អានតួអត្ថបទ
អាហ្វហ្កានីស្ថាន-ភេរវកម្ម

ក្រោយភេរវកម្ម អាមេរិក​ប្រើដ្រូន​វាយប្រហារ​លើ​ក្រុម​អង្គការ​រដ្ឋ​អ៊ីស្លាមនៅ​អាហ្វហ្កានីស្ថាន

​ក្នុង​​យប់​ថ្ងៃ​សុក្រ​ឆ្លង​ចូល​ថ្ងៃ​សៅរ៍ទី ២៨​សីហា​នេះ​ យោធា​អាមេរិក​បានបើក​​ប្រតិបត្តិការ​វាយប្រហារ​ដោយ​ប្រើ ដ្រូន លើ​ទីតាំង​របស់​ពួក​អង្គការ​រដ្ឋអ៊ីស្លាម​មួយ​ក្រុម ដែល​ជា​អ្នក​បង្ក​ភេរវកម្មអត្តឃាត​នៅ​អាកាសយានដ្ឋានក្រុងកាប៊ុល​ កាលពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលម្ង៉ៃ។ ការវាយប្រហារ​ផ្លូវ​អាកាស​ដោយយានយន្ត​​គ្មាន​មនុស្ស​បើក​ បាន​កម្ទេច​​ចំណុច​ស៊ីប​ ដូចបាន​​កំណត់។ នេះ​បើ​តាម​សេចក្តី​ថ្លែងការណ៍​អាមេរិក។

អាមេរិក​ប្រើដ្រូន​វាយប្រហារ​លើ​ពួក​អង្គការ​រដ្ឋអ៊ីស្លាម និង​បន្ត​ប្រតិបត្តិការ​ជម្លៀស​នៅអាកាសយានដ្ឋានកាប៊ុល
អាមេរិក​ប្រើដ្រូន​វាយប្រហារ​លើ​ពួក​អង្គការ​រដ្ឋអ៊ីស្លាម និង​បន្ត​ប្រតិបត្តិការ​ជម្លៀស​នៅអាកាសយានដ្ឋានកាប៊ុល AFP - -
ផ្សាយពាណិជ្ជកម្ម

នេះ​ជា​ប្រតិបត្តិការ​វាយប្រហារ​លើ​ពួក​អង្គការ​រដ្ឋ​អ៊ីស្លាម​ ​លើក​ទីមួយ គិត​ចាប់​តាំង​មាន​ភេរវកម្ម​ផ្ទុះ​ឡើង​នៅ​អាកាសយានដ្ឋាន​ក្រុង​កាប៊ុល កាល​ពីថ្ងៃព្រហស្បតិ៍ទី​២៦​សីហា ដែល​បាន​បង្ក​មាន​មនុស្ស​ស្លាប់​យ៉ាង​ហោច៨៥​នាក់ ក្នុងនោះ​១៣​នាក់​ជា​ទាហាន​អាមេរិក និង​ដែល​ប្រធានាធិបតី​អាមេរិក​ លោក ចូ បៃដិន បាន​សន្យា​សងសឹក​វិញ។

បញ្ជា​ចេញ​ពី​ប្រទេស​មួយនៃ​តំបន់​ដើម​បូព៌ា ប្រតិបត្តិការ​វាយប្រហារដោយ​ប្រើ​​ដ្រូន​ Reaper ប្រព្រឹត្ត​ទៅ​នៅស្រុក​ខូរ៉ាសាន ខេត្ត​ណង់ហ្ការហា ប៉ែក​ខាង​កើត​ប្រទេស​អាហ្វហ្កានីស្ថាន ជាប់​​ព្រំដែន​ ជាមួយ​ប្រទេស​ប៉ាគីស្ថាន។ បើ​តាម​ព័ត៌មាន​បឋម ​ ដ្រូន​បានសម្រេច​តាម​គោលដៅ ​ទៅ​កម្ចាត់រថយន្ត​មួយ​គ្រឿង​ដែល​មាន​​ផ្ទុក​​​អ្នក​ទទួល​ខុស​ត្រូវ​អង្គការ​រដ្ឋ​អ៊ីស្លាម​ម្នាក់​ និង​អ្នក​ផ្សំ​គំនិត​ម្នាក់។ ផ្ទាំង​ស៊ីប​នោះ​​ត្រូវ​​សម្លាប់​​ ប៉ុន្តែនៅក្នុង​សេចក្តីថ្លែងការណ៍ មេបញ្ជាការ​យោធា​អាមេរិក​មិន​បាន​បញ្ជាក់​អំពី​អត្តសញ្ញាណ និង​​តួនាទីក្នុង​ក្រុម ឬ​ការ​ពាក់​ព័ន្ធ​ផ្ទាល់​របស់​ជន​នោះនៅក្នុង​ភេរវកម្ម​នៅកាប៊ុល​ទេ។ ​ ​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​គ្រាន់​តែ​បាន​ឭ​ស្នូ​រ​គ្រាប់ ដោយ​មិន​ទាំង​ដឹង​ជា​ការវាយប្រហារ​ដ្រូនផង និង​គ្មាន​ជន​ស៊ីវិល​ណាម្នាក់​ត្រូវ​រងគ្រោះឡើយ។ នេះ​បើ​តាម​សេចក្តីថ្លែងការណ៍​ដដែល។

ពីរ​បី​ម៉ោង​ក្រោយ​ប្រតិបត្តិការ​ដ្រូន ស្ថានទូត​សហរដ្ឋ​អាមេរិក​បានបង្ហោះ​សារ​​អាសន្នថ្មី​មួយ​ទៀត​​នៅអាកាសយានដ្ឋាន​ក្រុង​កាប៊ុល ឱ្យ​ប្រជាពលរដ្ឋ​អាមេរិកចាំ​ឡើង​យន្តហោះ​ ​ចាក​ចេញ​ភ្លាម និង​កុំ​នៅ​ផ្តុំ​គ្នា​ នៅ​តាម​​ច្រក​ទ្វារ​ Abbey Gate, East Gate, North Gate ou New Ministry of Interior Gate។ បើ​តាម អ្នក​នាំពាក្យ​របស់​មន្ទីរ​បញ្ចកោណ​​ ប្រតិបត្តិការ​ជម្លៀស​​អាមេរិក​​​ដែល​ត្រូវ​បិទ​បញ្ចប់​ទាំងស្រុង​នៅ​ថ្ងៃ​ទី ៣១​សីហា ជា​ពេលវេលា​ដ៏​គ្រោះ​ថ្នាក់​បំផុត។ ​អ្នក​នាំពាក្យ​សេតវិមាន​បាន​អះអាង​ថា​ អាច​នឹង​មានការ​វាយប្រហារ​​ភេរវកម្មនៅ​អាកាសយានដ្ឋានកាប៊ុល​ទៀត។ សូម​បញ្ជាក់​ថា ​មុន​ភេរវកម្ម​ថ្ងៃ​ព្រហស្បតិ៍​មួយ​ថ្ងៃ អាមេរិក​ក៏បាន​ផ្ញើ​សារ​ស្រដៀងគ្នា​ប្រាប់​ប្រជាពលរដ្ឋ​ខ្លួន​ដែរ ឱ្យ​ប្រុងប្រយ័ត្ន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ