អានតួអត្ថបទ
សេដ្ឋកិច្ចពិភពលោក

ធនាគារ​ពិភពលោក​កាត់បន្ថយ​អត្រាកំណើនសេដ្ឋកិច្ច​សកល ក្នុង​ការព្យាករណ៍​សម្រាប់ឆ្នាំ ២០២១

នៅក្នុង​របាយការណ៍​ស្តីពី​ការព្យាករណ៍​សេដ្ឋកិច្ច ចេញផ្សាយ កាលពី​ថ្ងៃ​អង្គារ ទី ៥​មករា ធនាគារ​ពិភពលោក​បាន​កាត់បន្ថយ​អត្រា​កំណើន​សេដ្ឋកិច្ច​សកល មក​នៅ ត្រឹម ៤% ពោល​គឺ​ទាបជាង ៤,២%​ដែល​គេ​បាន​ព្យាករទុក កាលពី​មិថុនា​ឆ្នាំមុន។ តាម​របាយការណ៍​របស់​ធនាគារ​ពិភពលោក កំណើនសេដ្ឋកិច្ច​សកល​នឹង​អាច​កើតមានឡើង គឺ​អាស្រ័យ​ទៅលើ​ការគ្រប់គ្រង​វិបត្តិកូវីដ និង​ជាពិសេស ការចែកចាយ និង​យុទ្ធនាការ​ចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ នៅក្នុង​ពិភពលោក។

ផ្លូវថ្នល់ស្ងាត់​ មិនសូវ​មានអ្នកធ្វើដំណើរ  នៅទីក្រុង​សេអ៊ូល ដោយសារ​ជំងឺឆ្លងរាលដាល​កូវីដ នៅ​ខែ​សីហា
ផ្លូវថ្នល់ស្ងាត់​ មិនសូវ​មានអ្នកធ្វើដំណើរ នៅទីក្រុង​សេអ៊ូល ដោយសារ​ជំងឺឆ្លងរាលដាល​កូវីដ នៅ​ខែ​សីហា REUTERS - KIM HONG-JI
ផ្សាយពាណិជ្ជកម្ម

យោងតាម​ការព្យាករណ៍​ថ្មី​របស់​ធនាគារ​ពិភពលោក សម្រាប់​ឆ្នាំ ២០២១ អត្រា​កំណើន​សេដ្ឋកិច្ច នៅក្នុង​ពិភពលោក នឹង​មានត្រឹម ៤% គឺទាបជាង អត្រា ៤,២% ដែល​គេ​ធ្លាប់បាន​ព្យាករ​កាលពី​ឆ្នាំមុន។ ការបន្ត​ឆ្លងរីករាលដាល ជំងឺកូវីដ ហើយ​និង​ការផ្ទុះ​មេរោគ​កូរ៉ូណា​ដែល​បំប្លែងខ្លួន​ថ្មី រហូត​ធ្វើ​ឲ្យ​រដ្ឋាភិបាល​ត្រូវ​ចាត់វិធានការ​បិទខ្ទប់​ទីក្រុង និង​បង្អាក់​សកម្មភាព​សេដ្ឋកិច្ច សាជាថ្មី នៅ​ទឹកដី អឺរ៉ុប និង​សហរដ្ឋអាមេរិក ជាមូលហេតុ​សំខាន់​ធ្វើ​ឲ្យ​គេ​កាត់បន្ថយ អត្រាកំណើន​សេដ្ឋកិច្ច​ពិភពលោក សម្រាប់​ឆ្នាំ ២០២១នេះ។

បើតាម​ធនាគារ​ពិភពលោក វិធានការ​បិទខ្ទប់ប្រទេស ដែល​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​ដើរថយក្រោយ បាន​ប៉ះពាល់ ធ្ងន់ធ្ងរ ដល់ ប្រាក់ចំណូល​របស់​រដ្ឋ និង​ក្រុមហ៊ុន​ឯកជន។ ប្រាក់ចំណូល​បាន​មក​ពីការប្រមូលពន្ធ​ធ្លាក់​ថយចុះ ចំណែក ការបញ្ឈប់​បុគ្គលិក ដោយសារ​តែ​ក្រុមហ៊ុន​ត្រូវ​ផ្អាក​សកម្មភាព​សេដ្ឋកិច្ច។ បញ្ហា​ទាំងអស់​នេះ បាន​ប៉ះពាល់​ដល់​ប្រាក់ចំណូល​របស់​ប្រជាជន ដែល​ជាអ្នកប្រើប្រាស់។

ទៅតាម​សេណារីយ៉ូ ប្រកប​ដោយ​សុទិដ្ឋិនិយម​របស់​ធនាគារ​ពិភពលោក កំណើន​សេដ្ឋកិច្ច​ពិភពលោក នៅ​ឆ្នាំ ២០២១នេះ​អាច​មាន ៤% នោះបើសិន ពិភពលោក​អាច​គ្រប់គ្រង វិបត្តិកូវីដ និង​បង្កើន​យុទ្ធនាការ​ចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ។ ផ្ទុយមកវិញ បើសិន ករណី​ឆ្លងកូវីដ​១៩ នៅតែ​បន្តកើន​ឡើង ឥតឈប់ ហើយ​គេ​យឺតយ៉ាវ​ក្នុង​ការចាក់វ៉ាក់សាំង ដល់​ប្រជាជន នោះ កំណើន​សេដ្ឋកិច្ច​ពិភពលោក នៅ​ឆ្នាំ ២០២១ នឹង​មាន​ត្រឹមតែ​១,៦%ប៉ុណ្ណោះ។

នៅក្នុង​របាយការណ៍​របស់​ធនាគារ​ពិភពលោក អត្រា​កំណើន​សេដ្ឋកិច្ច មាន​ខុសៗគ្នា ទៅ​តាម​តំបន់។ អាមេរិក និង​តំបន់​ចាយប្រាក់អឺរ៉ូ ដែល​មាន​សេដ្ឋកិច្ច​ដើរថយក្រោយ ខ្លាំង ៣,៦% និង ៧,៤%​នៅ​ឆ្នាំ ២០២០ នឹង​មាន​អត្រា​កំណើន​សេដ្ឋកិច្ច ៣,៥% និង ៣,៦%។ ចំណែក​អត្រា​កំណើន​សេដ្ឋកិច្ច​ជាមធ្យម របស់​អាស៊ី​វិញ នឹង​ខ្ពស់ជាងគេ ដល់ ៥ភាគរយ ដោយ​ត្រូវ​អរគុណ​ប្រទេស​ចិន ដែល​មាន​កំណើនសេដ្ឋកិច្ច ដល់ទៅ ៧% នៅ​ឆ្នាំ ២០២១។

នៅក្នុង​កាលៈទេសៈ ដែល​កំណើន​សេដ្ឋកិច្ច​មាន​តិចតួច និង​មិនច្បាស់លាស់ យ៉ាងដូច្នេះ ធនាគារ​ពិភពលោក​បាន​ជំរុញ​លើកទឹកចិត្ត​ឲ្យ​ថ្នាក់ដឹកនាំ​នយោបាយ ចាត់វិធានការ​បន្ទាន់ ដើម្បី បន្ទុចបង្អាក់​ការចម្លងរាតត្បាត ជំងឺកូវីដ ចាប់ផ្តើម​យុទ្ធនាការ​ចាក់វ៉ាក់សាំង ដល់​ប្រជាជន ហើយ​និង​ធ្វើ​កំណែទម្រង់ វិស័យសំខាន់ៗ ដូចជា វិស័យ​សុខាភិបាល ការអប់រំ ហេដ្ឋារចនាសម្ព័ន្ធ​ឌីជីថល ដើម្បី​ជំរុញ​ការវិនិយោគ។

ក្រៅតែ​ពី​បង្ហាញ អត្រាកំណើន​សេដ្ឋកិច្ច ធនាគារ​ពិភពលោក​បាន​សំដែង​ការបារម្ភ​ផងដែរ​ពីការធ្លាក់ខ្លួន ជំពាក់បំណុល​របស់​បណ្តា​ប្រទេស​ក្រីក្រ និង​ប្រទេស​កំពុង​អភិវឌ្ឍ ដែល​បាន​រត់ទៅ​ខ្ចីបំណុល ដើម្បី​ដោះស្រាយ​វិបត្តិ​សេដ្ឋកិច្ច និង​វិបត្តិកូវីដ។ ធនាគារ​ពិភពលោក​ធ្លាប់​បាន​វាយតម្លៃ​ហើយថា ជំងឺរាតត្បាត​សកល ដូចជា​កូវីដ​១៩​នឹង​ធ្វើ​ឲ្យ​ប្រជាជន​ប្រមាណ ១៥០​លាននាក់ ធ្លាក់ខ្លួន​កាន់តែក្រីក្រ នៅ​ឆ្នាំ២០២១៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ