូង​មិនប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​សម្លាប់រង្គាល​ប្រជាជន​ស៊ីវិល នៅក្នុង​សង្រ្គាម​វៀតណាម។

ដោយ​វាយតម្លៃ​ថា ការសម្រេច​របស់​តុលាការ​សេអ៊ូល ប៉ះពាល់​កិត្តិយស កេរ្តិ៍ឈ្មោះ​របស់​អតីតយុទ្ធជនកូរ៉េខាងត្បូង​ដែលធ្វើ​ពលីកម្មនៅ​ក្នុង​សង្រ្គាមវៀតណាម ប្រមុខការពារជាតិ កូរ៉េខាងត្បូង​បាននិយាយ​ថា ក្រសួង​នឹង​ពិភាក្សា​ជាមួយដៃគូ ពី​ការពាក្យ​បណ្តឹង​ទៅ​តុលាការ​ឧទ្ធរណ៍។

សូមបញ្ជាក់ថា នៅក្រោម​ការដឹកនាំ​របស់​ប្រធានាធិបតី ដែលមាន​និន្នាការ​ប្រឆាំង​កុម្មុយនិស្ត កូរ៉េខាងត្បូង​បាន​បញ្ជូន​ទាហាន​៣២០ ០០០នាក់ ទៅជួយប្រយុទ្ធ​កងទ័ពអាមេរិក នៅក្នុង​សង្រ្គាម​វៀតណាម នៅ​ទសវត្សរ៍ឆ្នាំ ១៩៦០៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ