អានតួអត្ថបទ
មូលដ្ឋានទ័ពអាមេរិក-អ៊ីរ៉ាក់

ទាហានអាមេរិករបួសនៅក្នុងការវាយប្រហាររបស់ក្រុមគាំទ្រអ៊ីរ៉ង់ទៅមូលដ្ឋានទ័ពនៅអ៊ីរ៉ាក់

ក្រុមប្រដាប់អាវុធគាំទ្រ​ដោយអ៊ីរ៉ង់​បានអះអាងថាខ្លួនជាអ្នកវាយប្រហារ​លើ​មូលដ្ឋានទ័ពអាមេរិកក្នុងទឹកដីអ៊ីរ៉ាក់។ តាមអគ្គបញ្ជាការដ្ឋានកងទ័ពអាមេរិក​ប្រចាំតំបន់ដើមបូពា មូលដ្ឋានទ័ពអាកាស​របស់​អាមេរិក ឈ្មោះ Al Asad ដែលស្ថិតនៅភាគខាងលិច​អ៊ីរ៉ាក់​ ជា​ផ្ទាំងស៊ីបវាយប្រហារ​គ្រាប់​រ៉ូក្កែត​នៅម៉ោង​ជាង៦យប់ ម៉ោង​នៅអ៊ីរ៉ាក់។ នៅក្នុង​តុល្យការដំបូង មានមន្រ្តីយោធាអ៊ីរ៉ាក់​ម្នាក់រងរបួសធ្ងន់ ចំណែកទាហានអាមេរិកប៉ុន្មាននាក់ត្រូវគេជម្លៀសចេញ​ដោយសារ​ការរបួសត្រង់ក្បាល។ 

មូលដ្ឋានទ័ពអាមេរិករបស់អាមេរិកនៅអ៊ីរ៉ាក់al-Asad រងការវាយប្រហារមីស៊ីលរបស់ចលនាតស៊ូអ៊ីស្លាមដែលគាំទ្រដោយអ៊ីរ៉ង់ កាលពីថ្ងៃទី​២០​មករា​២០២៤
មូលដ្ឋានទ័ពអាមេរិករបស់អាមេរិកនៅអ៊ីរ៉ាក់al-Asad រងការវាយប្រហារមីស៊ីលរបស់ចលនាតស៊ូអ៊ីស្លាមដែលគាំទ្រដោយអ៊ីរ៉ង់ កាលពីថ្ងៃទី​២០​មករា​២០២៤ AP - Khalid Mohammed
ផ្សាយពាណិជ្ជកម្ម

តើទឹកដីអ៊ីរ៉ាក់ និងស៊ីរីកំពុង​បានក្លាយជាសមរភូមិប្រយុទ្ធគ្នា​ដោយ​ប្រយោល​រវាង​អ៊ីរ៉ង់ និងអ៊ីស្រាអែល​ឬយ៉ាងណា? នៅថ្ងៃសៅរ៍ ទី​២០​មករា ប៉ុន្មានម៉ោង​ក្រោយ អ៊ីស្រាអែលបើកការ​វាយប្រហារសម្លាប់មេចារកិច្ច​អ៊ីរ៉ង់​ប្រចាំការ​ក្នុងទឹកដី​ស៊ីរី ក្រុមប្រដាប់អាវុធ​គាំទ្រ​ដោយ​​ឆ្មាំបដិវត្តន៍អ៊ីរ៉ង់​បាញ់គ្រាប់រ៉ូក្កែត និងមីស៊ីល​បាលីស្ទិក​សំដៅ​មូលដ្ឋានទ័ពអាកាសអាមេរិក​Al Asad នៅភាគខាងលិច​អ៊ីរ៉ាក់។

នៅក្នុង​សេចក្តីប្រកាសព័ត៌មាន​​ ចលនា​តស៊ូអ៊ីស្លាម​នៅអ៊ីរ៉ាក់ដែលប្រកាសចងសម្ព័ន្ធភាពជាមួយអ៊ីរ៉ង់ដើម្បីប្រឆាំងអាមេរិក​គាំទ្រ​អ៊ីស្រាអែលនៅក្នុងសង្រ្គាមហ្កាហ្សា អះអាងថា ការវាយប្រហារ​កាលពីថ្ងៃសៅរ៍ជាស្នាដៃរបស់​ក្រុមខ្លួន។

តាម​អគ្គបញ្ជាការដ្ឋានកងទ័ពអាមេរិក​ប្រចាំតំបន់ដើមបូព៌ា Centcom នៅល្ងាចថ្ងៃសៅរ៍ មូលដ្ឋានទ័ពអាកាស Al Asad បានរងការវាយប្រហារ​គ្រាប់មីស៊ីល​ដែលបាញ់ចេញពី​ខេត្ត​Ain Al Asadផ្ទាល់តែម្តង។ ប្រព័ន្ធការពារដែនអាកាស​បាន​បាញ់ស្ទាក់​គ្រាប់មីស៊ីល​ចំនួន​១៣ ប៉ុន្តែនៅមាន២ទៀត​ដែល​ជ្រែក​ទៅធ្លាក់​លើ​មូលដ្ឋានទ័ពអាកាស ដោយ​បានបណ្តាល​ឲ្យ​ទាហាន​អ៊ីរ៉ាក់​ម្នាក់រងរបួស។ អគ្គបញ្ជាការដ្ឋានកងទ័ពអាមេរិក​មិនបាន​បញ្ជាក់​ពីចំនួន​អ្នករបួស​ក្នុង​ចំណោម​​ទាហានអាមេរិក ប៉ុន្តែ មន្រ្តីយោធាអាមេរិកដែលសុំមិនបញ្ចេញឈ្មោះ ​និយាយ​ប្រាប់ទីភ្នាក់ងារព័ត៌មាន​បរទេសថា មានទាហាន​អាមេរិក​​ប៉ុន្មាននាក់​ត្រូវជម្លៀសចេញបន្ទាន់ ដោយសារ​មុខរបួសត្រង់ក្បាល។

ចាប់ធ្វើសកម្មភាព​កាន់តែខ្លាំង​នៅ ចុងឆ្នាំ​២០២៣ ចលនា​តស៊ូអ៊ីស្លាម​នៅអ៊ីរ៉ាក់​ដែលគាំទ្រ​ដោយ​អ៊ីរ៉ង់​បាន​បង្កើនការវាយប្រហារ​ទៅលើ​មូលដ្ឋានទ័ពអាកាសរបស់អាមេរិកនៅអ៊ីរ៉ាក់ ​ Al Asad ដើម្បីសងសឹកអាមេរិកដែល​គាំទ្រ​អ៊ីស្រាអែល​ធ្វើសង្រ្គាម​នៅ ហ្កាហ្សា។ មាន​ទាហាន​អាមេរិកប្រចាំការប្រមាណ ​២៥០០នាក់ និងមានទាហាន​របស់សម្ព័ន្ធមិត្តអាមេរិកនៅក្នុង​បេសកកម្ម​ប្រយុទ្ធប្រឆាំង​នឹង​ក្រុមជីហាត​អង្គការ​រដ្ឋអ៊ីស្លាម​នៅ អ៊ីរ៉ាក់ មូលដ្ឋាន​ទ័ពអាកាស​ Al Asad ធ្លាប់​ជាផ្ទាំងស៊ីបវាយប្រហារ​របស់​ក្រុមជីហាត ឬ​ក្រុមប្រដាប់អាវុធ​ដែលទទួល​ជំនួយយោធា និង​ហិរញ្ញវត្ថុពី​អ៊ីរ៉ង់។ ​ប៉ុន្តែ បើតាមអគ្គបញ្ជាការដ្ឋានកងទ័ពអាមេរិក ប្រចាំតំបន់ដើមបូព៌ា គិត​ចាប់តាំង​ពី​ផ្ទុះសង្រ្គាមហ្កាហ្សា ជាទី​ដែលអ៊ីស្រាអែល​វាយប្រហារ​សងសឹកក្រុមហាម៉ាសប៉ាឡេស្ទីន នៅក្នុងរយៈ៣ខែមកនេះ មូលដ្ឋាន​ទ័ពអាកាស​របស់អាមេរិក​បាន​រងការវាយប្រហារ​ពីគ្រាប់មីស៊ីលបាលីស្ទិក គ្រាប់រ៉ូក្កែត និង​ដ្រូនអត្តឃាតយ៉ាងហោច ១៤០ដង។ ជាញឹកញយ​គឺក្រុមចលនាតស៊ូ​អ៊ីស្លាមអ៊ីរ៉ាក់​ដែលចេញមុខទទួលខុសត្រូវ ហើយដែលត្រូវ​កងទ័ពអាមេរិក​ធ្លាប់វាយបកសងសឹកវិញដែរ ប៉ុន្តែក្រុមនេះនៅតែមានកម្លាំង ដោយសារបានទទួលជំនួយសព្វាវុធ​មីស៊ីល​ពីអ៊ីរ៉ង់ម្ចាស់ឧបត្ថម្ភធំ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ