អានតួអត្ថបទ
ថៃ-Huawei

ថៃយល់ព្រមបំពាក់បណ្តាញទូរស័ព្ទជំនាន់ថ្មី ៥G របស់ក្រុមហ៊ុន Huawei

នៅ​ថ្ងៃ​អាទិត្យ ទី១៦ កុម្ភៈ ថៃ​បាន​ក្លាយ​ជា​ប្រទេស​អាស៊ីអាគ្នេយ៍​ទី១ ដែល​យល់ព្រម​បំពាក់​បណ្តាញ​ទូរស័ព្ទជំនាន់ថ្មី ៥G របស់​ក្រុមហ៊ុន​ចិន Huawei។ ទឹកប្រាក់​ដែល​រដ្ឋាភិបាល​បាន​ដាក់​នៅ​ក្នុង​ការ​ដេញ​ថ្លៃ​ពង្រាយ​បណ្តាញ ៥G មាន​ជាង ៣ ០០០លានដុល្លារ។ មាន​ក្រុមហ៊ុន​ទូរស័ព្ទដៃ​ជា​ច្រើន​បាន​ចូលរួម​នៅ​ក្នុង​ការ​ដេញថ្លៃ។  ក្រុមហ៊ុន​ទូរស័ព្ទ​ធំ​ជាង​គេ​នៅ​ថៃ​ឈ្មោះ Advanced Info Service ទទួល​បាន​សិទ្ធិ​ពង្រាយ​បណ្តាញ ៥G ជិត​ពាក់​កណ្តាល​នៃ​ផ្ទៃ​ប្រទេស។ គេ​នៅ​មិន​ទាន់​ដឹង​ថា តើ​បណ្តាញ ៥G នឹង​អាច​ដំណើរ​ការ​នៅ​ពេល​ណា​ទេ។ តែ​រដ្ឋាភិបាល​បាន​ជំរុញ​ក្រុមហ៊ុន​ពាក់ព័ន្ធ​ទាំង​អស់​ឲ្យ​ផ្តើម​បណ្តាញ ៥G នៅ​ពាក់កណ្តាល​ឆ្នាំ ២០២០ នេះ។ អ្វី​ជា​ការ​កត់សម្គាល់ ថៃ​បាន​ទទួល​បណ្តាញ ៥G របស់​ក្រុមហ៊ុន​ចិន Huawei ក្នុង​ពេល​ដែល​អាមេរិក​កំពុង​ធ្វើ​សង្រ្គាម​ប្រឆាំង Huawei។

ក្រុមហ៊ិន​ចិន Huawei
ក្រុមហ៊ិន​ចិន Huawei STEFAN WERMUTH / AFP
ផ្សាយពាណិជ្ជកម្ម

ដំណឹង​ស្តីពី​ការ​ពង្រាយ​បណ្តាញ ៥G របស់​ក្រុមហ៊ុន​ចិន Huawei ពី​សំណាក់​ប្រទេស​ថៃ​ត្រូវ​បាន​ប្រកាស​ដោយ​គណៈកម្មការ​វិទ្យុផ្សាយសំឡេងជាតិ និង​ទូរគមនាគមន៍។ « យើង​ក្លាយ​ជា​ប្រទេស​៥G ដែល​នឹង​ជួយ​ថៃ​ឲ្យ​ក្លាយ​ជា​ប្រទេស​ដឹក​មុខ​អាស៊ាន » នេះ​ជា​ការ​សាទរ​របស់​លោក​ថាកន ថានតាសីត អគ្គលេខាធិការ​នៃ​គណៈកម្មការ​វិទ្យុផ្សាយសំឡេងជាតិ និង​ទូរគមនាគមន៍​នៅ​ក្នុង​សេចក្តីប្រកាសព័ត៌មាន​មួយ។ សេចក្តីប្រកាសព័ត៌មាន​ដដែល​បាន​បញ្ជាក់​ថា ៥G ជា​កត្តា​គន្លឹះ​នៃ​ការ​អភិវឌ្ឍន៍​វត្ថុប្រើប្រាស់ តភ្ជាប់។ ប្រសិទ្ធិភាព​របស់ ៥G ត្រូវ​តែ​ជួយ​ទ្រទ្រង់​ដល់​ទិន្នន័យ​រាប់សិបពាន់លាន​នៃ​ការ​ប្រើប្រាស់​រថយន្តស្វយ័ត​ទ្រង់ទ្រាយ​ធំ និង​វត្ថុប្រើប្រាស់​ឆ្លាតវៃ​ប្រចាំថ្ងៃ​ជា​ច្រើន​ទៀត។

គេ​នៅ​មិន​ដឹង​ថា តើ​នៅ​ពេល​ណា​ទើប​បណ្តាញ ៥G នឹង​ផ្តើម​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ទេ។ អ្វី​ដែល​គេ​ដឹង រដ្ឋាភិបាល​បាន​ជំរុញ​ក្រុមហ៊ុន​ទូរស័ព្ទ​ដែល​ទទួល​បាន​អាជ្ញាប័ណ្ណ​ឲ្យ​ផ្តើម​នៅ​ពាក់កណ្តាល​ឆ្នាំ ២០២០ ដើម្បី​អនុញ្ញាត​ឲ្យ​ប្រទេស​រក្សា​បាន​នូវ​ការ​ប្រកួតប្រជែង​នៅ​ក្នុង​តំបន់។ គួរ​រម្លឹក​ថា គឺ​ក្នុង​ខែ​កុម្ភៈ ឆ្នាំ ២០១៩ ដែល​ក្រុមហ៊ុន Huawei បាន​ផ្តើម​សាកល្បង​បណ្តាញ ៥G នៅ​ថៃ​ដោយ​រួម​សហការ​ជាមួយ​ក្រុមហ៊ុន​ទូរស័ព្ទ Nokia របស់​ប្រទេស​ហ្វាំងឡង់ និង​ក្រុមហ៊ុន​ទូរស័ព្ទ Ericsson របស់​ប្រទេស​ស៊ុយអែត។ អ្វី​ជា​ការ​កត់សម្គាល់ ការ​យល់ព្រម​របស់​ថៃ​ក្នុង​ការ​បំពាក់​បណ្តាញ ៥G របស់​ក្រុមហ៊ុន​ចិន Huawei បាន​ធ្វើ​ឡើង ចំ​ពេល​ដែល​អាមេរិក​កំពុង​បន្ត​សង្រ្គាម​ជា​ចំហ​ប្រឆាំង​នឹង Huawei។

រដ្ឋបាល​អាមេរិក​របស់​លោក​ដូណាល់ ត្រាំ​បាន​លើក​ឡើង​ពី​ហានិភ័យ​នៃ​ចារកិច្ច​របស់ Huawei ដើម្បី​ប្រយោជន៍​រដ្ឋាភិបាល​ចិន។ រហូត​មក​ដល់​ពេល​នេះ លោក​ត្រាំ​បន្ត​គំរាម​សម្ព័ន្ធមិត្ត​អឺរ៉ុប​ដែល​ចង់​ប្រើប្រាស់​សម្ភារៈ​ទូរគមនាគមន៍ និង​បំពាក់​បណ្តាញ ៥G របស់ Huawei។ លោក Richard Grenell ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​ប្រទេស​អាល្លឺម៉ង់​បាន​បញ្ជាក់​នា​ថ្ងៃ​អាទិត្យ ទី១៦ កុម្ភៈ​ថា លោក​ត្រាំ​បាន​គំរាម​បញ្ឈប់​ការ​ចែកចាយ​ព័ត៌មាន​សម្ងាត់​ជាមួយ​ប្រទេស​អឺរ៉ុប​ណា​ដែល​ហ៊ាន​សហការ​ជាមួយ​ក្រុមហ៊ុន​ចិន Huawei៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ