អានតួអត្ថបទ

គណបក្សភ្លើងទៀនប្រាប់អង្គបោះឆ្នោតកុំឲ្យក្បត់បក្សខ្លួនឯង

គណ​បក្ស​ភ្លើង​ទៀន​ប្រាប់​អង្គ​បោះ​ឆ្នោត​របស់​ខ្លួន​ឲ្យ​សហការ​ជាមួយ​ប្រធាន​ក្រុម​ការ​ងារ​គណ​បក្ស​នេះ​នៅតាម​ខេត្ត​នីមួយៗ​ ក្នុង​ការ​ធ្វើសកម្មភាព​ឈាន​ឆ្ពោះទៅកាន់​ការ​បោះ​ឆ្នោត​ព្រឹទ្ធសភា​ថ្ងៃ​ទី​២៥​កុម្ភៈ២០២៤​។​ ការ​ណែនាំ​នេះ​ធ្វើ​ឡើង​ស្រប​ពេល​អង្គ​បោះ​ឆ្នោត​ជាង​២០០០​នាក់​របស់​គណ​បក្ស​ជំទាស់​មួយ​នេះ​កំពុង​មាន​ភាព​ប្រទាញ​ប្រទង់​គ្នា ​ខណៈ​គណ​បក្ស​ប្រឆាំង​ថ្មី​មួយ​ទៀត​ គឺ​គណ​បក្ស​កម្លាំង​ជាតិ​ ក៏ត្រៀម​ខ្លួន​ចូល​រួម​ប្រកួត​ការ​បោះឆ្នោត​អសកល​នេះដែរ​។

លោក ទាវ វណ្ណុល ប្រធានគណបក្សភ្លើងទៀន
លោក ទាវ វណ្ណុល ប្រធានគណបក្សភ្លើងទៀន © គណបក្ស ភ្លើងទៀន
ផ្សាយពាណិជ្ជកម្ម

នៅ​ក្នុងសេចក្តីណែនាំនៅថ្ងៃទី២២ធ្នូ លោក ទាវ វណ្ណុល ប្រធានគណបក្សភ្លើងទៀនចាំផ្ទះ បានគូសបញ្ជាក់ថា គណៈកម្មការខេត្ត រាជធានី ក្រុង ស្រុក ខណ្ឌ ពិសេសសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ទាំង២១៩៨ មកពីគណបក្សនេះត្រូវសហការឲ្យបានល្អជាមួយតំណាងគណបក្សក្នុងសម្ព័ន្ធភាព។ គឺជាសម្ព័ន្ធភាពដែលបានចុះកិច្ចព្រមព្រៀងរួមគ្នារវាងគណបក្សភ្លើងទៀនជាមួយគណបក្សឆន្ទះខ្មែរ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន និងគណបក្សកែទម្រង់កម្ពុជា។ តែ នៅ ក្នុង សម្ព័ន្ធភាព នេះ មានតែគណបក្សឆន្ទះខ្មែរមួយប៉ុណ្ណោះដែលឈរបោះឆ្នោតព្រឹទ្ធសភាតំណាងឲ្យគណបក្សភ្លើងទៀន។ រីឯអង្គបោះឆ្នោតមកពីគណបក្សប្រជាធិបតេយ្យមូលដ្ឋាន និងគណបក្សកែទម្រង់កម្ពុជាត្រូវបានណែនាំឲ្យបោះឆ្នោតឲ្យគណបក្សឆន្ទះខ្មែរ។

អ្វីជា ការកត់សម្គាល់ អង្គបោះឆ្នោតរបស់គណបក្សប្រឆាំងត្រូវបានគេមើលឃើញថា កំពុងប្រទាញប្រទង់គ្នាក្នុងការសម្រេចចិត្តបោះឆ្នោត ឲ្យបក្សណាមួយ ខណៈគណបក្សកម្លាំងជាតិ ដែលបែកចេញពីគណបក្សភ្លើងទៀន បានចុះឈ្មោះចូលរួមប្រកួតការបោះឆ្នោតអសកលនេះដែរ។

ភាពប្រទាញប្រទង់គ្នាមួយទៀត បានស្តែងឡើងតាមរយៈការតវ៉ារបស់សមាជិកក្រុមប្រឹក្សាគណបក្សភ្លើងទៀនមួយចំនួន ដែលទាមទារឲ្យលោក ទាវ វណ្ណុល ចុះចេញពីប្រធានគណបក្សនេះ និងលោក លី សុធារ៉ាយុត្តិ ចុះចេញពីអគ្គលេខាធិការគណបក្សភ្លើងទៀន។

ប៉ុន្តែអតីតអ្នកនាំពាក្យគណបក្សភ្លើងទៀនលោក គីមសួរ ភីរិទ្ធ ដែលពេលនេះទៅឈរឈ្មោះសមាជិកព្រឹទ្ធសភាឲ្យគណបក្សឆន្ទះខ្មែរ បានឆ្លើយតបនឹងការតវ៉ានោះថា គឺគ្មានផលចំណេញដល់គណបក្សណាមួយឡើយ ខណៈអ្នកតវ៉ាគឺជាអ្នកទៅចូលរួមជាមួយគណបក្សផ្សេងរួចទៅហើយ។

សូមបញ្ជាក់ថា ដោយសារតែបាត់សំបុត្រកំណើត គណបក្សភ្លើងទៀនមិនអាចចូលរួមបោះឆ្នោតបានឡើយ តាំងពីការបោះឆ្នោតថ្នាក់ជាតិកាលពីខែកក្កដាឆ្នាំ ២០២៣ និងការបោះឆ្នោតព្រឹទ្ធសភានៅថ្ងៃទី២៥កុម្ភៈឆ្នាំ២០២៤។ ជាជម្រើសចុងក្រោយ គណបក្សជំទាស់នេះ បានជ្រើសយកគណបក្សឆន្ទះខ្មែររបស់កូនប្រុស លោក គង់ គាំ ឲ្យឈរឈ្មោះតំណាងខ្លួនក្នុងការបោះឆ្នោតព្រឹទ្ធសភា។ ប៉ុន្តែសមាជិកខ្លះដែលមិនពេញចិត្តនឹងការសម្រេចនេះបាននាំគ្នាទៅបង្កើតគណបក្សកម្លាំងជាតិ និង បាន សម្រេចចូលរួមការបោះឆ្នោតព្រឹទ្ធសភាដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ