អានតួអត្ថបទ
ហុងកុង-សេរីភាព

ចិនតែង​តាំង​សមាជិក​ក្រុមប្រឹក្សា​ប្រតិបត្តិថ្មី​ដឹកនាំ​ហុងកុង ក្នុងនោះ​មាន​​៤នាក់​ជាប់​ទណ្ឌកម្ម​អាមេរិក

នៅថ្ងៃអាទិត្យទី១៩មិថុនានេះ ចិនបានតែងតាំងជាផ្លូវការ នូវសមាជិក​ក្រុមប្រឹក្សាប្រតិបត្តិថ្មី ដើម្បីដឹកនាំហុងកុង។ ក្នុងចំណោម​សមាជិកថ្មី​ គឺ​មានយ៉ាងហោច ៤នាក់ ដែលជាប់ទណ្ឌកម្ម​របស់សហរដ្ឋអាមេរិក ទាក់ទិននឹង​ការបង្ក្រាបបាតុកម្មប្រជាធិបតេយ្យ​ របស់​ប្រជាជនហុងកុង។ តែយ៉ាងណា ចិនចាត់ទុកការដាក់ទណ្ឌកម្ម​ពីអាេមរិកនេះ ថាជាចេតនា​សំឡុតមកលើការដឹកនាំផ្ទៃក្នុងរបស់ចិន។

សមាសភាពរដ្ឋបាលថ្មីហុងកុង ដឹកនាំដោយ​លោក ចន លី។ ហុងកុង ថ្ងៃទី ១៩ មិថុនា ២០២២
សមាសភាពរដ្ឋបាលថ្មីហុងកុង ដឹកនាំដោយ​លោក ចន លី។ ហុងកុង ថ្ងៃទី ១៩ មិថុនា ២០២២ AP - Kin Cheung
ផ្សាយពាណិជ្ជកម្ម

កាលពី២ឆ្នាំមុន សហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្ម​ទៅលើមន្ត្រីជាន់ខ្ពស់នៃរដ្ឋបាលហុងកុង ចំនួន​១១នាក់ បន្ទាប់ពីចិនបានចេញច្បាប់​បិទខ្ទប់យ៉ាងណែន ទៅលើ​ការបញ្ចេញមតិ និង​សិទិ្ធសេរីភាពនៅហុងកុង។ នៅក្នុងរដ្ឋបាលថ្មីនៅពេលនេះ មានសមាជិក៤នាក់ ដែលជាប់ឈ្មោះ​ក្នុងបញ្ជីខ្មៅអាមេរិក។

ក្នុងចំណោមមន្ត្រីជាន់ខ្ពស់ដឹកនាំហុងកុង ទាំង៤នាក់ដែលជាប់ទណ្ឌកម្មនេះ គឺមាន​លោក John Lee ប្រមុខដឹកនាំរដ្ឋបាលថ្មី លោក Chris Tang រដ្ឋមន្ត្រីទទួលបន្ទុកសន្តិសុខ លោក Erick Tsang រដ្ឋមន្ត្រីទំនាក់ទំនងជាមួយចិនដីគោក និងលោក Eric Chan អគ្គលេខាធិការ​រដ្ឋបាល​ហុងកុង។

លោក John Lee ប្រមុខដឹកនាំថ្មីរបស់​ហុងកុង បានធ្វើការប្រកាស ​បង្ហាញពីសមាសភាពថ្មីនៃរដ្ឋបាលរបស់​​លោក ដែលមាន​គ្នាចំនួន​២៦នាក់​ នៅថ្ងៃអាទិត្យទី១៩មិថុនា។ លោក​បាន​លើកឡើងថា លោក​មិន​ទៅខ្វល់ឈឺក្បាល ជាមួយ​នឹងទណ្ឌកម្ម​របស់អាមេរិកនោះទេ។ ថ្លែងទៅកាន់អ្នកកាសែត ប្រមុខដឹកនាំថ្មីដែលជាអតីតមន្ត្រីជាន់ខ្ពស់សន្តិសុខហុងកុងនេះ បាន​បន្ថែមថា ប្រទេសខ្លះ ខំប្រឹងធ្វើគ្រប់យ៉ាង ដើម្បីសំឡុតមកលើថ្នាក់ដឹកនាំហុងកុង បន្ទាប់ពីបានបរាជ័យ ក្នុងការឃុបឃិតបង្កបញ្ហាអសន្តិសុខ និងអស្ថិរភាពជាតិរបស់ហុងកុង។​​ រឿងទាំងនេះ គឺវាកាន់តែធ្វើឲ្យ​មន្ត្រីហុងកុង ប្តេជ្ញាចិត្តកាន់តែខ្លាំង ក្នុង​ការការពារសន្តិសុខ​ជាតិ​។​

សូមបញ្ជាក់ថា លោក John Lee នឹងស្បថចូលកាន់តំណែងជាផ្លូវការ នៅថ្ងៃទី ១កក្កដាខាងមុខ។ ថ្ងៃទី ១កក្កដា ដែលគឺជាថ្ងៃខួប​គម្រប់​២៥ឆ្នាំ នៃការប្រគល់​ហុងកុង មកឲ្យ​ចិនគ្រប់គ្រងវិញ ពីសំណាក់ចក្រភពអង់គ្លេស។ តាមពាក្យចចាមអារ៉ាម លោកប្រធានាធិបតីចិន ស៊ី ជីនពីង នឹងមានវត្តមាន​នៅក្នុងឱកាសនេះ ដើម្បីអបអរសាទររដ្ឋបាលថ្មីរបស់ហុងកុង ដែលស្ថិតក្នុងកណ្តាប់​ដៃ​ដ៏ណែន របស់​បក្សកុម្មុយនីស្តចិន។ ក្នុងក្របខណ្ឌនៃការធ្វើកំណែទម្រង់ ស្នើដោយ​លោកស្រីការី ឡាំ ដែលចប់អាណត្តិ រដ្ឋបាលថ្មីដឹកនាំដោយ​លោក​ ចន លី មាន​សមាជិកច្រើនជាងមុន ដោយក្នុងនោះ គេបាន​បង្កើតបន្ថែមការិយាល័យ​នយោបាយ​២ថ្មីទៀត ព្រមទាំង​បង្កើតមុខតំណែងអនុរដ្ឋលេខាធិការចំនួន​៣ នៅផ្នែករដ្ឋបាល ហិរញ្ញវត្ថុ និង​យុត្តិធម៌៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ