អានតួអត្ថបទ
អាហ្វហ្កានីស្ថាន-ភេរវកម្ម

អាហ្វហ្កានីស្ថាន ៖ មន្ទីរ​ពេទ្យ​យោធាជាតិ​នៅក្រុង​កាប៊ុល​រង​ការ​វាយប្រហារ​ភេរវកម្ម

អាហ្វហ្កានីស្ថានក្រោម​ការ​ដឹកនាំ​របស់​ពួក​តាលីបង់ កំពុង​បន្ត​​លង់​ក្នុង​បរិបទ​ហិង្សា​មរណៈ​។ មាន​ស្លាប់​យ៉ាង​ហោច​ណាស់ ១៩​នាក់ និង​របួស​ជាង​៥០នាក់ នៅក្នុង​ការ​វាយប្រហារ​លើ​មន្ទីរ​ពេទ្យ​យោធា​ជាតិ នៅ​ទីក្រុង​កាប៊ូល​ នា​​ថ្ងៃអង្គារទី ២ វិច្ឆិកា២០២១។ ពុំ​ទាន់​មាន​ក្រុម​ណា​ចេញ​មុខ​ប្រកាស​ទទួល​ស្គាល់​ទង្វើ​វាយប្រហារ​បំផ្ទុះ​គ្រាប់​បែក បន្ត​ដោយ​ការ​បាញ់​រះ​ នេះ​នៅ​ឡើយ​ទេ ។ ការ​វាយប្រហារ​អត្តឃាត​នេះ​បាន​កើត​ឡើង​ក្នុង​ខណៈ​ដែល​ក្រុមតាលីបង់​កំពុង​ប្រឈម​ខ្លាំង​នឹង​ពួក​អង្គការ​រដ្ឋ​អ៊ីស្លាម។

បុគ្គលិក​ពេទ្យ​នៅ​ច្រក​ទ្វារ​​រង់ចាំ​ទទួល​ជនរងគ្រោះ​ ក្នុង​ការ​វាយប្រហារ​នៅ​មន្ទីរពេទ្យយោធា​ក្រុង​កាប៊ុល
បុគ្គលិក​ពេទ្យ​នៅ​ច្រក​ទ្វារ​​រង់ចាំ​ទទួល​ជនរងគ្រោះ​ ក្នុង​ការ​វាយប្រហារ​នៅ​មន្ទីរពេទ្យយោធា​ក្រុង​កាប៊ុល AFP - HOSHANG HASHIMI
ផ្សាយពាណិជ្ជកម្ម

ជាមួយ​នឹង​សារ​បញ្ជាក់​ការ​វាយប្រហារ​ភេរវកម្ម​បាន​បិទបាន​បញ្ចប់ ​អ្នក​ទទួល​ខុស​ត្រូវ​ម្នាក់​​នៃ​រដ្ឋាភិបាល​តាលីបង់ បាន​លម្អិត​ថា​ការ​វាយប្រហារ​ បាន​បង្ក​ឡើង​ដោយ​ភេរវជន​អត្តឃាត​ម្នាក់ ជិះ​ម៉ូតូ ដែល​ពេល​មក​ដល់​មាត់​ច្រក​ចូល​មន្ទីរ​ពេទ្យ Sardar Mohammaad Dawood Khan ​បាន​ចុច​​បំផ្ទុះ​គ្រាប់​បែក​ទីមួយ​ បន្ទាប់​មកខ្មាន់​កាំភ្លើង​បាន​នាំ​គ្នា​សម្រុក​ចូល​ក្នុង​មន្ទីរ​ពេទ្យ​ ហើយ​បើក​ការ​បាញ់​រះ មុន​នឹង​ត្រូវ​បាន​កង​កម្លាំង​តាលីបង់​បាញ់​សម្លាប់​បាន។ ក្នុង​ពេល​កំពុងបាញ់​តតាំង​គ្នា​ក្នុង​មន្ទីរពេទ្យ​នោះ ស្នូរផ្ទុះ​គ្រាប់​បែក ទីពីរ​ ​បាន​លាន់​ឮ​នៅ ក្រៅ​មន្ទីរពេទ្យ​ អម​ដោយ​ការ​បាញ់​រះ​យ៉ាង​សន្ធាប់​ទៀត។ នេះ​បើ​តាម​ការ​រៀប​រាប់​របស់​ក្រុម​អ្នក​សារព័ត៌មាន​បារាំង AFP។ អង្គការ​ក្រៅ​រដ្ឋាភិបាល​អ៊ីតាលី ដែល​ជា​អ្នក​គ្រប់គ្រង​មន្ទីរពេទ្យ​មួយ​ទៀត​នៅ​ក្រុង​កាប៊ូល បាន​ប្រកាស​ទទួល​ព្យាបាល​អ្នក​របួស​ក្នុង​ភេរវកម្មអត្តឃាត​នេះ​ជា​ច្រើន​នាក់។

នេះ​ជាការ​វាយប្រហារ​លើ​មន្ទីរ​ពេទ្យ​យោធា​ដ៏​ធំ​ជាង​គេ​របស់​អាហ្វហ្កានីស្ថាន ដែល​អាច​ទទួល​អ្នក​ជំងឺ បាន​ដល់​ទៅ ៤០០នាក់។ ហើយ​គឺ​ពី​មន្ទីរពេទ្យ​យោធា​នេះ​តែ​ម្តង ដែល​រដ្ឋមន្ត្រីក្រសួង​ការពារ​ជាតិ​តាលីបង់ លោក ម៉ូហាម៉េដ យ៉ាគូប Mohammed Yaqoub ត្រូវ​ជា​កូនប្រុស​របស់​ស្ថាបនិក​ចលនា​តាលីបង់ ម៉ូឡា អូម៉ារ បាន​បង្ហាញ​ខ្លួន​ជា​សាធារណៈ​ជា​លើក​ទីមួយ កាលពី​ថ្ងៃពុធ សប្តាហ៍​មុន ដើម្បី​ប្រកាស​សុំ​ឱ្យអ្នក​ជំនួញអាហ្វហ្កានីស្ថាន​ធ្វើ​វិនិយោគ​ជួយ​មន្ទីរ​ពេទ្យ។

តាំង​ពី​បាន​ឡើង​កាន់​អំណាច​នៅ​ថ្ងៃទី ១៥​សីហា​២០២១​មក រដ្ឋាភិបាល​តាលីបង់​ដែល​បាន​ចាត់​ទុក​ការ​រក្សា​សន្តិសុខ​ជា​អាទិភាព​ចម្បង ប្រឈម​ខ្លាំង​នឹង​រលក​ភេរវកម្ម​បង្ក​ឡើង​ដោយ​ពួក​អង្គការ​រដ្ឋ​អ៊ីស្លាម។ សាខា​អង្គការ​រដ្ឋ​អ៊ីស្លាម​នៅ​អាហ្វហ្កានីស្ថាន បាន​ដឹកនាំ​ធ្វើ​ភេរវកម្ម​ជា​បន្ត​បន្ទាប់​ប្រឆាំង​នឹង​ពួកតាលីបង់ និង​ក្រុមនិកាយ​ឈីអ៊ីត។ កាលពី​ថ្ងៃទី ៣​តុលា អង្គការ​រដ្ឋ​អ៊ីស្លាម​បាន​វាយប្រហារ​លើ​វិហារ​អ៊ីស្លាម​មួយ​នៅក្បែរក្រុង​កាប៊ូល​បណ្តាល​ឱ្យ​ស្លាប់​យ៉ាង​ហោច​៥នាក់។

ឯមន្ទីរ​ពេទ្យ​យោធា​នេះ ធ្លាប់​រង​ការ​​វាយប្រហា​រម្តង​ហើយ កាលពី​ឆ្នាំ​២០១៧ ក្នុង​​ទម្រង់​ដូច​គ្នា​​ ដែល​កាលណោះ​ខ្មាន់​កាំភ្លើង​របស់​ពួក​អង្គការ​រដ្ឋអ៊ីស្លាម បាន​បន្លំ​ខ្លួន​ពាក់​ខោអាវ​ជា​គ្រូពេទ្យ ចូល​ទៅ​បាញ់​រះ​ក្នុង​មន្ទីរ​ពេទ្យ​អស់​រយៈ​ពេល​៦​ម៉ោង និង​បង្ក​ឱ្យ​ស្លាប់​ជីវិត​មនុស្ស​អស់​៥០​នាក់ (បើ​តាម​តួលេខផ្លូវការ និង​ច្រើន​ជាង​ពីរ​ដង​បើ​តាម​តួលេខ​ខាងសន្តិសុខ)៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ