អានតួអត្ថបទ
ធ​នាគារពិភពលោក-វ៉ាក់សាំងកូវីដ​១៩

ធនាគារ​ពិភពលោក ​សហការ​ជាមួយ​​យន្តការ​COVAX ដើម្បី​ជួយ​​ប្រទេស​ក្រីក្រ ឲ្យ​​ទទួល​បាន​​វ៉ាក់សាំង​កូវីដ​១៩

ធនាគារពិភព​លោក ព្រមទាំង​យន្តការ Covax របស់អង្គការសុខភាព​ពិភពលោក បាន​រៀបចំ​ការសហការថ្មីមួយ ដើម្បីជួយ​ជ្រោមជ្រែង​ ផ្នែកហិរញ្ញវត្ថុ ជួយ​ឲ្យ​ប្រទេសក្រីក្រ អាចទទួលបានវ៉ាក់សាំងបង្ការកូវីដ​១៩ បន្ថែមទៀត។ ធនាគារពិភពលោក បញ្ជាក់ថា យន្តការថ្មីនេះ ត្រូវបាន​សម្រេច​ឡើង បន្ទាប់ពី​បាន​សង្កេតឃើញ នូវភាពយឺតយ៉ាវ កាន់តែខ្លាំងឡើង និងគ្រោះថ្នាក់បំផុត ក្នុងយុទ្ធនាការចាក់វ៉ាក់សាំង បង្ការកូវីដ១៩ នៅតាម​ប្រទេសក្រីក្រ ដោយសារតែខ្វះវ៉ាក់សាំង។

​វ៉ាក់សាំងកូវីដ​១៩ បានមកពីយន្តការ Covax ត្រូវបានដឹកទៅតាមយន្តហោះ ដល់​​ប្រទេសម៉ាដាហ្កាស្កា ថ្ងៃទី៨ ឧសភា ២០២១
​វ៉ាក់សាំងកូវីដ​១៩ បានមកពីយន្តការ Covax ត្រូវបានដឹកទៅតាមយន្តហោះ ដល់​​ប្រទេសម៉ាដាហ្កាស្កា ថ្ងៃទី៨ ឧសភា ២០២១ AP - Alexander Joe
ផ្សាយពាណិជ្ជកម្ម

លោក David Malpass ទេសាភិបាលធនាគារពិភពលោក បាន​លើកឡើងថា កម្រិតនៃការទទួលបានវ៉ាក់សាំងបង្ការកូវីដ១៩ គឺជាអ្វី​ដែល​ត្រូវប្រឹងប្រែង ជួយ​ដល់ប្រទេសក្រីក្រ ក្នុងទិសដៅ​ការពារអាយុជីវិតប្រជាជនទាំងអស់ និង​ឈានទោះបោះជើងរំលង​វិបត្តិទាំងឡាយ ដែល​កើតចេញពីជំងឺឆ្លង​កូវីដ​១៩ មិន​ថាវិបត្តិសុខភាព សង្គម និងសេដ្ឋកិច្ច។

គិតត្រឹមថ្ងៃទី​២៦កក្កដា យោងតាម​ការគុណគូររបស់​ទីភ្នាក់ងារព័ត៌មានបារាំង AFP ប្រទេសក្រីក្របំផុតចំនួន​២៩ប្រទេស មាន​កម្រិតចាក់វ៉ាក់សាំង ត្រឹមតែ ១.៥ដូស ប៉ុណ្ណោះសម្រាប់ប្រជាជន​១០០នាក់។ ផ្ទុយទៅវិញ ប្រទេសអ្នកមានបំផុត គឺគេមានកម្រិត​ចាក់វ៉ាក់សាំង បាន ៩៦.៤ដូស សម្រាប់​ប្រជាជន​១០០នាក់ដូចគ្នា។​

ជាមួយ​នឹងយន្តការថ្មី ​ប្រទេសក្រី​ក្រចំនួន៩២ប្រទេស ដែលជាសមាជិក​របស់​​ Covax អាចនឹង​ទិញ​វ៉ាក់សាំង​បន្ថែមបាន​ លើសពីចំនួន​ ដែលត្រូវបាន​ឧបត្ថម្ភទាំងស្រុង ដោយ​ជំនួយហិរញ្ញវត្ថុ របស់ប្រទេស​អ្នកផ្តល់ជំនួយ​។ ប្រទេសក្រីក្រណា ដែល​ចង់ទិញវ៉ាក់សាំងបន្ថែម ត្រូវ​បញ្ជូនសំណុំឯកសារ លំអិតអំពីផែនការចាក់វ៉ាក់សាំងរបស់ខ្លួន ប្រភេទវ៉ាក់សាំងដែលចង់បាន​ ព្រមទាំង​កាលវិភាគ នៃការប្រគល់វ៉ាក់សាំង។ បន្ទាប់មកទៀត ធនាគារពិភពលោក និងចេញមុខធានា ផ្នែកហិរញ្ញវត្ថុ ដែលនឹងអនុញ្ញាតឲ្យ​ Covax ឈានទៅចរចាទិញវ៉ាក់សាំង ក្នុងទំហំច្រើន និង​ក្នុងតម្លៃ​ថោក​សមរម្យ។

គេរំពឹងថា យន្តការថ្មីនេះ នឹងជួយ​ប្រទេសក្រីក្របំផុត​ ទាំង​៩២ប្រទេស ឲ្យ​ទទួលបានវ៉ាក់សាំង ចំនួន​៤៣០លានដូសបន្ថែមទៀត ដើម្បីយកទៅចាក់​ឲ្យ​ប្រជាជន​ប្រមាណ​ ២៥០លាននាក់ ចាប់​ពីដំណាច់ឆ្នាំ​២០២១ ដល់ពាក់កណ្តាល​ឆ្នាំ​២០២២។ ជាង​នេះទៀត គឺប្រទេសក្រីក្រ អាចមានជម្រើស​ រើសយកវ៉ាក់សាំង តាមតែខ្លួនចង់បាន​។ នេះបើ ផ្អែកតាម​លិខិតប្រកាស របស់ធនាគារពិភពលោក នៅថ្ងៃទី​២៦កក្កដា។

ធនាគារពិភព​លោក បាន​រំលឹងផងដែរថា កន្លងមកស្ថាប័នខ្លួន បានចំណាយ​ប្រាក់​ប្រមាណ​២ម៉ឺនលានដុល្លារ រួចហើយ ក្នុងការជួយ​ប្រទេសក្រីក្រ ប្រមាណ​៥៣ប្រទេស ឲ្យទិញវ៉ាក់សាំង និង​ពង្រឹក​សមត្ថភាព​សុខាភិបាល ដើម្បី​ប្រយុទ្ធនឹងកូវីដ។ ប្រទេសដែលសហការ ជាមួយ​ធនាគារ​ពិភពលោក​ទាំងនេះ ក៏អាចឆ្លងកាត់​យន្តការ​​ Covax ដើម្បីទិញវ៉ាក់សាំងបានដែរ។

សូមបញ្ជាក់ថា យន្តការ Covax ដែលត្រូវបានផ្តួចផ្តើមឡើង ដោយ​អង្គការសុខភាព​ពិភពលោក សហការជាមួយ សម្ព័ន្ធវ៉ាក់សាំង (Gavi) និ​ងក្រុមចម្រុះដើម្បី​គំនិតថ្មីទប់ស្កាត់ជំងឺឆ្លង (Cepi) បាន​ប្រគល់វ៉ាក់សាំង បានត្រឹមតែ ១៣៥លានដូស ប៉ុណ្ណោះ ទៅឲ្យ​ប្រទេសចំនួន​១៣៦ប្រទេស។ ដែលកម្រិតនេះ វាទាបជាង​កម្មវត្ថុដែលបានកំណត់ទុក​ ឆ្ងាយណាស់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ