អានតួអត្ថបទ

ធនាគារពិភពលោកព្រមាន​ពី​ស្ថានភាពសេដ្ឋកិច្ចសកលមិន​ល្អ​ក្នុងឆ្នាំ ២០២១ និងអាចបន្តអូសបន្លាយ

នៅ​ថ្ងៃ​អង្គារ ទី៧ មិថុនា ធនាគារពិភពលោក​បាន​ផ្សព្វផ្សាយ​របាយការណ៍​មួយ​ស្តីពី​ស្ថានភាព​សេដ្ឋកិច្ច​ក្នុង​លោក។ នៅ​ក្នុង​របាយការណ៍ ធនាគារពិភពលោក​បាន​ទម្លាក់​ការ​ព្យាករណ៍​កំណើន​សេដ្ឋកិច្ច​ពិភពលោក​សម្រាប់​ឆ្នាំ ២០២១ ដោយសារ​តែ​សង្រ្គាម​រុស្ស៊ី​ឈ្លានពាន​អ៊ុយក្រែន។ តែ​ធនាគារពិភពលោក​មិន​ភ្លេច​ព្រមាន​ពី​ហានិភ័យ​នៃ​ភាព​ជាប់គាំង​សេដ្ឋកិច្ចសកល​ដែល​កើត​ចេញ​ពី​កត្តា​ពីរ​បូក​បញ្ចូល​គ្នា គឺ​កំណើន​សេដ្ឋកិច្ច​ធ្លាក់​ចុះ និង​អតិផរណា​កើន​ឡើង។

លោក David Malpass ប្រធាន​ធនាគារពិភពលោក។
លោក David Malpass ប្រធាន​ធនាគារពិភពលោក។ AFP/File
ផ្សាយពាណិជ្ជកម្ម

នៅ​ក្នុង​ខែ​មករា ធនាគារពិភពលោក​បាន​ព្យាករណ៍​ពី​កំណើន​សេដ្ឋកិច្ច​សកល​ក្នុង​អត្រា ៤,១% សម្រាប់​ឆ្នាំ ២០២១។ តែ​នៅ​ក្នុង​ការ​ព្យាករណ៍​លើក​នេះ ធនាគារពិភពលោក​បាន​ទម្លាក់​កំណើន​សេដ្ឋកិច្ចសកល​នៅ​ត្រឹម​តែ ២,៩% ប៉ុណ្ណោះ។ សង្រ្គាម​រុស្ស៊ី​ឈ្លានពាន​អ៊ុយក្រែន អតិផរណា​ហក់​ឡើង​លឿន បញ្ហា​ផ្គង់ផ្គង់​ដែល​បង្ក​ឡើង​ដោយ​កូវីដ១៩ ឬ​មួយ​ក៏​ការ​ដក​ចេញ​វិញ​នូវ​វិធានការ​ជំនួយ​របស់​រដ្ឋាភិបាល​នៅ​ក្នុង​សម័យ​កូវីដ១៩ ទាំង​នេះ​សុទ្ធសឹង​ជា​មូលហេតុ​ដែល​ធនាគារពិភពលោក​បាន​លើក​ឡើង​ដើម្បី​បញ្ជាក់​ពី​ការ​ធ្លាក់​ចុះ​នៃ​កំណើន​សេដ្ឋកិច្ចសកល​សម្រាប់​ឆ្នាំ ២០២១។

តាម​ការ​ព្យាករណ៍​របស់​ធនាគារពិភពលោក កំណើន​សេដ្ឋកិច្ចសកល​ធ្លាក់​ចុះ​អាច​នឹង​អូសបន្លាយ​រហូត​ដល់​ឆ្នាំ ២០២៣ និង ២០២៤។ ត្រង់​ចំណុច​នេះ ធនាគារពិភពលោក​បាន​ព្រមាន​ពី​ហានិភ័យ​ដែល​ពិភពលោក​ធ្លាក់​ទៅ​ក្នុង​ស្ថានភាព​សេដ្ឋកិច្ច​មួយ​ដែល​គ្មាន​កំណើន​សេដ្ឋកិច្ច និង​មាន​កំណើន​អតិផរណា។ ក្រុម​ប្រទេស​ដែល​មាន​ចំណូល​ទាប និង​មធ្យម​ជា​ក្រុម​ប្រទេស​ដែល​អាច​នឹង​ទទួល​ផល​ប៉ះពាល់​ខ្លាំង​ជាង​គេ នេះ​បើ​តាម​ធនាគារពិភពលោក។ ប្រធាន​ធនាគារពិភពលោក លោក​ដេវីដ ម៉ាល់ផាស់​បាន​យល់​ឃើញ​ថា សម្រាប់​ប្រទេស​មួយ​ចំនួន គឺ​វា​លំបាក​ក្នុង​ការ​គេច​ពី​ស្ថានភាព​សេដ្ឋកិច្ច​ដើរ​ថយក្រោយ។

កុំ​ថា​ឡើយ​ក្រុម​ប្រទេស​កំពុង​អភិវឌ្ឍន៍ ឬ​ក្រុម​ប្រទេស​ដែល​កំពុង​មាន​សេដ្ឋកិច្ច​រីកលូតលាស់​ខ្លាំង សូម្បី​តែ​ក្រុម​ប្រទេស​អភិវឌ្ឍន៍ ឬ​ក្រុម​ប្រទេស​មហាអំណាច​សេដ្ឋកិច្ច ដូច​យ៉ាង​អាមេរិក និង​ចិន​ក៏​ត្រូវ​បាន​ធនាគារពិភពលោក​ព្យាករណ៍​ពី​កំណើន​សេដ្ឋកិច្ច​ធ្លាក់​ចុះ​សម្រាប់​ឆ្នាំ ២០២១ ដែរ។ ជាក់ស្តែង កំណើន​សេដ្ឋកិច្ច​អាមេរិក​ធ្លាក់​ចុះ​ចំនួន ១,២% ចិន​ធ្លាក់​ចុះ ០,៨%។ នៅ​ក្នុង​តំបន់​ចាយប្រាក់​អឺរ៉ូ គឺ​ធ្លាក់​ចុះ​ចំនួន ១,៧%។ ផ្ទុយ​ទៅ​វិញ តំបន់​មជ្ឈិមបូព៌ា និង​អាហ្រ្វិកខាងជើង​ត្រូវ​បាន​ធនាគារពិភពលោក​ព្យាករណ៍​ថា មាន​កំណើន​សេដ្ឋកិច្ច​បន្ថែម​ចំនួន ០,៩%។ កំណើន​នេះ​បាន​មក​ពី​ចំណូល​នៃ​ការ​លក់​ប្រេង​ដែល​លក់​បាន​ថ្លៃ​ជាង​មុន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ