អានតួអត្ថបទ
ចិន-អាល្លឺម៉ង់

អាល្លឺម៉ង់ រំលឹកចិន ​​អំពី​បញ្ហា​សិទ្ធិមនុស្ស នៅ​ហុងកុង ​និង​នៅ​ខេត្ត​ស៊ីនជាំង

លោករដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ បាននិយាយរំលឹក​រដ្ឋាភិបាល​ចិន អំពីបញ្ហា ការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរទៅលើប្រជាជនឥស្លាមអ៊ុយហ្គួ នៅខេត្តស៊ីនជាំង​ និងបញ្ហាសិទ្ធិសេរីភាពនៅហុងកុង។ ​លោករដ្ឋមន្ត្រី​ការបរទេសអាល្លឺម៉ង់លើកឡើងដូចនេះ នៅក្នុង​ឱកាសសន្និសីទកាសែត​រួមគ្នា ជាមួយ​លោកវ៉ាងយី ប្រមុខការទូតចិន ដែល​បំពេញ​ទស្សនកិច្ច​ នៅទីក្រុងប៊ែរឡាំង នៅថ្ងៃទី​១កញ្ញា​២០២០។ នៅខាងក្រៅទីទាំងជំនួបនេះ បាតុករជាច្រើនរយនាក់ បានមកជួបជុំគ្នា បរិហារអំពីអំណាចផ្តាច់ការ និង​ការរំលោភសិទ្ធិមនុស្ស របស់បក្សកុម្មុយនីស្តចិន។

លោករដ្ឋមន្រ្តី​ការបរទេស​អាល្លឺម៉ង់ Heiko Maas និងលោក Wang Yi រដ្ឋមន្ត្រីការបរទេសចិន ពេលធ្វើសន្និសីទកាសែត នៅក្រុងប៊ែរឡាំង ថ្ងៃទី​១ កញ្ញា ២០២០
លោករដ្ឋមន្រ្តី​ការបរទេស​អាល្លឺម៉ង់ Heiko Maas និងលោក Wang Yi រដ្ឋមន្ត្រីការបរទេសចិន ពេលធ្វើសន្និសីទកាសែត នៅក្រុងប៊ែរឡាំង ថ្ងៃទី​១ កញ្ញា ២០២០ REUTERS - POOL
ផ្សាយពាណិជ្ជកម្ម

នៅចំពោះមុខអ្នកកាសែតជាច្រើននាក់ នៅឯទីស្នាក់ការ​ក្រសួងការបរទេសអាល្លឺម៉ង់ លោក Heiko Maas ប្រមុខការទូតអាល្លឺម៉ង់ បាននិយាយទៅ​កាន់លោក ​វ៉ាង យី ថា "លោកដឹងទេ ក្តី​បារម្ភ​របស់​រដ្ឋាភិបាល​​អាល្លឺម៉ង់ ទាក់ទិននឹងច្បាប់សន្តិសុខជាតិចិន គឺនៅតែមានជានិច្ច"​។ លោកបន្តថា "ទាក់ទិននឹងបញ្ហាហុងកុងនេះ រដ្ឋាភិបាលអាល្លឺម៉ង់ ចង់ឃើញរដ្ឋាភិបាលចិន គោរពគោលការណ៍​ ប្រទេសមួយ​ប្រព័ន្ធ២ ឲ្យ​បានខ្ជាប់ខ្ជួន"។

ទាក់ទិន​បញ្ហជនជាតិអ៊ុយហ្គួ នៅខេត្តស៊ីនជាំងវិញ លោក​ប្រមុខការទូតអាល្លឺម៉ង់ បានប្រាប់ទៅលោកវ៉ាង យី ថារដ្ឋាភិបាល​អាល្លឺម៉ង់ សុំឲ្យ​ភាគីចិន អនុញ្ញាតបើកផ្លូវឲ្យអ្នកអង្កេតការណ៍អន្តរជាតិ និងឯករាជ នៃអង្គការសហប្រជាជាតិ ចូលទៅដំបន់នោះ ដើម្បី​ពិនិត្យមើលស្ថានការណ៍នៅតាមជំរំបង្ឃាំងជនជាតិអ៊ុយហ្គួ។

លោកវ៉ាង យី ប្រមុខការទូតចិន បានឆ្លើយតបយ៉ាងខ្លី ទៅកាន់​លោក​រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ថា "បើសិន​ជារដ្ឋាភិបាលចិន​​ប៉េកាំង អាក្រក់ម្លឹងៗ ហេតុម្តេចបានជាប្រជាជនចិនភាគច្រើន គាំទ្រ និងពេញចិត្ត ចំពោះស្នាដៃរបស់​រដ្ឋាភិបាលចិន?"

គួររំលឹកថា យោងតាមការអះអាងរបស់អង្គការសិទ្ធិមនុស្សជាច្រើន បានលើកឡើងថា​ នៅខេត្តស៊ីនជាំង អាជ្ញាធរចិនកំពុង​ធ្វើសកម្មភាព​រំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរណាស់ ដោយបានចាប់ប្រមូល​ប្រជាជនអ៊ុយហ្គួ យ៉ាងហោច១លាននាក់ ដាក់ឃុំបង្ឃាំងទុក តាមមណ្ឌលកែប្រែ។ អង្គការខ្លះបានលើកឡើង អំពី​ករណី​ចាប់​ជនជាតិអ៊ុយហ្គួក្រៀវទាំងប្រុសទាំងស្រី ដើម្បីកុំឲ្យ​ពួកគេអាចមានកូន​បន្តវេនបាន។ តែយ៉ាងណា រដ្ឋអំណាចចិន បានបដិសេធការចោទទាំងនេះ នឹងបានអះអាងថាជំរំទាំងនោះ គឺសម្រាប់​បណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីកុំឲ្យជនជាតិអ៊ុយហ្គួ ធ្លាក់ទៅក្នុងទ្រឹស្តី​ឥស្លាមជ្រុលនិយម។

ដោយឡែក ក្នុងពេល​ដែល​លោកប្រមុខការទូតអាល្លឺម៉ង់ និង ចិនកំពុងធ្វើសន្និសីទកាសែត នៅខាងក្រៅមុខក្រសួងការបរទេសអាល្លឺម៉ង់ មានមនុស្សជាច្រើនរយនាក់ បានមកធ្វើបាតុកម្ម លើកបដា លើកទង់ហុងកុង និងទង់តំបន់ស៊ីនជាំង ដើម្បី​បរិហារអំពីការប្រើ​អំណាចផ្តាច់ការ រំលោភសិទ្ធិមនុស្ស​ របស់គណបក្ស​កុម្មុយនីស្តចិន។ លោក Nathan Law សកម្មជនប្រជាធិបតេយ្យហុងកុង ដែលបច្ចុប្បន្នបានភៀសខ្លួនទៅរស់នៅប្រទេសអង់គ្លេស ក៏បានចូលរួមក្នុងបាតុកម្មនេះដែរ ដោយលោកបានអំពាវនាវ អោយអាល្លឺម៉ង់ និងសហភាពអឺរ៉ុបទាំងមូល​ ត្រូវតែប្រមូលសេចក្តីក្លាហាន ហ៊ានតតាំងជាមួយចិន និងទប់ទល់ជាមួយអំណាចកៀបសង្កត់របស់ចិន៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ