អានតួអត្ថបទ
ភូមា-រដ្ឋប្រហារ

Amnesty International ៖ កងទ័ព​របប​សិកភូមា បាន​​វាយ​​ប្រហារ​តាម​អាកាស​​ទៅលើ​​​ប្រជាជន​​​​ស្លូតត្រង់

យោងតាមរបាយការណ៍ថ្មីមួយ របស់អង្គការ Amnesty International គឺកងទ័ពរបបសិកភូមា បាន​ធ្វើសកម្មភាពវាយប្រហារទំលាក់គ្រាប់ ពីលើអាកាស ទៅលើប្រជាពលរដ្ឋស្លូតត្រង់។ ជាការវាយ​ប្រហារដែលរបបសិកភូមា ចង់ប្រដៅទៅលើ​ប្រជាពលរដ្ឋ ដែលហ៊ាន​តវ៉ាប្រឆាំងនឹងរបបដឹកនាំរបស់ខ្លួន។ អង្គការ Amnesty International​ បានចាត់ទុកអំពើនេះ ថាឧក្រិដ្ឋកម្មសង្គ្រាម។

ប្រជាជនភូមាដែលភៀសខ្លួន មករស់នៅតាមដងទន្លេ មុននឹងឆ្លងទៅកាន់ខេត្ត មែហុងសុន ប្រទេស​ថៃ។
ប្រជាជនភូមាដែលភៀសខ្លួន មករស់នៅតាមដងទន្លេ មុននឹងឆ្លងទៅកាន់ខេត្ត មែហុងសុន ប្រទេស​ថៃ។ AP
ផ្សាយពាណិជ្ជកម្ម

រវាងពីខែធ្នូ ដល់ខែ​មីនា ឆ្នាំ​២០២២នេះ កងទ័ពភូមាបានធ្វើប្រតិបត្តិការវាយ​ប្រហារ ពីលើអាកាស ព្រមទាំងបានប្រើកាំភ្លើងធំ បាញ់ប្លោងទៅលើភូមិស្រុក ផ្ទះសម្បែងប្រជាជន។ ក្រៅពីនេះ កងទ័ពថ្មើរជើងវិញ បានបាញ់សម្លាប់ប្រជាជន ដុតផ្ទះសម្បែង លួចឆក់ប្លន់ទ្រព្យសម្បតិ្តអ្នកស្រុក។ នេះគឺជាអ្វីដែលមានសរសេរនៅក្នុងរបាយការណ៍​ថ្មីមួយ របស់អង្គការ Amnesty International ចេញផ្សាយនៅថ្ងៃទី ១មិថុនា ២០២២។

នៅរៀងរាល់ទីតាំងដែលកងទ័ពភូមាបានធ្វើប្រតិបត្តិការ គឺជាភូមិស្រុកផ្ទះសម្បែងរបស់ប្រជាជន​​ស៊ីវីល​។ ក្រៅពីផ្ទះសម្បែង មន្ទីរពេទ្យ សាលារៀន វត្តអារ៉ាមក៏ត្រូវបានរងការកំទេចផងដែរ។ យោងតាមសាក្សី​ប្រជាជនខ្លះ ភូមិខ្លះបានរងការបាញ់ប្លោងគ្រាប់កាំភ្លើងធំ ជ្រុំជាច្រើនថ្ងៃជាប់គ្នា។

គួរបញ្ជាក់ថា ចាប់តាំងពី​របបសិកភូមា បានធ្វើរដ្ឋប្រហារដណ្តើមអំណាច កាលពីថ្ងៃទី​១កុម្ភៈ ឆ្នាំ២០២១ កងទ័ពភូមាបានបើកការវាយ​ប្រហារខ្លាំង នៅតំបន់ភាគខាងកើត តាម​បណ្តោយ​ព្រំដែន​ប្រទេសថៃ។ តំបន់នេះ គឺជាតំបន់ប្រមូលផ្តុំដោយ​ក្រុមប្រដាប់អាវុធជនជាតិភាគតិច រួមទាំងសកម្មជន​ប្រជាធិបតេយ្យផង ដែលបាននាំគ្នារត់គេចមកពួនសំងំនៅទីនេះ។ អង្គការ Amnesty International បានលើកឡើងនូវករណីមួយចំនួន ថាកងទ័ពភូមា បានធ្វើអំពើឧក្រិដ្ឋកម្មសង្គ្រាម និង​​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ​ផង ជាក់ស្តែងនៅក្នុងរដ្ឋ Kayah។

នៅចុងខែធ្នូ សាកសពមនុស្ស​ចំនួន​​ជាង​​៣០នាក់ មានទាំង​ស្ត្រី​និង​កុមារផង ត្រូវគេប្រទះឃើញឆេះខ្លោច នៅក្នុងតំបន់ខាងលើ ដោយ​ប្រជាជនអះអាងថាគឺជាស្នាដៃរបស់កងទ័ពជាតិភូមា។ ខែមករា កងទ័ព​ភូមា​បានបាញ់​សម្លាប់​មនុស្ស​៦នាក់ ដែល​កំពុង​តែ​រត់ភៀសខ្លួន​ឆ្លងទៅ​កាន់​ទឹកដី​ថៃ។ យោងតាមអង្គការ Amnesty International រាល់សកម្មភាព​វាយប្រហារ​របស់​កងទ័ព គឺវាមានលក្ខណៈ​ជាការដាក់ពិន័យ ដាក់ទណ្ឌកម្ម ប្រដៅទៅ​លើ​ប្រជាពលរដ្ឋ​ស្លូតត្រង់ ព្រោះពួកគេបាន​ជួយគាំទ្រក្រុម​ប្រឆាំងនឹងរបបសិក។

យ៉ាងណាមិញ អង្គការសហប្រជាជាតិ ធ្លាប់បានលើកឡើងផងដែរ អំពីករណីដែលអាចមាន​ ឧក្រិដ្ឋកម្ម​សង្គ្រាម​ ​បង្កឡើង​ដោយ​កងទ័ពភូមា នៅក្រោយ​ពេល​ធ្វើរដ្ឋប្រហារ ជាងមួយឆ្នាំមកនេះ។ យ៉ាងហោចណាស់ មនុស្សចំនួន​​​១៩០០នាក់ បានស្លាប់​ដោយ​​ការ​បង្ក្រាប​​របស់​​សមត្ថកិច្ច​ភូមា ដោយ​​ក្នុងនោះ​មាន​ទាំងស្ត្រី​និង​កុមារផង។ នេះក៏​មិនមែន​ជាលើក​ទីមួយដែរ ដែល​កងទ័ព​ភូមាត្រូវគេចោទ​ថា​បាន​ធ្វើ​ឧក្រិដ្ឋកម្ម​សង្គ្រាម។ កាលពីឆ្នាំ​២០១៧ ប្រជាជនរ៉ូហ៊ីងយ៉ា ចំនួនជាង​៧សែននាក់ បានរត់ភៀសខ្លួនពីការកាប់សម្លាប់ដ៏សាហាវព្រៃផ្សៃ បង្កឡើង​ដោយ​កងទ័ពភូមា​ នៅក្នុង​រដ្ឋរ៉ាឃីន​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ