អានតួអត្ថបទ
អាហ្វហ្កានីស្ថាន-តាលីបង់-ភេរវកម្ម

អាហ្វហ្កានីស្ថាន៖ ស្លាប់​ជិត​​២០នាក់ ដោយ​ភេរវកម្ម​ ក្នុង​នោះមាន​មេ​ផ្សព្វផ្សាយ​​ទ្រឹស្តី​​​អ៊ីស្លាម​​​ផ្តាច់ការ​​​ម្នាក់

មានករណីភេរវកម្ម​បំផ្ទុះគ្រាប់បែក មួយករណីទៀត បានកើតឡើង​នៅក្នុង​វិហារអ៊ីស្លាមមួយកន្លែង ក្នុងក្រុង​ហេរ៉ាត ភាគខាងលិចអាហ្វហ្កានីស្ថាន កាលពីថ្ងៃទី​២កញ្ញា។ យោងតាមអាជ្ញាធរតាលីបង់ បាន​ឲ្យដឹងថា​ ភេរវកម្ម​នេះ​ បានបណ្តាលឲ្យ​ស្លាប់មនុស្ស​យ៉ាងហោច ១៨នាក់ និងរបួស២៣នាក់។ ក្នុងចំណោមអ្នកស្លាប់ គឺមានម្នាក់ គឺជាអ្នកផ្សព្វផ្សាយទ្រឹស្តីឥស្លាមផ្តាច់ការ ដ៏មានឥទ្ធិពល​ម្នាក់ផង។

កងកម្លាំងតាលីបង់ ឈរយាមសន្តិសុខតាមផ្លូវ ក្នុងក្រុងហេរ៉ាត ក្រោយហេតុការណ៍​ភេរវកម្ម នៅវិហារ Gazargah ថ្ងៃទី ២កញ្ញា ២០២២
កងកម្លាំងតាលីបង់ ឈរយាមសន្តិសុខតាមផ្លូវ ក្នុងក្រុងហេរ៉ាត ក្រោយហេតុការណ៍​ភេរវកម្ម នៅវិហារ Gazargah ថ្ងៃទី ២កញ្ញា ២០២២ AFP - -
ផ្សាយពាណិជ្ជកម្ម

រូបភាពផ្សាយតាមបណ្តាញសង្គម បានបង្ហាញ​ឲ្យឃើញសាកសពមនុស្ស ច្រើននាក់ ស្លាប់រាយ​ប៉ាយក្នុងថ្លុកឈាម បន្ទាប់ពីមានគ្រាប់បែកផ្ទុះក្នុងវិហារម៉ូស្កេក្រុងហេរ៉ាត។ អ្នកនាំពាក្យរដ្ឋាភិបាល​តាលីបង់​ បានចេញមុខប្រកាសថា ឈ្មោះ Mujib ur Rahman Ansari អ្នកផ្សព្វផ្សាយ​ទ្រឹស្តីសាសនាអ៊ីស្លាមដ៏មានកេរ្តិ៍ឈ្មោះម្នាក់ បានស្លាប់​នៅក្នុងហេតុការណ៍​ភេរវកម្មនេះ។ ក្រុមតាលីបង់ បាន​ប្រកាសប្តេជ្ញាថា នឹងវែកមុខរកអ្នកទទួលខុសត្រូវ ចំពោះទង្វើដ៏​ព្រៃផ្សៃ គួរឲ្យស្អប់ខ្ពើមនេះឲ្យ​បាន​។

គួរបញ្ជាក់ថា Mujib ur Rahman Ansari គឺជាអ្នកផ្សព្វផ្សាយ​ទ្រឹស្តីឥស្លាមដ៏មានឥទ្ធិពល និង​ជាអ្នកគាំទ្រ​របបតាលីបង់ ដ៏ងុបងុលម្នាក់។ កាលពីខែកក្កដា នៅក្នុង​កម្មវិធីជួបជុំជាមួយ​មេដឹកនាំធំៗ របស់ក្រុមតាលីបង់ នៅ​ក្រុងកាប៊ូល លោក​ម្នាក់នេះធ្លាប់បានប្រកាសថា អ្នកណាក៏ដោយ​ ដែលហ៊ានប្រឆាំង ចង់ផ្តួលរំលំរបបដឹកនាំរបស់​ក្រុមតាលីបង់ អ្នកនោះសមតែត្រូវកាត់ក្បាល​ ហើយ​កំទេចចោល​។​

គួរកត់សំគាល់ថា ក្រោយ​ការចូលកាន់អំណាច របស់​ក្រុមតាលីបង់ ករណីភេរវកម្ម​សម្លាប់​មនុស្ស បានថយចុះមែន តែនៅតែមាន​ជារឿយៗ។ ជាក់ស្តែង កាលពីដើមខែសីហាថ្មីៗនេះ ប្រមុខដឹកនាំសាសនាអ៊ីស្លាម្នាក់ ឈ្មោះ Rahimullah Haqqani រួមទាំងប្អូនប្រុស បានស្លាប់ នៅក្នុងហេតុការណ៍ភេរវកម្មអត្តឃាត នៅ​ក្នុងសាលាគម្ពីកូរ៉ាន់មួយ ក្នុងក្រុងកាប៊ូល។ Rahimullah Haqqani ត្រូវគេស្គាល់ថា ជាអ្នកផ្សព្វផ្សាយទ្រឹស្តី​ប្រឆាំងខ្លាំងៗ នឹងក្រុមជីហាតអង្គការរដ្ឋអ៊ីស្លាម ហើយធ្លាប់​បាន​ប្រកាសថាលោកគាំទ្រឲ្យ​បើកសាលារៀន ឲ្យ​ក្មេងស្រីបានចូលរៀន។​

ករណី​ភេរវកម្មមួយទៀត នៅទីក្រុងកាប៊ូលដែរ កាលពីថ្ងៃទី​១៧សីហា បានផ្តាច់ជីវិតមនុស្ស​ ចំនួន​២១នាក់។ ចំណែកកាលពីចុងខែមេសា ក្នុងរដូវបុណ្យបួសអ៊ីស្លាមរ៉ាម៉ាដង់ មានករណីភេរវកម្ម​ជាច្រើនករណីផងដែរ បណ្តាល​ឲ្យ​ស្លាប់ជីវិតមនុស្សជាច្រើនសិបនាក់។

គួរបញ្ជាក់ដែរថា ភាគច្រើននៃករណីភេរវកម្ម គឺជាស្នាដៃរបស់​ក្រុមជីហាតអង្គការរដ្ឋអ៊ីស្លាម។ ក្រុមទ្រឹស្តីឥស្លាមខ្មៅងងឹតនេះ បានសំដៅវាយ​ប្រហារ សម្លាប់​សហគមន៍អ្នកកាន់សាសនាអ៊ីស្លាមនិកាយឈីអ៊ីត សហគមន៍ស៊ូហ្វ៊ី និងស៊ីគ្ហ ជាដើម ដែលរស់នៅ​អាហ្វហ្កានីស្ថាន។​ ទោះយ៉ាងណា ក្រុមមន្ត្រីតាលីបង់ តែងតែអះអាងថាខ្លួន មានសមត្ថភាពការពារសុវត្ថិភាព សន្តិសុខបានល្អ ហើយ​តែងប្រកាសថាបញ្ហាមិនធ្ងន់ធ្ងរ ដូចអ្វីដែលគេផ្សាយ​បង្ហោះតាម​បណ្តាញសង្គមទេ។​ ដោយឡែក ក្រុមអ្នកវិភាគឯករាជ្យជាច្រើន បានលើកឡើងថា ក្រុមជីហាតអង្គការរដ្ឋអ៊ីស្លាម គឺជាគ្រោះថ្នាក់ធំណាស់ សម្រាប់សន្តិសុខអាហ្វហ្កានីស្ថាន ក្រោមការដឹកនាំរបស់ដែលគ្មាន​សមត្ថភាពរបស់​ក្រុមតាលីបង់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ