អានតួអត្ថបទ
កម្ពុជា-ច្បាប់

តុលាការអាមេរិកលើកលែងការចោទប្រកាន់លោក គ្រី ម៉ះផលក្នុងបទជួញដូរស្វាក្តាម

នៅថ្ងៃទី២២ មីនា ឆ្នាំ២០២៤ តុលាការអាមេរិកបានសម្រេចលើកលែងការចោទប្រកាន់លើលោកគ្រី ម៉ះផល ប្រធាននាយកដ្ឋានសត្វព្រៃ និងជីវៈចម្រុះនៃក្រសួងកសិកម្មកម្ពុជាក្នុងបទសមគំនិត និងរត់ពន្ធស្វាក្តាមខុសច្បាប់ចូលសហរដ្ឋអាមេរិក។ បើតាមអង្គការ PETA ការលើកលែងការចោទប្រកាន់នេះដោយសារតែតុលាការគ្មានភស្តុតាងគ្រប់គ្រាន់ដើម្បីដាក់បន្ទុក។

តុលាការអាមេរិកលើកលែងការចោទប្រកាន់លោក គ្រី ម៉ះផលក្នុងបទជួញដូរស្វាក្តាម
តុលាការអាមេរិកលើកលែងការចោទប្រកាន់លោក គ្រី ម៉ះផលក្នុងបទជួញដូរស្វាក្តាម AP - Ashwini Bhatia
ផ្សាយពាណិជ្ជកម្ម

ក្រោយជំនុំជម្រះក្តីរយៈពេល២សប្តាហ៍ចាប់ពីថ្ងៃទី១១ដល់ថ្ងៃទី២២ មីនាឆ្នាំ២០២៤ តុលាការសហព័ន្ធអាមេរិកក្នុងរដ្ឋហ្លូរីដាមិនបានរកឃើញភស្តុតាងគ្រប់គ្រាន់សម្រាប់ដាក់បន្ទុកលើលោក គ្រី ម៉ះផល ប្រធាននាយកដ្ឋានសត្វព្រៃ និងជីវៈចម្រុះនៃក្រសួងកសិកម្មកម្ពុជាពាក់ព័ន្ធនឹងបទសមគំនិត និងរត់ពន្ធស្វាក្តាមខុសច្បាប់ចូលសហរដ្ឋអាមេរិកទេ។ តែអង្គការអន្តរជាតិ PETA ដែលកំពុងតានដានរឿងក្តីនេះបានលើកឡើងកាលពីថ្ងៃទី២២ មីនា ឆ្នាំ២០២៤ ថា ដ្បិតគ្មានភស្តុតាងដាក់បន្ទុកលើលោក គ្រី ម៉ះផលមែន តុលាការអាមេរិកមានភស្តុតាងច្រើនដែលបានលាតត្រដាងពីអំពើពុករលួយជាប្រព័ន្ធរបស់មន្ត្រីខ្មែរដែលឃុបឃិតជាមួយមន្ទីរពិសោធន៍ក្នុងការរត់ពន្ធស្វាក្ដាមខុសច្បាប់ចេញពីកម្ពុជា។

បើតាម PETA មានស្វាក្ដាមផ្លូវការយ៉ាងហោចណាស់ចំនួន ២០០០ក្បាល និងក្រៅផ្លូវការចំនួន ៣០០០ក្បាលត្រូវបាននាំចូលសហរដ្ឋអាមេរិកតាមរយៈការក្លែងបន្លំឯកសារដោយដាក់ជាស្វាបង្កាត់ពូជ និងចិញ្ចឹមក្នុងកសិដ្ឋាន Vanny Bio Research។ គួរបញ្ជាក់ថា លោក គ្រី ម៉ះផល ជាជនជាប់ចោទដំបូងគេដែលត្រូវបានតុលាការសហព័ន្ធអាមេរិកធ្វើការជំនុំជម្រះពីបទសមគំនិត និងរត់ពន្ធស្វាក្តាមខុសច្បាប់ចូលសហរដ្ឋអាមេរិក។ ក្រៅពីលោក គ្រី ម៉ះផល នៅមានជនជាប់ចោទចំនួន ៧នាក់ផ្សេងទៀត ក្នុងនោះមានលោក កែវ អូម៉ាលីស អគ្គនាយករដ្ឋបាលព្រៃឈើនៃក្រសួងកសិកម្មកម្ពុជា និង៦នាក់ជាជនជាតិចិន និងជាបុគ្គលិកជាន់ខ្ពស់នៃក្រុមហ៊ុន Vanny Bio Research។ ជនជាប់ចោទទាំង ៧នាក់នេះនៅមិនទាន់ត្រូវបានតុលាការសហព័ន្ធអាមេរិកធ្វើការជំនុំជម្រះនៅឡើយទេ។

គួរបញ្ជាក់ លោក គ្រី ម៉ះផល ត្រូវបានចាប់ខ្លួននៅព្រលានយន្តហោះក្រុងញូយ៉កកាលពីថ្ងៃទី១៦ ខែវិច្ឆិកាឆ្នាំ២០២២ និងត្រូវបានដោះលែងឱ្យនៅក្រៅឃុំក្នុងខែធ្នូ ឆ្នាំ២០២២ដដែល។ រដ្ឋមន្ត្រីក្រសួងកសិកម្មលោក ឌិត ទីណា ធ្លាប់បានអះអាងកាលពីខែវិច្ឆិកា ឆ្នាំ២០២២ថា កម្ពុជាបានគោរពគោលការណ៍នៃអនុសញ្ញាសាយតេស (CITES) ដើម្បីនាំចេញសត្វស្វាសម្រាប់គោលដៅស្រាវជ្រាវផ្នែកវេជ្ជសាស្រ្ត និងថា សត្វស្វាដែលកម្ពុជានាំចេញជាសត្វស្វាយកចេញពីកសិដ្ឋានស្របច្បាប់។

បើតាមរបាយការណ៍របស់ក្រសួងកសិកម្មកម្ពុជា គិតត្រឹមចុងឆ្នាំ២០២២ កម្ពុជាមានក្រុមហ៊ុនចំនួន៥ដែលមានកសិដ្ឋានស្រាវជ្រាវ ចិញ្ចឹម និងបង្កាត់ពូជសត្វស្វាក្តាម សម្រាប់នាំកូនចេញចំនួន៦ទីតាំងដែលស្ថិតនៅរាជធានីភ្នំពេញ ខេត្តកំពង់ធំ សៀមរាប កំពង់ចាម កំពង់ស្ពឺ ពោធិ៍សាត់ និងខេត្តកំពង់ឆ្នាំង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ