អានតួអត្ថបទ
អ៊ីរ៉ាក់-អាមេរិក

លោក​ចូបៃដិន​ប្រកាស​បញ្ជាក់ថា កងទ័ព​អាមេរិក​នឹង​បន្ត​វត្តមាន​នៅអ៊ីរ៉ាក់ តែគ្មាន​​បេសកកម្ម​​ប្រយុទ្ធ​ទេ

កាលពីថ្ងៃចន្ទ ទី២៦កក្កដា លោក​ចូ បៃដិន បានទទួល​លោកនាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ មូស្តាហ្វា អាល់កាហ្ស៊ីមី នៅឯសេតវិមាន​ទីក្រុងវ៉ាស៊ីនតោន។ ក្រៅពីបានប្រកាស អំពីការពង្រឹងចំណងសហការនឹងគ្នាដ៏រឹងមាំ លោក​ប្រធានាធិបតីអាមេរិក បាន​បញ្ជាក់ប្រាប់​ទៅ​ភាគីអ៊ីរ៉ាក់ថា កងទ័ព​អាមេរិក ដែល​នៅ​សេសសល់​​នៅអ៊ីរ៉ាក់ នឹង​បន្ត​មាន​​វត្តមាន​​ដដែល ក៏ប៉ុន្តែ​នឹង​គ្មាន​​បេសកកម្ម​​ប្រយុទ្ធ​នោះទេ។

លោក​ Joe Biden ចាប់រលាក់ដៃលោក​ Mustafa al-Kadhimi នៅក្នុងបន្ទប់ប្រធានាធិបតី​ នៃសេតវិមានអាមេរិក ថ្ងៃទី ២៦ កក្កដា ២០២១
លោក​ Joe Biden ចាប់រលាក់ដៃលោក​ Mustafa al-Kadhimi នៅក្នុងបន្ទប់ប្រធានាធិបតី​ នៃសេតវិមានអាមេរិក ថ្ងៃទី ២៦ កក្កដា ២០២១ AP - Susan Walsh
ផ្សាយពាណិជ្ជកម្ម

ដូចអ្វីដែលគេរំពឹងទុក គឺមិនមានការប្រកាសណាមួយ ពីសំណាក់សហរដ្ឋអាេមរិក ទាក់ទិននឹងការដកទ័ព​ចេញពីអ៊ីរ៉ាក់ទាំងស្រុងនោះទេ។ នៅក្នុងជំនួប ជាមួយ​លោកនាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ មូស្តាហ្វា អាល់កាហ្ស៊ីមី កាល​ពីថ្ងៃចន្ទ លោកចូ បៃដិន បាន​ប្រកាសបញ្ជាក់ថា ចាប់ពីពេលនេះ រហូតដល់ ដាច់​ឆ្នាំ​​២០២១ គឺអាមេរិក នឹងបន្តរក្សាកងទ័ព​ឈរជើងនៅអ៊ីរ៉ាក់ដដែល។ ក៏ប៉ុន្តែ វត្តមាន​របស់កងទ័ពអាមេរិក នឹងគ្មាន​បេសកកម្មប្រយុទ្ធទេ តែគឺមានបេសកកម្មបណ្តុះបណ្តាល ហ្វឹកហាត់ ផ្តល់ប្រឹក្សា នឹង​សហការចែករំលែកព័ត៌មានគ្នា ឲ្យដល់កងកម្លាំងអ៊ីរ៉ាក់ ដែលប្រយុទ្ធបោសសំអាត ក្រុមជីហាតអង្គការរដ្ឋអ៊ីស្លាម។

យោងតាមលិខិតប្រកាស របស់សេតវិមាន សហរដ្ឋអាមេរិក បាន​​សន្យា​ជាថ្មី គោរព​អធិបតេយ្យភាព និង​ច្បាប់​​របស់អ៊ីរ៉ាក់ ព្រមទាំង​ប្តេជ្ញា​​ជួយ​ទំនុកបម្រុង ធម្យោបាយ និងធនធាន ដែលអ៊ីរ៉ាក់ត្រូវការ ដើម្បីរក្សាការពារ​បូរណភាពដែនដី របស់អ៊ីរ៉ាក់។

គួរបញ្ជាក់ថា យោងតាមការវិភាគ ដំណើរទៅជួប​លោកចូ បៃដិន របស់​លោក​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ មូស្តាហ្វា អាល់កាហ្ស៊ីមី គឺមានទិសដៅ​នយោបាយ​​ច្រើនជាង ដើម្បី​​ស្ទាបស្ទង់​​ការ​គាំទ្រ​ពីសហរដ្ឋ​អាមេរិក ខណៈ​ដែល​ការ​បោះឆ្នោត​សភាអ៊ីរ៉ាក់​ខិតជិត​មកដល់។ លោក អាល់កាហ្ស៊ីមី មានបំណងឲ្យ​សហរដ្ឋអាមេរិក បញ្ជាក់ថាខ្លួនឈប់ប្រយុទ្ធនៅអ៊ីរ៉ាក់ ដើម្បីទាញឲ្យ​ក្រុមចរន្តនយោបាយ​ស្អប់អាមេរិក គាំទ្រដោយអ៊ីរ៉ង់ មានការ​ស្ងប់ក្នុងចិត្តខ្លះ។

តែយ៉ាងណាក៏ដោយ ក្រុម​​ Hachd al-Chaabi ដែលជា​ក្រុម​ប្រដាប់​អាវុធ ស្និទ​នឹង​អ៊ីរ៉ង់ នៅតែបន្តទាមទារ ឲ្យ​អាមេរិកត្រូវដកទ័ពចេញទាំងស្រុង។ បើពុំនេះទេ គេនឹងបន្តវាយ​ប្រហារ លើ​​ទី​តាំង​និង​ផលប្រយោជន៍​របស់អាមេរិក នៅអ៊ីរ៉ាក់។ យ៉ាងណាមិញ គិតពី​​ដើមឆ្នាំ​​២០២១​មក មានករណីវាយ​ប្រហារ​ចំនួន​ជាង​​៥០លើក ដែល​គេជឿ​ថា​ជាស្នាដៃ​របស់​​ក្រុមនេះ ធ្វើទៅ​លើ​​កងទ័ព​អាមេរិក នៅអ៊ីរ៉ាក់។

លោក Ramzy Mardini អ្នកជំនាញអ៊ីរ៉ាក់ នៅសកលវិទ្យាល័យ​ឈីកាហ្គោ បាន​លើកឡើងថា លោក​ចូ បៃដិន មិន​ចង់ដកទ័ព​ដែលនៅសល់​ ចំនួន២៥០០នាក់ ចេញពីអ៊ីរ៉ាក់ ដោយ​សារលោក​ខ្លាច​​សេណារីយូឆ្នាំ​២០១១ ត្រលប់​មកវិញ។ នៅពេលនោះ រដ្ឋាភិបាល​​លោក​អូបាម៉ា បានសម្រេចដកទ័ព​យ៉ាងតក់ក្រហល់ ដែល​វា​បាន​​បើក​ផ្លូវ​​ឲ្យ​ក្រុម​ជីហាត​អង្គការ​រដ្ឋអ៊ីស្លាម កើន​កម្លាំងពេញ​ទំហឹង។ បច្ចុប្បន្ន​ក្រុម​ជីហាត​អង្គការ​រដ្ឋអ៊ីស្លាម បាត់បង់​ដែន​ដី​គ្រប់គ្រង​មែន តែក្រុម​នេះ​នៅតែធ្វើ​សកម្មភាព​​វាយ​ឆ្មក់​ជានិច្ច ទាំងនៅ​អ៊ីរ៉ាក់ និង​នៅ​ស៊ីរី។ ក្រៅពី​ចង់​រក្សា​វត្តមាន​​មូលដ្ឋាន​ទ័ព​ខ្លួន​នៅអ៊ីរ៉ាក់ អាមេរិក ក៏​មិនចង់​ព្រលែង ឲ្យ​អ៊ីរ៉ាក់​ត្រូវធ្លាក់​​ទៅ​​ក្នុង​ក្រញ៉ាំ​របស់អ៊ីរ៉ង់ ដោយងាយ​នោះដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ